"សារសន្ទនាដែលគេសង្ស័យថាធ្វើឡើងរវាងគ្រួសារលោក ហ៊ុន សែន និង ធី សុវណ្ណថា បង្ហាញពីល្បិចស្មោកគ្រោក"
អ្នកវិភាគនយោបាយយល់ថា សារសន្ទនាដែលគេសង្ស័យថា ជារបស់លោក ហ៊ុន សែន កូនប្រុសលោក ហ៊ុន សែន លោក ហ៊ុន ម៉ានិត ជាមួយកញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ គឺបង្ហាញឲ្យឃើញពីការប្រើប្រាស់ល្បិចកលស្មោកគ្រោកក្នុងការបំបាក់គូប្រកួតនយោបាយ ជាពិសេសបក្សប្រឆាំងនៅកម្ពុជា។ ចំណែកបក្សប្រឆាំងថា ទុករឿងនេះឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យដោយខ្លួនឯង។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សារសន្ទនាដែលគេសង្ស័យថា ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ានិត និងកញ្ញា ធី សុវណ្ណថា ត្រូវបានគេបង្ហោះចែកចាយ និងត្រូវបានបណ្ដាញសារព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់។
ចាប់តាំងពីមានការបញ្ចេញសារឆ្លើយឆ្លងនេះមក សាមីខ្លួននៅក្នុងការសន្ទនា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ានិត លោកទាំងពីរមិនទាន់មានប្រតិកម្មជាសាធារណៈអ្វីឡើយ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា កត់សម្គាល់ថា ក្នុងសារឆ្លើយឆ្លងដែលគេសង្ស័យថា ធ្វើឡើងរវាងលោក ហ៊ុន សែន លោក ហ៊ុន ម៉ានិត និងកញ្ញា ធី សុវណ្ណថា បង្ហាញយ៉ាងច្បាស់ពីការរៀបចំផែនការដើម្បីគាបសង្កត់លើប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ លោកថ្លែងបន្តថា ករណីនេះឆ្លុះបញ្ចាំងឲ្យឃើញថា នៅក្នុងប្រព័ន្ធនៃការប្រកួតប្រជែងនយោបាយនៅកម្ពុជា គឺមិនមានភាពស្មោះត្រង់ តែវាជាការប្រើយុទ្ធសាស្ត្រល្បិចកិច្ចកលផ្ដួលរំលំគូបដិបក្ខមុនពេលការប្រកួតមកដល់ទៅវិញ។
ទោះជាយ៉ាងណា លោកថា នៅពេលមានការបែកធ្លាយនូវសារបែបនេះ អ្នកដែលបាត់បង់ប្រជាប្រិយភាព គឺជាបក្សកាន់អំណាច៖ «ឃើញថា អ្នកនយោបាយហាក់ដូចជាមិនមានជំនឿទៅលើការប្រកួតប្រជែងគ្នានៅលើសង្វៀនទេ ប៉ុន្តែប្រើប្រាស់នូវល្បិចកល ឬប្រើប្រាស់នយោបាយកខ្វក់ទៅវិញ។ អ្វីដែលជាផលប៉ះពាល់ខ្លាំងសម្រាប់សង្គមនយោបាយនៅកម្ពុជា គឺធ្វើឲ្យប្រជាពលរដ្ឋខ្មែរហាក់អស់ជំនឿទៅលើការប្រកួតប្រជែងនយោបាយ ហើយជាពិសេសគាត់អាចមើលឃើញយ៉ាងច្បាស់ពីការប្រើប្រាស់យុទ្ធវិធី ឬល្បិចកលកខ្វក់ដូចមានក្នុងការសន្ទនា»។
