បក្សកាន់អំណាចបដិសេធការចោទប្រកាន់ថាមានអំពើពុករលួយក្នុងការប្រើប្រាស់ថវិកាជាតិ
ក្រៅតែពីបង្កើនថវិកាទៅក្នុងវិស័យយោធា និងវិស័យមួយចំនួនទៀតសម្រាប់ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើនចំនួនថវិកាបម្រុងទុកចំនួនជាង ៨៥០លានដុល្លារសម្រាប់ត្រៀមចំណាយនៅពេលចាំបាច់ ប៉ុន្តែមិនមានមុខសញ្ញាច្បាស់លាស់។
សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងបារម្ភថា កញ្ចប់ថវិកាត្រៀមសម្រាប់គ្រាអាសន្ននេះ អាចធ្លាក់ទៅក្នុងអំពើពុករលួយ ឬត្រូវគណបក្សកាន់អំណាចដកយកទៅប្រើប្រាស់សម្រាប់យុទ្ធនាការបោះឆ្នោតសម្រាប់បក្សខ្លួន។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាច ច្រានចោលការចោទប្រកាន់នេះ។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល ដែលថាគណបក្សកាន់អំណាចប្រើប្រាស់ធនធាន ឬថវិកាបម្រុងរបស់រដ្ឋសម្រាប់ការឃោសនានយោបាយនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា នោះជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។
លោក សុខ ឥសាន ដែលជាតំណាងរាស្ត្រផងនោះបន្តថា កញ្ចប់ថវិកាត្រៀមបម្រុងសម្រាប់ពេលមានគ្រោះអាសន្ន គឺតម្កល់ទុកក្នុងធនាគារជាតិ ឬរតនាគារដែលគ្មាននរណាអាចយកចេញបានតាមចិត្តនោះទេ។ លើសពីនេះ លោកថា រដ្ឋាភិបាលក៏មានអាជ្ញាធរសវនកម្មជាតិ ជាអ្នកត្រួតពិនិត្យការចាយវាយ និងអង្គភាពប្រឆាំងអំពើពុករលួយ ជាអ្នកឃ្លាំមើលមួយជាន់ទៀតផង។
លោក សុខ ឥសាន មានប្រសាសន៍ថា អ្នកចោទប្រកាន់ ត្រូវបង្ហាញភស្តុតាងផង៖ «»។
ការលើកឡើងរបស់លោក សុខ ឥសាន ធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ និងប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ ធ្វើការរិះគន់ទៅលើថវិកាជាតិត្រៀមបម្រុងឆ្នាំ២០១៧ មួយកញ្ចប់ ដែលមានចំនួនជាង ៨៥០លានដុល្លារសម្រាប់ចំណាយផ្សេងៗគ្មានមុខសញ្ញាច្បាស់លាស់។ លោក អ៊ូ វីរៈ ស្នើឲ្យមានយន្តការត្រួតពិនិត្យតឹងតែង ដោយឲ្យរដ្ឋសភាអនុម័តយល់ព្រមមុនរាល់ការអនុញ្ញាតឲ្យចាយវាយកញ្ចប់ថវិកាត្រៀមបម្រុងដ៏ច្រើនសន្ធឹកនេះ ដើម្បីចៀសវាងអំពើពុករលួយផ្នែកនយោបាយ៖ «»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា តែងគោរពខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់។ ទោះជាយ៉ាងណា លោកថាប្រសិនបើមានករណីបំពានច្បាប់ណាមួយកើតឡើង គេអាចប្រើយន្តការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីដោះស្រាយ៖ «»។
រាល់ការបោះឆ្នោតម្តងៗ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដែលគ្រប់គ្រងរចនាសម្ព័ន្ធរដ្ឋបាលពីថ្នាក់ភូមិ រហូតដល់គណៈរដ្ឋមន្ត្រីនោះ រងការចោទថា បានប្រើប្រាស់ធនធានរដ្ឋ មានថវិកា សម្ភារ និងមន្ត្រីរាជការ ដើម្បីប្រយោជន៍របស់បក្ស។
