Sunday, December 25, 2016

គ្រោះថ្នាក់​ចរាចរណ៍​កំពុង​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​កម្មករ


រថយន្ត​ដឹក​កម្មករ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។  RFA/Morm Moniroth


អ្នក​ស្លាប់ និង​អ្នក​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តែ​មាន​តួលេខ​ខ្ពស់ បើ​ទោះ​ជា​អត្រា​ស្លាប់ និង​របួស​ធ្លាក់​ចុះ​ជាង​មុន។ បច្ចុប្បន្ន​នេះ តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​កើត​ច្រើន​ចំពោះ​ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ ដែល​បង្ក​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ថា ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ចំពោះ​កម្មករ​ជាប់ៗ​គ្នា​នៅ​ក្នុង​បច្ចុប្បន្ន​នេះ ក្លាយ​ជា​កង្វល់​ខ្លាំង​ចំពោះ​សុវត្ថិភាព​កម្មករ។

ការ​ថ្លែង​របស់​លោក ប៉ាវ ស៊ីណា គឺ​ភ្ជាប់​ទៅ​នឹង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​មួយ​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស ៤៤​នាក់៖ «ឃើញ​ថា​រយៈពេល​ចុង​ក្រោយ​ហ្នឹង វា​ហាក់​ដូច​កើត​ឡើង​សឹង​រៀង​រាល់​ថ្ងៃ ហើយ​រឿង​ដែល​កើត​ឡើង​នោះ ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​រន្ធត់​ចិត្ត។ គាត់​ហាក់​ដូចជា​ស្មារតី​គាត់​នៅ​តែ​ដក់​ជាប់​ហេតុការណ៍ គាត់​តែង​តែ​ឃើញ​ញឹកញាប់ ហើយ​អ្វី​ដែល​សំខាន់ ខ្ញុំ​ឃើញ​ថា វិធានការ​ទប់ស្កាត់​របស់​ក្រសួង​ពាក់ព័ន្ធ​ហ្នឹង ហាក់​ដូចជា​អត់​សូវ​មាន​ប្រសិទ្ធភាព​ទេ»។

លោក ប៉ាវ ស៊ីណា បន្ត​ទៀត​ថា រដ្ឋ​គួរ​តែ​បង្កើត​គោល​នយោបាយ​ថ្មីៗ​ថែម​ទៀត ដើម្បី​បង្កើន​សុវត្ថិភាព​ចំពោះ​កម្មករ៖ «ដូចជា​ការ​ឲ្យ​និយោជក​គាត់​ធានា​រ៉ាប់រង​ដឹក​ជញ្ជូន​កម្មករ​ដោយ​ផ្ទាល់ ឬ​ធ្វើ​ជា​កន្លែង​ស្នាក់នៅ​ដល់​បង​ប្អូន​កម្មករ ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព។ ឧទាហរណ៍​ថា បើ​ក្រុមហ៊ុន​ចេញ​ថ្លៃ​ដឹក​ជញ្ជូន​ឲ្យ ឬ​ផ្ដល់​ការ​ដឹក​ជញ្ជូន មាន​ន័យ​ថា ឡាន​ដែល​គាត់​ជិះ គឺ​វា​អាច​មាន​សុវត្ថិភាព​ជាង ហើយ​ទី​ពីរ គាត់​មិន​ជំរុញ​ចិត្ត​បង្ខំ​ឲ្យ​ម្ចាស់​ឡាន​គាត់​បើកបរ​លឿន ដើម្បី​បាន​ទៅ​ដល់​ទាន់​ម៉ោង​ធ្វើ​ការ កុំ​ឲ្យ​កាត់​លុយ​កាត់​កាក់​អី​ពួក​គាត់។ ទី​ពីរ ប្រសិន​បើ​សង់​ជា​ផ្ទះ​ឲ្យ​ពួក​គាត់​ស្នាក់នៅ គឺ​វា​កាន់​តែ​ល្អ​ប្រសើរ​ទៀត»។