សារជាអក្សរដែលគេសង្ស័យថា ជាការឆ្លងឆ្លើយនៅលើបណ្ដាញសង្គមរបស់កញ្ញា ធី សុវណ្ណថា ដែលគេជឿថា ធ្វើឡើងរវាងលោក ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា ត្រូវបានគេបង្ហោះចែកចាយនៅលើទំព័រហ្វេសប៊ុក។ សារដែលបង្ហោះចែកចែកនោះ គេឃើញកញ្ញា ធី សុវណ្ណថា សរសេរប្រាប់លោក ហ៊ុន សែន ថា៖ "ឆ្នាំ២០១៨ បើ សម រង្ស៊ី និងលោក កឹម សុខា មិនបែកគ្នា ក៏គណបក្សសង្គ្រោះជាតិ ត្រូវបែកជា ២ដែរ"។ លោក ហ៊ុន សែន ឆ្លើយតបថា៖ "ប្រសិនចៅត្រូវការយកទុនទៅទុកក្នុងឲ្យហើយ តានឹងបញ្ជូនបន្ថែម ៦សែនដុល្លារទៀត"។ ពេលនោះកញ្ញា ធី សុវណ្ណថា សរសេរបន្តថា៖ "កាលពីមុនចៅចង់បំបែក សម រង្ស៊ី និង កឹម សុខា ក្រោយឆ្នាំ២០១៨ តែក្រោយពីតាទម្លាក់ កឹម សុខា ចៅមើលឃើញឱកាសច្រើនបំបែកគាត់ទាំង២។ តាត្រូវធ្វើឲ្យប្រពន្ធ សម រង្ស៊ី ធ្វើអនុប្រធានសភាឲ្យបាន"។
កញ្ញា ធី សុវណ្ណថា សរសេរទៀតថា៖ "អរគុណតាដែលជឿទុកចិត្តចៅ ចៅនឹងខិតខំឲ្យអស់ពីលទ្ធភាព ចៅនឹងធ្វើឲ្យសេណារីយ៉ូ (Scenario) ទាំង២ ចំណុចឲ្យបានជោគជ័យមុនឆ្នាំ២០១៨"។
ចំណែកនៅក្នុងសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ានិត និងកញ្ញា ធី សុវណ្ណថា វិញ គឺមានទាំងសារសរសេរជាអក្សរ និងជាសំឡេងឆ្លើយឆ្លងគ្នា។ ក្នុងសារនោះ គឺនិយាយពីការរៀបចំផែនការប្រឆាំងលោក កឹម សុខា ក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។ កញ្ញា ធី សុវណ្ណថា ថែមទាំងទាមទារអុងប៉ាង និងជំងឺចិត្តពីលោក ហ៊ុន ម៉ានិត ទៀតផង។ ប៉ុន្តែលោក ហ៊ុន ម៉ានិត ឆ្លើយតបថា មិនមានទេអុងប៉ាង សម្រាប់កញ្ញា ធី សុវណ្ណថា បើមានតែបាយ និងម្ហូបប៉ុណ្ណោះ។
សំឡេងសារដែលបែកធ្លាយ៖ «ធី សុវណ្ណថា៖ ខ្ញុំគិតថា ស្រីមុំ ទៅអាដហុក គឺបញ្ជា កឹម សុខា អ្នកឲ្យទៅដើម្បីបដិសេធ។ ខ្ញុំគិតថា រឿងហ្នឹងស្រីមុំ អាចមានគ្រោះថ្នាក់ គាត់អាចស្លាប់មុនទៅដល់ក្រសួងមហាផ្ទៃ នៅថ្ងៃ… អ៊ីចឹងពូ អាចឲ្យគេមើលតាមដានផងបានទេពូ! ព្រោះខ្ញុំគិតថា គំនិត កឹម សុខា ចង់ឲ្យម្នាក់ហ្នឹង បដិសេធ ហើយចង់និយាយទម្លាក់កំហុស។ ធ្វើអ៊ីចឹងទម្លាក់កំហុសខាងរដ្ឋាភិបាលវិញណាពូ! ហ៊ុន ម៉ានិត៖ បាទ! អត់អីទេ ឲ្យគេជួយមើល ប៉ុន្តែបើវាយតម្លៃទៅអត់ជាបញ្ហាអីទេ»។
