Saturday, December 17, 2016

កម្មករ​ប្រមាណ​៥០​នាក់​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ទាមទារ​ដោះលែង​តៃកុង​ឡាន​២​នាក់


កម្មករ​រោងចក្រ​ឈរ​តវ៉ា​នៅ​ខាង​មុខ​តុលាការ​ខេត្ត​កំពង់ឆ្នាំង ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តៃកុង​ឡាន ២​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha



កម្មករ កម្មការិនី​រោងចក្រ​នៅ​ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៥០​នាក់ បាន​អម​ដំណើរ​តៃកុង​ឡាន​របស់​ខ្លួន​ពីរ​នាក់ ដើម្បី​ចូល​បំភ្លឺ​ករណី​ប្រើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត។ កម្មករ​ដែល​មក​ពី​រោងចក្រ​ខេន ស្ពត (Can Sport) និង​រោងចក្រ​ជិន យី (Chin Yi) បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ដឹង​ថា តៃកុង​ឡាន​ត្រូវ​ឃាត់​ខ្លួន។

តំណាង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កម្មករ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ថា ពួកគេ​អាច​នឹង​ត្រឡប់​មក​តុលាការ ឬ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​ម្ដង​ទៀត ដើម្បី​ចង់​ដឹង​ពី​ចំណាត់​ការ​របស់​សមត្ថកិច្ច​មក​លើ​តៃកុង​ឡាន​របស់​ខ្លួន។ កម្មករ​ថា តៃកុង​ឡាន​ជា​ជន​រងគ្រោះ​ត្រូវ​គ្រួសារ​ជនជាតិ​ចាម​បង្ក​រឿង​មុន ហើយ​វាយ​ដំ បែរ​ជា​សមត្ថកិច្ច​ឃាត់​ខ្លួន​ទៅ​វិញ។

កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មករ​រោងចក្រ​ជា​ច្រើន​ទៀត​ដែល​ឈរ​នៅ​ក្បែរ​របង​តុលាការ កញ្ញា មាស ភានី មាន​ប្រសាសន៍​ថា រូប​នាង និង​មិត្ត​រួម​ការងារ​ដទៃ​ទៀត​មិន​ត្រូវ​ជា​សាច់​ឈាម​អ្វី​នឹង​តៃកុង​ឡាន​នោះ​ទេ ប៉ុន្តែ​ពួកគេ​អាណិត​តៃកុង​ឡាន​ដែល​ត្រូវ​គ្រួសារ​ជនជាតិ​ចាម ប្ដឹង​ចោទ​ប្រកាន់ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ព្យាយាម​ចាប់​ខ្លួន​គាត់​កំពុង​បើក​ឡាន​ដឹក​កម្មករ​រយៈ​ពេល​ច្រើន​ថ្ងៃ​ហើយ៖ «គាត់​ជា​ជន​ស្លូត​ត្រង់ ត្រូវ​ជនជាតិ​ចាម មួលបង្កាច់​ធ្វើ​បាប​គាត់! អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចូល​បំភ្លឺ​ក្នុង​រឿង​ក្ដី​នេះ។ ទាំង​បី​នាក់​បង​ប្អូន ត្រូវ​គេ​វាយ​ឡើង​កប់​ទឹក ចង់​សម្លាប់​គាត់​ចោល ឈ្លោះ​គ្នា​ពីរ​បី​ម៉ាត់​ក៏​ខាង​កូន​ចាម ទាញ​កាំបិត ទាញ​ដំបង ដេញ​កាប់ ដេញ​វាយ​ពួកគាត់ ហើយ​ពួកគាត់​រត់​ប្រតាយប្រតប់​គ្នា​ធ្លាក់​ចូល​ទឹក។ ខ្ញុំ​ឃើញ​កូន​ចាម​កាប់​ពូរិទ្ធ មួយ​កាំបិត​ពី​ក្រោយ បន្ទាប់​មក​ខាង​កម្មករ​ចាម​ហ្នឹង វាយ​បង​ប្រុស​គាត់​មួយ​ដំបង​ពី​លើ​ទៀត គាត់​យក​ដៃ​រង​ត្រូវ​ដៃ។ បន្ទាប់​មក​ឃើញ​កូន​ចាម ពីរ​នាក់​ទៀត ទាញ​កាំបិត ទៅ​កាប់​គ្រូ​លន់ ក្នុង​ទឹក ប្រតាយប្រតប់​គ្នា​ក្នុង​ទឹក ពេល​គ្រូ​លន់​ហើប​មក គឺ​រយះ​ក្បាល ហើយ​ពូ​រិទ្ធ ខាង​ខ្នង​គាត់​មាន​ស្នាម​កាំបិត​កាប់»។

