អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្តរជាតិ យល់ថា ការសម្រេចរបស់រដ្ឋាភិបាលដែលលើកលែងថ្លៃទិដ្ឋាការដល់អ្នកវិនិយោគចិន និងកូរ៉េ ក្នុងរយៈពេលយូរ ជារឿងល្អ ដើម្បីលើកទឹកចិត្តអ្នកវិនិយោគចូលមករកស៊ីនៅកម្ពុជា។
ចាប់ពីថ្ងៃនេះតទៅ អ្នកវិនិយោគជនជាតិចិន និងកូរ៉េ នឹងត្រូវអនុគ្រោះទិដ្ឋាការចូលរកស៊ីនៅកម្ពុជា ជាច្រើនដង ក្នុងរយៈពេល៣ឆ្នាំ ដោយតម្រូវឲ្យបង់ថ្លៃទិដ្ឋាការតែ១ដង បន្ទាប់ពីនោះ ពួកគេពុំចាំបាច់ស្នើទិដ្ឋាការថ្មី និងបង់ថ្លៃសេវាទៀតឡើយ។
កាលថ្ងៃទី១ ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងវេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន នារាជធានីភ្នំពេញថា សម្រាប់អ្នកវិនិយោគចិន និងកូរ៉េ ដែលកាន់លិខិតឆ្លងដែនធម្មតា នឹងអាចចេញចូលកម្ពុជាបានច្រើនដង ដោយគ្រាន់តែវាយត្រាចេញចូលកម្ពុជា ៖ «សួរថារយៈពេលវែងនោះ គឺរយៈពេលប៉ុន្មាន? ខ្ញុំបានពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង ថា សូមជូន៣ឆ្នាំ»។
អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្តរជាតិ លោក ឡុង គឹមឃន យល់ថា ការលើកលែងថ្លៃទិដ្ឋាការដល់អ្នកវិនិយោគចិន និងកូរ៉េ មកកម្ពុជានៅពេលនេះ ជារឿងល្អ ហើយលោកជឿថា អ្នកវិនិយោគពីប្រទេសដទៃទៀត ក៏ចង់បានការលើកលែងទិដ្ឋាការដូចគ្នានេះដែរ៖ «សម្រាប់ទស្សនៈខ្ញុំយល់ថា រឿងហ្នឹងគឺជារឿងល្អវិជ្ជមាន ព្រោះផលចំណេញដែលយើង(កម្ពុជា) ទទួលបានពីការយកថ្លៃទិដ្ឋាការពីវិនិយោគិនចិន និងកូរ៉េនឹង គឺតិចតួចទេ។ ប៉ុន្តែបើសិនយើងអាចផ្ដល់នូវទិដ្ឋាការឲ្យពួកគាត់រយៈពេលវែង ជាពិសេសអ្នកវិនិយោគទុននឹង គឺជាការលើកទឹកចិត្តមួយ ហើយមានផលប្រយោជន៍ពីការធ្វើវិនិយោគទុនពីបរទេស»។
ចំណែកប្រធានក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ យល់ថា ការលើកលែងទិដ្ឋាការនេះ មិនខុសទាស់ទេ។ លោកលើកហេតុផលថា ប្រទេសគេភាគច្រើនអនុវត្តបែបនេះ ព្រោះអ្នករកស៊ីធំៗ ត្រូវការស្នាក់នៅយូរ៖ «យើងគាំទ្រ មិនមែនគាំទ្រទេ វាជានីតិវិធីដែលត្រូវធ្វើយូរហើយ។ យើងត្រូវពិនិត្យ និងមានគោលការណ៍ច្បាប់ ឬនីតិវិធីច្បាស់លាស់ ដើម្បីដល់អ្នកវិនិយោគទុន តាមកម្រិតនៃការវិនិយោគរបស់គេ នៅក្នុងប្រទេសយើង និងត្រូវមាននីតិវិធីឲ្យច្បាស់។ ដូច្នេះមិនជាអ្វីខុសទាស់ទេ»។
បច្ចុប្បន្នប្រទេសចិន ជាប្រទេសដែលមានទំហំវិនិយោគធំជាងគេនៅកម្ពុជា ហើយលោក ហ៊ុន សែន ថា កាលពីឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានជាង៤ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំ២០១៤ មានជិត៤ពាន់លានដុល្លារអាមេរិក ដែលការវិនិយោគភាគច្រើនលើវិស័យកសិកម្ម កសិឧស្សាហកម្ម កម្មន្តសាល ទេសចរណ៍ ថាមពល សំណង់ និងឧស្សាហកម្មហិរញ្ញវត្ថុ៕
No comments:
Post a Comment