សហគមន៍ដីធ្លីនៅតំបន់បឹងកក់ ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ នៅថ្ងៃច័ន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។ RFA/Rann Samnang |
ស្ត្រីតំណាងសហគមន៍ដីធ្លីបឹងកក់ និងបុរីកីឡា នឹងមិនធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ទេ នៅថ្ងៃទី២៦ ធ្នូ ដែលជាសប្ដាហ៍ចុងក្រោយនៃខែធ្នូ។ ស្ត្រីទាំងនេះនិយាយថា យុទ្ធនាការនេះនឹងអាចចាប់ផ្ដើមធ្វើឡើងវិញនៅដើមខែមករា ឆ្នាំក្រោយ។
តំណាងសហគមន៍មានជម្លោះដីធ្លីនៅបឹងកក់ រាជធានីភ្នំពេញ លោកស្រី បូវ សោភា ឲ្យដឹងនៅថ្ងៃទី២៥ ធ្នូ ថា សហគមន៍ដែលមានជម្លោះដីធ្លីនៅបឹងកក់ និងសហគមន៍បុរីកីឡា នឹងបន្តផ្អាកការធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» មួយសប្ដាហ៍ទៀតសម្រាប់ថ្ងៃច័ន្ទ ទី២៦ ធ្នូ៖ «កម្មវិធីហ្នឹងចាប់ផ្ដើមពីខែមួយទៅវិញទៀត បើគេមិនលែង។ តែខ្ញុំសង្ឃឹមថា គេនឹងលែង បើសិនជាគេហៅទៅតុលាការឲ្យមានការកាត់ទោសត្រឹមថ្ងៃ២ ថ្ងៃ៣ អី សឹមយើងធ្វើ»។
ទន្ទឹមគ្នានេះ តំណាងសហគមន៍បុរីកីឡា លោកស្រី សរ ស៊ន បញ្ជាក់បន្ថែមថា ការផ្អាកនេះ គឺជាការដកឃ្លាមួយរយៈ ដើម្បីរង់ចាំមើលលទ្ធផលនៃពាក្យលេចឮថា តើមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រី គ.ជ.ប ដែលកំពុងជាប់មន្ទីរឃុំឃាំងនោះ នឹងត្រូវដោះលែងនៅដំណាច់ខែធ្នូ នេះ៖ «យើងផ្អាកចាំមើលខាងរដ្ឋាភិបាល ហើយនិងខាងតុលាការហ្នឹង គាត់ដោះស្រាយដោះលែងអ្នកសង្គមស៊ីវិល និងអ្នកស្រី ទេព វន្នី ហ្នឹងឬក៏អត់? ចាំមើលតែសប្ដាហ៍ហ្នឹងទៀតទេ ឲ្យដាច់ខែហ្នឹង ចូលខែ១ ថ្ងៃច័ន្ទ បន្តទៀត ធ្វើសកម្មភាពធំ។ យើងប្រមូលគ្នាគ្រប់សហគមន៍ដាក់ញត្តិដាក់អី»។
ដោយឡែកតែតំណាងក្រុមអតីតអ្នកបឹងកក់ គឺកញ្ញា អ៊ឹម ស្រីទូច ថ្លែងថា ក្រុមរបស់កញ្ញា នឹងនៅនាំគ្នាបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ នៅថ្ងៃច័ន្ទ ទី២៦ ធ្នូ ហើយនឹងលើកគ្នាទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែរ៖ «ទីមួយ យើងត្រូវរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅហ្នឹង ដែលអត់ទាន់មានការដោះលែងអង្គការសង្គមស៊ីវិល មន្ត្រី គ.ជ.ប និងសកម្មជនដីធ្លី។ ទីពីរ ខ្ញុំទៅជំរុញឲ្យអាជ្ញាធរក្រសួងដែនដី ដោះស្រាយបញ្ហាជម្លោះដីធ្លីពួកខ្ញុំអ្នកបឹងកក់ហ្នឹង ដោយសារក្រសួងដែនដីហ្នឹងបានជំរុញឲ្យពួកខ្ញុំទៅជួបក្រុង តែពេលពួកខ្ញុំទៅជួបក្រុងហ្នឹង ក្រុងអត់បានមកជួបពួកខ្ញុំទេ មានតែប្រើហិង្សារុញច្រានពួកខ្ញុំឲ្យរបួសគ្រប់គ្នា»។
យុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ឬហៅថា Black Monday ត្រូវចាប់ផ្ដើមធ្វើឡើងដោយក្រុមពលរដ្ឋសហគមន៍ដែលមានបញ្ហាដីធ្លី ដូចជានៅតំបន់បឹងកក់ និងអ្នកបុរីកីឡា ជាដើម។ យុទ្ធនាការនេះ គឺតែងភ្ជាប់ទៅនឹងគោលបំណងទាមទារឲ្យរាជរដ្ឋាភិបាល និងតុលាការដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប មន្ត្រី គ.ជ.ប ដែលជាអតីតមន្ត្រីអង្គការអាដហុក ១រូប និងអ្នកស្រី ទេព វន្នី ជាសកម្មជនដីធ្លីនៅបឹងកក់។
ក្រុមស្ត្រីសកម្មជនដីធ្លីបឹងកក់ និងអ្នកបុរីកីឡា បានប្រកាសផ្អាកធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ចាប់តាំងពីថ្ងៃទីច័ន្ទ ទី១៩ សប្ដាហ៍មុន។ នៅថ្ងៃច័ន្ទ ទី២៦ ធ្នូ គឺជាសប្ដាហ៍ទី២ ដែលស្ត្រីទាំងនេះរក្សាជំហរផ្អាកយុទ្ធនាការរហូតដល់ដំណាច់ខែធ្នូ។ គម្រោងដើរដាក់ញត្តិតាមស្ថាប័នសំខាន់ៗនានានៅថ្ងៃច័ន្ទ ទី២ ខែមករា នឹងអាចជាការចាប់ផ្ដើមយុទ្ធនាការដំបូងរបស់ក្រុមស្ត្រីសកម្មជនដីធ្លី សម្រាប់ឆ្នាំ២០១៧៕
No comments:
Post a Comment