របាយការណ៍កម្រាស់ ១៣១ទំព័រចុះកាលបរិច្ឆេទខែធ្នូ ឆ្នាំ២០១៣ របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) បង្ហាញថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០១២ ដល់ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់ធនធានរដ្ឋចំនួន ៣៤៣ករណី ក្នុងនោះមានដូចជា ការប្រើប្រាស់យានជំនិះរបស់រដ្ឋ សម្ភារ និងការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការក្នុងសកម្មភាពឃោសនានយោបាយ។
ចំណែកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អ៊ឺរ៉ា (ERA) ដែលមានអង្គការចំនួន១២ ជាសមាជិក ក៏បានរកឃើញថា គណបក្សកាន់អំណាចតែងប្រើប្រាស់ធនធានរដ្ឋ មានមន្ត្រីរាជការ មន្ត្រីយោធា និងតុលាការ ដើម្បីផលប្រយោជន៍របស់បក្សកាន់អំណាច។ របាយការណ៍បញ្ជាក់ថា គេមានការពិបាកក្នុងការញែកឲ្យដាច់ពីគ្នារវាងបក្ស និងរដ្ឋ ដោយសារតែទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងអគារការិយាល័យរដ្ឋជាច្រើនកន្លែង តែងនៅរួមគ្នា ហើយបុគ្គលិកធ្វើការឲ្យបក្សផង ធ្វើការឲ្យរដ្ឋផង ដែលអំពើទាំងនេះផ្ទុយពីច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការមាត្រា៣៧។
ចំណែកមាត្រា៩ នៃច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទវិញចែងថា យោធិនត្រូវមានអព្យាក្រឹតភាពក្នុងមុខនាទី ក្នុងសកម្មភាពការងារ និងហាមឃាត់ការប្រើមុខងារ និងប្រើប្រាស់សម្ភាររបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយណាមួយ។
តបទៅនឹងការរិះគន់របស់លោក អ៊ូ វីរៈ ដែលថារដ្ឋាភិបាលបច្ចុប្បន្នមានក្រសួងមន្ទីរជាន់ការងារគ្នាច្រើនពេក បណ្ដាលឲ្យខាតបង់ថវិកាជាតិច្រើនវិញនោះ លោក សុខ ឥសាន ឆ្លើយថា គណបក្សដែលឈ្នះឆ្នោតជាអ្នកបង្កើតក្រសួងមន្ទីរតាមតម្រូវការជាក់ស្តែងរបស់ជាតិ ដោយមិនចាំបាច់ពិគ្រោះយោបល់ជាមួយគណបក្សចាញ់ឆ្នោត និងសង្គមស៊ីវិលនោះទេ៖ «»។
កាលពីពេលថ្មីៗនេះ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលបច្ចុប្បន្នបង្កើតក្រសួងមន្ទីរច្រើន គឺដើម្បីចែកអំណាច និងតួនាទីគ្នា តែមិនបានឆ្លុះបញ្ចាំងនូវសេចក្តីត្រូវការជាក់ស្តែងនោះទេ។ លោកថា ដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ ដែលមួយឆ្នាំៗខ្ចីបុលបរទេសផងនោះ រដ្ឋាភិបាលគួរច្របាច់ក្រសួងមួយចំនួនបញ្ចូលគ្នា ហើយរំលាយក្រសួងណាដែលមិនចាំបាច់៖ «»។
កាលពីថ្ងៃទី៥ ធ្នូ ព្រឹទ្ធសភាបានអនុម័តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាជាតិ ឆ្នាំ២០១៧ ដែលមានទំហំទឹកប្រាក់ជិត ៥ពាន់លានដុល្លាអាមេរិក បន្ទាប់ពីរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២២ វិច្ឆិកា ដោយគ្មានការគាំទ្រពីបក្សប្រឆាំងនៃសភាទាំងពីរ។ ក្នុងចំនួនថវិកាជិត ៥ពាន់លានដុល្លារនេះ ជាង ៨៥០លានដុល្លារ ត្រូវបានទុកក្នុងកញ្ចប់ដាច់ដោយឡែកសម្រាប់ចំណាយផ្សេងៗដែលគ្មានមុខសញ្ញាច្បាស់លាស់។ សង្គមស៊ីវិលយល់ថា ប្រសិនបើយន្តការត្រួតពិនិត្យការចាយវាយកញ្ចប់ថវិកាត្រៀមបម្រុងនេះមិនរឹងមាំទេនោះ អាចនឹងត្រូវបានយកទៅចាយវាយខុសទិសដៅ និងធ្លាក់ទៅក្នុងអំពើពុករលួយផ្នែកនយោបាយ៕
No comments:
Post a Comment