តៃកុង​ឡាន​ដែល​ត្រូវ​ឃុំ​ខ្លួន​ពី​បទ​ប្រើ​ហិង្សា​លើ​គ្រួសារ​ជនជាតិ​ចាម គឺ​ទី​មួយ​ឈ្មោះ ផុន សារិទ្ធ និង​ទី​ពីរ​ឈ្មោះ ផុន សារឿន ដែល​អ្នក​ទាំង​ពីរ​បង​ប្អូន​រស់​នៅ​ភូមិ​ដកស្និត ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច។ ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី​តំណាង​អយ្យការ​ប្រគល់​អ្នក​ទាំង​ពីរ​ទៅ​មន្ត្រី​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​សាកសួរ​ចម្លើយ ដើម្បី​កសាង​សំណុំ​រឿង។

អ្នក​នាំ​ពាក្យ​អយ្យការ និង​ជា​ព្រះរាជអាជ្ញា​រង​ខេត្ត​កំពង់ឆ្នាំង លោក ឡុង ស៊ីថា បញ្ជាក់​ថា តុលាការ​រង់ចាំ​ទទួល​របាយការណ៍​ពី​ស្នងការដ្ឋាន និង​បញ្ជា​ការដ្ឋាន​អាវុធហត្ថ​លើ​ករណី​នេះ ដើម្បី​ចាត់ការ​បន្ត។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​លោក លី អូស្មាន់ ដែល​ជា​តំណាង​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ។ ប៉ុន្តែ​សមត្ថកិច្ច​ខ្លះ​បង្ហើប​ថា ក្នុង​ហេតុការណ៍​វាយ​តប់​គ្នា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នោះ មាន​សមាជិក​គ្រួសារ​ជនជាតិ​ចាម បី​នាក់​រង​របួស​ធ្ងន់ ដោយ​ពីរ​នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក និង​ម្នាក់​ទៀត​ទៅ​ព្យាបាល​នៅ​វៀតណាម មិន​ទាន់​ចេញ​នៅ​ឡើយ។

សមត្ថកិច្ច​ស្រុក​កំពង់ត្រឡាច និង​គ្រួសារ​ខ្មែរ​ដែល​ពេល​នេះ ក្លាយ​ជា​ជនសង្ស័យ​ឲ្យ​ដឹង​ថា រឿងរ៉ាវ​ដែល​កើត​ឡើង​គឺ​ដោយសារ​គំនុំ​រឿង​រក​ស៊ី​រត់​ឡាន​ដឹក​កម្មករ​រោងចក្រ និង​បង្កើត​កំពង់​ចម្លង​ក្បែរ​គ្នា​ជា​ច្រើន​ឆ្នាំ​ហើយ។ សមាជិក​គ្រួសារ​ខ្មែរ​ថា កន្លង​ទៅ​សមាជិក​គ្រួសារ​ជនជាតិ​ចាម ធ្លាប់​ប្រើ​កាំភ្លើង​ខ្លី​បាញ់​លើ​គ្រួសារ​ខ្មែរ ប៉ុន្តែ​បាញ់​មិន​ត្រូវ ហើយ​ករណី​នេះ​បាន​ប្ដឹង​ទៅ​តុលាការ ប៉ុន្តែ​មិន​ឃើញ​ចាត់ការ៕

No comments:

Post a Comment