អាស៊ីសេរី មិនទាន់អាចទាក់ទងកញ្ញា ធី សុវណ្ណថា ដើម្បីសុំការឆ្លើយតបចំពោះការបែកធ្លាយឯកសារបាននៅឡើយទេ នៅថ្ងៃទី១ ខែធ្នូ។
កញ្ញា ធី សុវណ្ណថា ត្រូវគេស្គាល់ថា ជាក្រុមយុវជនដែលគាំទ្របក្សប្រឆាំងកាលពីពេលបោះឆ្នោតឆ្នាំ២០១៣។ ពេលបក្សប្រឆាំងធ្វើបាតុកម្មទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅក្រោយការបោះឆ្នោតគេឃើញកញ្ញា ធី សុវណ្ណថា បានចូលរួមយ៉ាងសកម្មនៅក្នុងបាតុកម្មរបស់បក្សប្រឆាំង។ តែក្រោយមក កញ្ញាបានងាកទៅជិតស្និទ្ធជាមួយបក្សកាន់អំណាចវិញ ហើយបានចេញមុខដោយចំហក្នុងការដាក់ពាក្យប្ដឹងលោក កឹម សុខា ក្រោយពីមានការទម្លាយខ្សែអាត់សំឡេងសន្ទនារវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
អាស៊ីសេរី មិនទាន់អាចទាក់ទងលោក ផែ សុវណ្ណរិទ្ធ ដែលរងការចោទប្រកាន់បាននៅឡើយទេ នៅថ្ងៃទី១ ខែធ្នូ ដើម្បីសុំការឆ្លើយតបចំពោះករណីនេះ។ ចំណែកកូនប្រុសលោក ហ៊ុន សែន លោក ហ៊ុន ម៉ានិត បានឆ្លើយសំណួររបស់អាស៊ីសេរី ដែលសួរតាមបណ្ដាញសង្គមហ្វេសប៊ុក ជាភាសាអង់គ្លេស ហើយអាចប្រែសម្រួលជាភាសាខ្មែរថា មុនឲ្យលោកឆ្លើយសំណួររបស់អាស៊ីសេរី លោកឲ្យអាស៊ីសេរី ផ្ដល់ហេតុផលល្អមួយជូនលោកជាមុនសិន នោះគឺថា តើយោបល់របស់លោកនឹងធ្វើឲ្យអាស៊ីសេរី ប្រសើរបែបណា? លោកបន្តថា អ្វីៗគ្រប់យ៉ាងនឹងធ្វើឲ្យជំនួញរបស់អាស៊ីសេរី ប្រសើរឡើង មានអ្នកអានច្រើន និងមានការផ្សាយពាណិជ្ជកម្មកាន់តែច្រើន។
លោក ហ៊ុន ម៉ានិត គឺជាកូនប្រុសទី២ របស់លោក ហ៊ុន សែន។ លោកមានឋានន្តរសក្ដិជាឧត្ដមសេនីយ៍ផ្កាយ២ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា ថ្លែងថា នៅពេលមន្ត្រីសាធារណៈប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ឯកជនដល់ក្រុម ឬបក្សរបស់ខ្លួន វាគឺជាការរំលោភអំណាចសាធារណៈ។ លោក សូ ចន្ថា សង្កេតឃើញថា នៅក្នុងសង្គមកម្ពុជា ការប្រើអំណាច ឬតួនាទីសាធារណៈដើម្បីបម្រើផលប្រយោជន៍របស់ក្រុម ឬបក្ស គឺមិនបានឆ្លុះបញ្ចាំងពីគោលការណ៍សាធារណៈបែបប្រជាធិបតេយ្យនោះឡើយ។
