សហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្ករ បានបង្ហាញក្តីបារម្ភជាថ្មីថា ប្រសិនបើរដ្ឋាភិបាលគ្មានយន្តការទប់ស្កាត់វិបត្តិធ្លាក់ចុះបរិមាណនាំចេញអង្ករនោះទេ កម្ពុជា មិនត្រឹមតែខ្វះស្បៀងផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ វិស័យស្រូវអង្ករកម្ពុជា ក៏មិនអាចគេចចេញពីការដួលរលំដែរ។ ទន្ទឹមគ្នានេះ សហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្ករ បានពន្លឿនរដ្ឋាភិបាលដោះស្រាយថ្លៃដឹកជញ្ជូនស្រូវអង្ករឲ្យបានឆាប់។
សហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្ករ យល់ថា ឧបសគ្គនៃការចំណាយថ្លៃដឹកជញ្ជូនខ្ពស់ ខណៈហេដ្ឋារចនាសម្ព័ន្ធនៅតែខ្វះ គឺជាមូលហេតុចម្បងដែលជំរុញឲ្យមានវិបត្តិធ្លាក់ចុះតម្លៃស្រូវ ព្រមទាំងជះឥទ្ធិពលដល់ទីផ្សារអង្កររបស់កម្ពុជា មិនអាចប្រកួតប្រជែងតម្លៃជាមួយប្រទេសថៃ និងវៀតណាម។
ការលើកឡើងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុននាំចេញអង្ករនៅពេលនេះ ធ្វើឡើងក្រោយសិក្ខាសាលាថ្នាក់ជាតិស្ដីពី «ការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា»។
ករណីនេះ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធី ឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យការនាំចេញអង្កររបស់កម្ពុជា នៅតែធ្លាក់ចុះ មកពីការចំណាយទៅលើថ្លៃដើមដឹកជញ្ជូនខ្ពស់ចាប់ពី ២៥ដុល្លារទៅ ៣០ដុល្លារក្នុងមួយតោន បើធៀបនឹងប្រទេសថៃ និងវៀតណាម ដែលចំណាយត្រឹមតែជាង ១០ដុល្លារប៉ុណ្ណោះ។ លោកថា បញ្ហានេះកំពុងបន្តគំរាមកំហែងដល់ដំណើរការខ្សែសង្វាក់ផលិតកម្មស្រូវមានភាពយឺតយ៉ាវ និងធ្លាក់ចុះ។
លោកបន្តថា ប្រសិនជាគ្មានការគិតគូរបានទាន់ពេលនោះទេ ការធ្លាក់ចុះបរិមាណនាំចេញអង្ករនេះ វាមិនត្រឹមតែបន្តគំរាមកំហែងដល់ការរីកលូតលាស់វិស័យកសិកម្មប៉ុណ្ណោះទេ វាក៏គំរាមកំហែងដល់ទីផ្សារស្រូវកសិករ និងសេដ្ឋកិច្ចជាតិខ្លាំងផងដែរ។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា រូបនេះ សុំឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនដោះស្រាយថ្លៃដឹកជញ្ជូន ព្រមទាំងរៀបផែនការស្ដារផ្លូវរថភ្លើង និងស្ដារផ្លូវទឹកឡើងវិញ ដើម្បីកាត់បន្ថយចំណាយបានច្រើនក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ៖ «នៅពេលដែលថ្លៃដើមដឹកជញ្ជូនខ្ពស់ និងផលិតខ្ពស់ ធ្វើឲ្យលក់តម្លៃប្រហាក់ប្រហែលគេ គឺប្រាក់ចំណេញរបស់យើងបានទាបជាងគេ អត់សូវចំណេញច្រើនដល់អ្នករកស៊ី និងកសិកររបស់យើង តែបើមានដំណោះស្រាយប្រសិទ្ធភាពណាមួយជួយឲ្យកសិករ និងអ្នករកស៊ីមានកម្លាំងចិត្ត ពិសេសជំរុញកំណើនសេដ្ឋកិច្ចមួយកម្រិត»។
