Friday, December 16, 2016

លោក សម រង្ស៊ី ស្នើ​តុលាការ​អាមេរិក​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាំង​បង្ហាញ​វីដេអូ​ឃាតកម្ម​លោក កែម ឡី



ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។ RFA/Brach Chev


ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន បាន​ស្នើ​ឲ្យ​តុលាការ​អាមេរិក អន្តរាគមន៍​ទៅ​ទី​ចាត់ការ​ធំ​នៃ​ក្រុមហ៊ុន​សាំង​កាល់តិច (Caltex) នៅ​សហរដ្ឋអាមេរិក​ឈ្មោះ ឆេវរ៉ុន (Chevron) ឲ្យ​ក្រុមហ៊ុន​នេះ​បង្ហាញ​ភស្តុតាង​រូបភាព​ដែល​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព ក្នុង​ព្រឹត្តិការណ៍​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី។ បើ​ទោះ​ជា​បែប​ណា ភាគី​ក្រុមហ៊ុន​សាំង​កាល់តិច ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​ខ្មែរ​នេះ ធ្លាប់​បាន​បដិសេធ​ម្ដង​រួច​មក​ហើយ ក្នុង​ការ​ផ្ដល់​ព័ត៌មាន​លម្អិត​ជុំវិញ​កាមេរ៉ា​សុវត្ថិភាព​នេះ។

មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ទទួល​សំណុំរឿង​នេះ​បន្ត​ពី​នគរបាល​យុត្តិធម៌​ទៅ​ចាត់​ការ​នោះ នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​ពេល​វេលា​ជាក់លាក់​ដែល​អាច​ឈាន​ទៅ​ដល់​បើក​ការ​ជំនុំជម្រះ​បាន​នៅ​ឡើយ​ទេ ដោយ​អះអាង​ថា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើប​អង្កេត​បន្ត។

ស្រប​ពេល​នេះ ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​វិញ បាន​លើក​យក​ករណី​នេះ​មក​សើរើ​ដែរ។ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន បាន​ផ្ញើ​លិខិត​ទៅ​តុលាការ​សហរដ្ឋអាមេរិក ដើម្បី​​ជំរុញ​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន បង្ហាញ​ពី​​វីដេអូ​ឃ្លិប​ដែល​លោក សម រង្ស៊ី ជឿ​ជាក់​ថា ក្រុមហ៊ុន​នេះ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ព្រឹត្តិការណ៍​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី។

លោក សម រង្ស៊ី បង្ហោះ​សារ និង​ឯកសារ​ថត​ចម្លង​នៃ​បណ្ដឹង​​ទៅ​តុលាការ​សហរដ្ឋ​អាមេរិក​នោះ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ផ្ទាល់ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ នៅ​ក្រោយ​ពេល​លោក​បាន​ដាក់​បណ្ដឹង​​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ដដែល។

ជុំវិញ​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ក្រុមហ៊ុន​កាល់តិច ដែល​ជា​ប្រតិបត្តិករ​ដ៏​ធំ​របស់​ក្រុមហ៊ុន​ឆេវរ៉ុន នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​ចម្លើយ​មក​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ម្ដង​រួច​មក​ហើយ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នេះ ដោយ​ចាត់​ទុក​ថា រាល់​សំណួរ​ដែល​បាន​លើក​ឡើង​​ជុំវិញ​បទឧក្រិដ្ឋ​នេះ សុទ្ធ​តែ​ជា​រឿង​ចចាមអារ៉ាម និង​ជា​សំណួរ​មិន​ប្រាកដប្រជា។ បន្ថែម​ពី​លើ​នេះ តំណាង​ក្រុមហ៊ុន​កាល់តិច បាន​បង្វែរ​សំណុំ​រឿង​នេះ​ឲ្យ​ទៅ​សួរ​សមត្ថកិច្ច​វិញ​ចុះ។

ទិដ្ឋភាព​ភាព​នៅ​ខាង​មុខ ស្ដារ ម៉ាត (Star Mart) ស្ដុប​បូកគោ ក្រោយ​ពេល​លោក កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។ RFA/Uon Chhin


បើ​ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​សង្គម និង​នយោបាយ លោក គឹម សុខ យល់​ឃើញ​ថា រឿង​កិច្ច​អន្តរាគមន៍​របស់​បក្ស​ប្រឆាំង​ក្នុង​រឿង​ក្តី​នេះ ចៀស​មិន​ផុត​ពី​ការ​ជជែក​ដេញដោល​រវាង​តុលាការ​អាមេរិក និង​ក្រុមហ៊ុន ឆេវរ៉ុន ទេ។ ម្យ៉ាង​វិញ​ទៀត មាន​ហេតុផល​ខ្លះ​ដែល​នាំ​ឲ្យ​តុលាការ​ស្រុក​ខ្មែរ​យឺតយ៉ាវ​ក្នុង​ការ​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​បន្ត​ទៀត​នោះ ប្រាកដ​ណាស់​រឿង​ក្ដី​គឺ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បុគ្គល​មាន​អំណាច​ណា​ម្នាក់​នៅ​កម្ពុជា៖ «»។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​របស់​លោក​ទៅ​តុលាការ​អាមេរិក​ថា អំពើ​ឃាតកម្ម​លើ​អ្នក​វិភាគ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ ពេល​លោក​វិភាគ​លើ​របាយការណ៍​ដ៏​ស៊ី​ជម្រៅ​ទៅ​លើ​ការ​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ស្ដីពី​ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន"។

ព្រឹត្តិការណ៍​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី លើក​នេះ មិន​ខុស​ពី​អំពើ​ឃាតកម្ម​មុនៗ​ឡើយ ពី​ខាង​រដ្ឋាភិបាល​តែង​បង្ហាញ​ជំហរ​ស្ងប់ស្ងាត់។ ស្ថិត​ក្រោម​ទិដ្ឋភាព​នេះ​ហើយ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រិះគន់​ថា រដ្ឋាភិបាល​មិន​ដែល​ឈឺ​ឆ្អាល ហើយ​រឹតតែ​ពុំ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ថែម​ទៀត​ផង រាល់​ឃាតកម្ម​លើ​អ្នក​តស៊ូ​មតិ​ដើម្បី​​ឲ្យ​មាន​យុត្តិធម៌​សង្គម។

បច្ចុប្បន្ន​សំណុំ​រឿង​នៃ​បទឧក្រិដ្ឋ​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង លាង។

លោក លី សុផាណា អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ ធ្លាប់​បញ្ជាក់​ជំហរ​ថា រឿង​ក្ដី​នេះ ចៅក្រម​កំពុង​តែ​បន្ត​នីតិវិធី ហើយ​ក៏​មិន​ទាន់​បាន​កំណត់​ពេល​ជំនុំជម្រះ​ដែរ។ ក្រោយ​អំពើ​ឃាតកម្ម​បាន​កើត​ឡើង មាន​រយៈ​ពេល​ជាង ៥​ខែ​មក​ហើយ​នេះ គឺ​មាន​ជន​ជាប់​ចោទ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​ចាប់​ឃុំ​ខ្លួន៕

No comments:

Post a Comment