លោក សូ ចន្ថា៖ «ខ្ញុំចង់ឲ្យស្ថាប័នពាក់ព័ន្ធធ្វើការស៊ើបអង្កេត ត្រួតពិនិត្យ ហើយធ្វើការវាយតម្លៃឡើងវិញនូវការប្រើប្រាស់តួនាទីរបស់រដ្ឋ តួនាទីជាយោធា ឬក៏ប្រើប្រាស់ឥទ្ធិពលរបស់រដ្ឋទៅដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍គណបក្ស ឬក្រុមរបស់ខ្លួន ពីព្រោះកាលណាប្រើប្រាស់បែបនេះ ការប្រកួតប្រជែងនយោបាយ ជាការប្រកួតប្រជែងមិនស្មោះត្រង់»។
ចំណែកគណបក្សសង្គ្រោះជាតិវិញ បើទោះជាអនុប្រធានបក្សនេះ គឺលោក កឹម សុខា ត្រូវបានតុលាការកាត់ទោសដោយសារខ្សែអាត់សំឡេងដែលគេលួចថតយកមកទម្លាយជាសាធារណៈក្តី នៅពេលរឿងរ៉ាវនេះកើតឡើងចំពោះបក្សកាន់អំណាចវិញ មន្ត្រីបក្សប្រឆាំងហាក់មិនយកចិត្តទុកដាក់ឡើយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា រឿងនេះពិត ឬមិនពិតយ៉ាងណានោះ គឺទុកឲ្យពលរដ្ឋជាអ្នកវាយតម្លៃទៅចុះ៖ «ខ្ញុំកំពុងតែរវល់ពីរឿងចុះឈ្មោះបោះឆ្នោត ធ្វើម៉េចឲ្យប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតឲ្យបានច្រើន អ៊ីចឹងហើយខ្ញុំអត់បានចាប់អារម្មណ៍នឹងរឿងទាំងអស់នេះ»។
អ្នកសិក្សាការអភិវឌ្ឍសង្គម និងជាអ្នកវិភាគបណ្ឌិត មាស នី យល់ថា បើសិនជាការផ្សព្វផ្សាយនេះជាការផ្សព្វផ្សាយដោយចេតនា ដោយចេញពីមនុស្សជិតស្និទ្ធជាមួយគណបក្សប្រជាជនកម្ពុជា មានន័យថា បក្សកាន់អំណាចចង់បង្ហាញយុទ្ធសាស្ត្រអ្វីមួយហើយ តែលោកថា បើអ្នកបញ្ចេញសារឯកជននោះជាអ្នកនៅក្រៅបក្សកាន់អំណាច វាអាចជារឿងចៃដន្យ ដែលអ្នកបញ្ចេញសារនោះចង់សងសឹកទៅលើអ្វីដែលបក្សកាន់អំណាចធ្លាប់ធ្វើមកលើក្រុមរបស់ពួកគេ។
បណ្ឌិត មាស នី យល់ឃើញថា សាមីខ្លួនដែលជាម្ចាស់សារឆ្លើយឆ្លងប្រហែលជាមិនប្រតិកម្មចំពោះបញ្ហានេះឡើយ ព្រោះវាអាចធ្វើឲ្យរឿងនេះបែកកាន់តែធំឡើង៖ «យើងក៏មិនទាន់ដឹងថា សារហ្នឹងជារឿងពិត ឬមិនពិតទេ ប៉ុន្តែជួនកាលការមិនឆ្លើយ ការមិនឆ្លង វាអាចធ្វើឲ្យរឿងនេះសាបរលាបទៅវិញដែរ។ ខ្ញុំគិតថា ក្នុងករណីបែបនេះ អ្នកពាក់ព័ន្ធត្រូវតែស្ងៀមស្ងាត់ លើកលែងតែមានរឿងអីធំជាងហ្នឹងទៀតទើបចាត់វិធានការ ប៉ុន្តែវិធានការយ៉ាងណាក៏ដោយ បើវិធានការនោះពាក់ព័ន្ធផ្លូវច្បាប់គេនឹងសួរសំណួរថា ចុះកាលលោក កឹម សុខា ម៉េចមិនចាត់ការរឿងនោះផង»។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សមិនចាប់អារម្មណ៍នឹងរឿងនេះឡើយ ដោយលោកថា នេះជារឿងរបស់បុគ្គលឯកជន។ ប៉ុន្តែលោកថា សាមីខ្លួនដែលមាននៅក្នុងសារទម្លាយនោះ អាចប្ដឹងអ្នកបញ្ចេញសារបានប្រសិនបើគេចង់៖ «ខ្ញុំយល់ថា បើប៉ះពាល់ដល់បុគ្គលណា បុគ្គលហ្នឹងអាចប្ដឹងបានបើសិនណាយើងរកភស្តុតាងបាន វាដូចកញ្ញា ធី សុវណ្ណថា កញ្ញា ខុម ចាន់តារាទី ប្ដឹងលោក កឹម សុខា ហ្នឹងលទ្ធភាពមាន»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី១ ខែធ្នូ។ ប៉ុន្តែលោក ខៀវ សុភ័គ បញ្ជាក់ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដោយស្នើឲ្យពលរដ្ឋប្រកាន់នូវផ្លូវត្រឹមត្រូវរៀងៗខ្លួន និងប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដោយកុំរំលោភលើសិទ្ធិអ្នកដទៃ៖ «ខ្ញុំនិយាយរួមមិនបានដឹងដែរទេ ប៉ុន្តែឮគេសួរ ប៉ុន្តែរហូតដល់ពេលនេះ ដូចជាអត់មានពាក្យបណ្ដឹង ដូចជាមិនចាប់អារម្មណ៍អី»។
នេះជាលើកទី២ហើយដែលមានករណីទម្លាយសារ និងសំឡេងរបស់អ្នកនយោបាយព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ចាប់តាំងពីក្រោយការបោះឆ្នោតនៅឆ្នាំ២០១៣ មក។ ការបញ្ចេញលើកទី១ គឺខ្សែអាត់សំឡេងសន្ទនាដែលគេចោទថា រវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហើយនៅពេលនេះ គឺរវាងកញ្ញា ធី សុវណ្ណថា ជាមួយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ានិត។
ទោះជាយ៉ាងណា សារសន្ទនាសម្ងាត់ទាំងពីរដែលត្រូវគេទម្លាយចេញជាសាធារណៈនេះ មានភាពខុសប្លែកគ្នា។ សារសន្ទនាដែលគេជឿថា ជាសំដីឆ្លើយឆ្លងស្នេហាឯកជនរវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី និងសារសន្ទនាជាអក្សរ និងសំឡេងដែលគេជឿថា ជាទំនាក់ទំនងរវាងកញ្ញា ធី សុវណ្ណថា ជាមួយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ានិត គឺជាការគិតគូរប្រើប្រាស់យុទ្ធវិធី និងទឹកលុយដើម្បីបំបែកបំបាក់ថ្នាក់ដឹកនាំបក្សប្រឆាំង។
ទោះជាយ៉ាងណា អ្នកវិភាគបណ្ឌិត មាស នី សម្ដែងទស្សនៈថា រដ្ឋាភិបាលមិនត្រូវបណ្ដោយឲ្យមានសកម្មភាពបញ្ចេញសារឯកជនរបស់បុគ្គលណាមួយជាបន្តបន្ទាប់ដូចពេលបច្ចុប្បន្នឡើយ។ លោកថា ការលួចបញ្ចេញសារឆ្លើយឆ្លង និងការលួចថតសំឡេងរបស់អ្នកដទៃ ហើយយកមកផ្សព្វផ្សាយជាសាធារណៈ គឺជាការរំលោភលើសិទ្ធិឯកជនរបស់ពលរដ្ឋ៕
No comments:
Post a Comment