ទន្ទឹមគ្នានេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានស្នើឲ្យក្រសួងពាណិជ្ជកម្ម ពន្លឿនការចរចាជាមួយភាគីថៃ ដើម្បីឲ្យផលិតផលអង្ករកម្ពុជា អាចឆ្លងកាត់កំពង់ផែរបស់ថៃ បាន ដែលសហព័ន្ធ និងក្រុមរោងម៉ាស៊ីនកិនស្រូវជឿថា ថ្លៃនៃការដឹកជញ្ជូនទំនិញអង្ករនឹងធ្លាក់ចុះយ៉ាងហោច ២០ដុល្លារក្នុងមួយតោន។
ឆ្លើយតបនឹងការស្នើសុំនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រសួងបានរៀបចំផែនការអភិវឌ្ឍន៍ផ្លូវតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវដែកសម្រាប់បម្រើឲ្យការដឹកជញ្ជូនឲ្យកាន់តែមានប្រសិទ្ធភាព។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនឯកជនមួយចំនួនលើកសំណើវិនិយោគមកកាន់ក្រសួង ក្នុងនោះមានគម្រោងវិនិយោគផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿនមួយចំនួនទៀត។
បន្ថែមពីនេះ ក្រសួងសាធារណការ នឹងស្ដារផ្លូវដែកឡើងវិញនៅខេត្តភាគពាយ័ព្យ តភ្ជាប់នឹងប្រទេសថៃ នឹងរួចរាល់សម្រាប់ភ្ជាប់ប្រទេសទាំងពីរនៅចុងឆ្នាំនេះ ដោយភ្ជាប់ពីប៉ោយប៉ែត មកដល់ខេត្តបាត់ដំបង ខណៈក្រសួងនឹងពង្រីកផែនការសេវាកម្មនៃកំពង់ផែស្វយ័តភ្នំពេញ ដើម្បីបំពេញសេចក្តីត្រូវការនៃការរីកចម្រើនផ្នែកដឹកជញ្ជូន។
ទាក់ទិននឹងការស្នើសុំរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យក្រសួងពាណិជ្ជកម្ម ពន្លឿនការចរចាជាមួយភាគីថៃ នេះដែរ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី ឲ្យដឹងថា នេះគឺជាទិសដៅរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញអង្ករ និងផលិតផលកសិកម្មជាច្រើនទៀត។ កញ្ញាថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំកិច្ចប្រជុំពីបញ្ហានេះឆាប់ៗ៖ «សំណើដែលគាត់ដាក់មក គឺវាស្របជាមួយទិសដៅក្រសួងពាណិជ្ជកម្ម។ ហេតុនេះ គាត់នឹងអាចមានសង្ឃឹម ព្រោះក្រសួងពាណិជ្ជកម្ម កំពុងខិតខំដោះស្រាយនេះ ព្រមទាំងនឹងលើកយកសំណើនេះទៅជជែកជាមួយប្រទេសថៃ»។
យ៉ាងណា សហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្ករ ក្រៅពីពន្លឿនរដ្ឋាភិបាលឲ្យដោះស្រាយថ្លៃដឹកជញ្ជូនអង្ករ សហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្ករ ក៏ជំរុញឲ្យរដ្ឋាភិបាលត្រូវតែត្រៀមកញ្ចប់ទុនជាបន្ទាន់ ដើម្បីសង្គ្រោះវិបត្តិធ្លាក់ថ្លៃស្រូវរបស់ប្រជាកសិករ និងទប់ស្កាត់ការធ្លាក់ចុះបរិមាណនាំចេញអង្កររបស់កម្ពុជា។ ជាងនេះទៀត ក៏ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា មិនគួរណាបណ្ដែតបណ្ដោយឲ្យអង្កររបស់ប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម នាំចូលមកកម្ពុជា យ៉ាងគគ្រឹកគគ្រេងនោះឡើយ៕
No comments:
Post a Comment