ទាក់ទង​បញ្ហា​នេះ ត្រូវ​បាន​លោក ជាវ ប៊ុនរិទ្ធ ប្រធាន​ការិយាល័យ​គោល​នយោបាយ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​បញ្ជាក់​ថា សម្រាប់​វិធានការ​ពង្រឹង​សុវត្ថិភាព​ចំពោះ​កម្មករ​បច្ចុប្បន្ន​នេះ ខាង​ក្រសួង​លោក​កំពុង​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ជាមួយ​អ្នក​បើកបរ​ដឹក​ជញ្ជូន​កម្មករ​ជា​ញឹកញាប់ តាម​រយៈ​ក្រុម​ការងារ​ឈ្មោះ​ថា ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ៖ «យើង​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​អប់រំ​អំពី​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ក៏​ដូចជា​សុវត្ថិភាព​ចរាចរណ៍​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ក៏​ដូចជា​បច្ចេកទេស​ថែទាំ​យានយន្ត ចុះ​ទៅ​បណ្ដុះបណ្ដាល​ផ្ដល់​ប័ណ្ណ​បើកបរ ដោយ​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ ពាក់ព័ន្ធ​ទៅ​នឹង​បង​ប្អូន​ដឹក​ជញ្ជូន​កម្មករ​នេះ ឃើញ​ថា កន្លង​មក មិន​មែន​តែ​គ្រោះថ្នាក់​ដោយសារ​ខ្លួន​គាត់​ទេ ដោយសារ​រថយន្ត​បង្ក​មួយ​ចំនួន​ដែរ។ មាន​ន័យ​ថា គាត់​អាច​បង្ក​គ្រោះថ្នាក់​ខ្លួន​ឯង ហើយ​រថយន្ត​ដទៃ​ក៏​បង្ក​គ្រោះថ្នាក់​មក​ដល់​រថយន្ត​ដឹក​កម្មករ​ដែរ»។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​ខ្លួន​ឯង ឬ​សហការ​ជាមួយ​ក្រុមហ៊ុន គួរ​តែ​វិនិយោគ​លើ​មធ្យោបាយ​ដឹក​កម្មករ ឬ​សង់​កន្លែង​ស្នាក់នៅ​សម្រាប់​កម្មករ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់។ ចំណុច​នេះ លោក ជាវ ប៊ុនរិទ្ធ ឆ្លើយតប​ថា រដ្ឋាភិបាល​បាន​ជំរុញ​ហើយ ហើយ​ក្រុមហ៊ុន​ខ្លះ​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ខ្លួន​ឯង​ដែរ៖ «ដូចជា​នៅ​ខាង​ខេត្ត​កោះកុង ក៏​គេ​បាន​រៀបចំ​ឲ្យ​ដឹក​ជញ្ជូន​កម្មករ​ឲ្យ​មាន​សុវត្ថិភាព ហើយ​ជា​បន្តបន្ទាប់​ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ក៏​គេ​បាន និង​កំពុង​រៀបចំ​វិនិយោគ​ទៅ​លើ​ឡាន ដើម្បី​ដឹក​បង​ប្អូន​កម្មករ​កម្មការិនី​យើង​ឲ្យ​មាន​សុវត្ថិភាព ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ចរាចរណ៍​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​នេះ ឃើញ​ថា គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក​បាន​ចេញ​សេចក្ដី​ណែនាំ ក៏​ដូចជា​សេចក្ដី​ជូន​ដំណឹង ដើម្បី​ឲ្យ​បង​ប្អូន​បើកបរ​ទាំងអស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បើកបរ ហើយ​ជំរុញ​ឲ្យ​គាត់​ប្ដូរ​រថយន្ត​មួយ​ចំនួន ទៅ​រក​រថយន្ត​មាន​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន​បង​ប្អូន​កម្មករ​យើង»។

លោក​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​កម្មវិធី​ធានា​រ៉ាប់រង​បច្ចុប្បន្ន កម្មករ​ដែល​ទទួល​រង​គ្រោះថ្នាក់​ដូច​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ ជា​បន្ទុក​គាំពារ​របស់​របប​សន្តិសុខ​សង្គម​ក្រសួង​ការងារ៖ «គឺ​គាត់​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ពី​ផ្ទះ​គាត់​ទៅ​កន្លែង​ធ្វើ​ការ​នៅ​រោងចក្រ ហើយ​ពី​រោងចក្រ​ទៅ​ផ្ទះ​គាត់​វិញ។ អ៊ីចឹង​គ្រោះថ្នាក់​នេះ ត្រូវ​បាន​ទទួល​ធានា​រ៉ាប់រង​ពី ប.ស.ស ដូចជា​ការ​ផ្ដល់​ការ​ព្យាបាល​រហូត​ដល់​ជា​សះ​ស្បើយ និង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត ដែល​មាន​ចែង​នៅ​ក្នុង​គោល​នយោបាយ​របប​សន្តិសុខ​សង្គម ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់»។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ចំពោះ​កម្មករ​មាន​ចំនួន​ច្រើនៗ​ក្នុង​មួយ​ករណី បាន​កើត​ឡើង​ផ្ទួនៗ​ជា​បន្តបន្ទាប់​ក្នុង​ខែ​ធ្នូ នេះ។ កាល​ពី​ថ្ងៃ​ទី​១៦ ធ្នូ ឡាន​ដឹក​ឧស​បុក​ឡាន​ដឹក​កម្មករ​កម្មការិនី​នៅ​ខេត្ត​កំពង់ឆ្នាំង បណ្ដាល​ឲ្យ​កម្មករ​កម្មការិនី​ចំនួន ៣២​នាក់​រង​របួស។ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ រថយន្ត​ដឹក​កម្មករ​រោងចក្រ​កាត់​ដេរ​មួយ​គ្រឿង បាន​ដាច់​កាឡេ​ក្រឡាប់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ត្រពាំងផ្លុង សង្កាត់​បាទី ក្រុង​បាវិត ហើយ​បណ្ដាល​ឲ្យ​អ្នក​របួស​ចំនួន ៤៤​នាក់ ក្នុង​នោះ​អ្នក​របួស​ធ្ងន់​មាន​ចំនួន ១៥​នាក់។

របាយការណ៍​របស់​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បង្ហាញ​តួលេខ​ថា គ្រាន់​តែ​នៅ​ថ្ងៃ​ទី​២៣ ធ្នូ គឺ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១០​លើក មនុស្ស​របួស ៦១​នាក់ និង​ស្លាប់ ៤​នាក់។ តួលេខ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៣ ធ្នូ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង ២៧៥​លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ១០៨​នាក់ រង​របួស​ចំនួន ៥០៣​នាក់។ នៅ​កម្ពុជា បច្ចុប្បន្ន​នេះ អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​ច្រើន​ជាង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់ គ្រុន​ឈាម និង​គ្រាប់​មីន​បូក​បញ្ចូល​គ្នា​ទៅ​ទៀត៕

No comments:

Post a Comment