Thursday, December 1, 2016

មាន​ការ​យល់​ឃើញ​ខុស​គ្នា​ពី​ករណី​ផ្លាស់​ប្ដូរ​ខ្នាត​ផែនទី


ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​កម្ពុជា​ដែល​ខ្ចី​ពី​បរទេស​កាល​ពី​ឆ្នាំ​២០១៥ កន្លង​មក។ ហេង ជីវ័ន



ភ្នំពេញៈ ខណៈ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​មាន​ជំនឿ​លើ​ការ​ជំរុញ​នា​ពេល​ថ្មីៗ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​មាន​ការ​គូស​ផែនទី​ឡើង​វិញ​នៃ​ព្រំដែន​ កម្ពុជា​‑​វៀតណាម ​មក​ខ្នាត​ ១/៥០ ០០០​ និង​តាម​ផែន​ទី ​UTM ថា នឹង​មិន​បំពាន​មាត្រា​រដ្ឋ​ធម្មនុញ្ញ​និង​មិន​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​កំពូល​នោះ ប៉ុន្តែ​ មាន​មន្ត្រី​ផ្សេង​មាន​ការ​យល់​ឃើញ​ខុស​ពី​នោះ​ដោយ​បារម្ភ​ខ្លាច​មាន​ការ​បាត់​ដី​។

លោក សម រង្ស៊ី នៅ​សប្តាហ៍​នេះ​បាន​ថ្លែងថា​លោក​គាំទ្រ​ការ​ជំរុញ​របស់​លោក​ហ៊ុន សែន ឲ្យ​បារាំង​ជួយ​កម្ពុជា និង​វៀតណាម​ផ្ទេរ​ពី​ផែនទី​ខ្នាត ​១/១០០ ០០០​ ដែល​បារាំង​ជា​អ្នក​គូរ​ឲ្យ​ទៅ​ខ្នាត​ ១/៥០ ០០០ វិញ ហើយ​កាល​ពី​យប់​ថ្ងៃ​អង្គារ​លោក​បាន​ថ្លែង​​នៅ​ក្នុង​វិទ្យុ​អាស៊ី​សេរី​ថា ផែនទី​ថ្មី​នឹង​មិន​បំពាន​មាត្រា​សំខាន់​មួយ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ទេ​។

លោក សម រង្ស៊ី បាន​លើក​ឡើង​ក្នុង​បទ​សម្ភាស​តាម​វិទ្យុ​ថា​៖«​រដ្ឋធម្មនុញ្ញ​មិន​ត្រូវ​ការ​វិសោធនកម្ម​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​ផែនទី UTM ខ្នាត​ ១/៥០ ០០០ ​ទេ​។ វា​គ្រាន់​តែ​ជា​ឧបករណ៍​បន្ថែម​មួយ​ដើម្បី​ធ្វើ​ឲ្យ​ផែនទី​នោះ មាន​លក្ខណៈ​លម្អិត​និង​សុក្រឹត​ជាង​មុន​។ មិន​មាន​ការ​ផ្លាស់​ប្តូរ​ខ្លឹម​សារ​នៃ​ផែនទី​»​។

លោក​បាន​បន្ត​ថា​៖ «​អនុញ្ញាត​ឲ្យ​ខ្ញុំ​បំភ្លឺ​៖ យើង​សូម​ឲ្យ​បារាំង​ជួយ​ផ្ទេរ​ខ្នាត ប៉ុន្តែ​មិន​មែន​ប្រព័ន្ធ​ទេ​។​ យើង​ចង់​ឲ្យ​ខ្នាត​ ១/១០០ ០០០ ​ផ្ទេរ​ទៅ​ខ្នាត​ ១/៥០ ០០០»​។​

«​ផែនទី​ក្រោយ មាន​ព័ត៌មាន​លម្អិត​ជាង​មុន ដែល​អាច​ធ្វើ​ឲ្យ​ការងារ​បោះ​បង្គោល​ព្រំដែន​ងាយ​ស្រួល​ជាង​មុន​និង​សុក្រឹត​ជាង​មុន​»​។

មាត្រា​២​នៃ​រដ្ឋ​ធម្មនុញ្ញ​ថ្លែង​ថា​៖«​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ មិន​អាច​រំលោភ​បាន​ដាច់​ខាត ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ​១/១០០ ០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​ ១៩៣៣‑១៩៥៣ ហើយ​ដែល​ត្រូវបាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ចន្លោះ​ឆ្នាំ​១៩៦៣‑១៩៦៩»​។

បញ្ហា​ព្រំដែន​គឺជា​បញ្ហា​ចម្រូង​ចម្រាស​ជា​យូរ​មក​ហើយ​សម្រាប់​រដ្ឋាភិបាល ហើយ​គណបក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​ ២០១៥ បាន​ធ្វើ​យុទ្ធនាការ​មួយ​ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​ប្រគល់​ដី​ឲ្យ​វៀតណាម​តាម​រយៈ​ការ​ប្រើ​ប្រាស់​ផែនទី​ដែល​មិន​មែន​ជា​ផែនទី​ខ្នាត ១/១០០ ០០០​។

លោក ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធ​សភា និង​ជាម​ន្ត្រី​ប្រឆាំង​ល្បី​ឈ្មោះ​ម្នាក់ ដែល​ជា​ខ្មែរ​ក្រោម បាន​ថ្លែង​ថា លោក​ភ័យ​ខា្លច​បាត់បង់​ដី​ពី​ការ​ផ្លាស់​ប្តូរ​ខ្នាត​ផែនទី​ពី Bonne ទៅ​វិធីសាស្ត្រ UTM​។

លោក សេដ្ឋា ថ្លែង​ថា​៖ «​រដ្ឋធម្មនុញ្ញ​កម្ពុជា​កំណត់​យក​ខ្នាត​ ១/១០០ ០០០​។ ប្រសិន​បើ​យើង​ចង់​ឲ្យ​ត្រូវ​យើង​ត្រូវ​តែ​គូរ​វា​ទៅតាម​ខ្នាត​នេះ​»​។ លោក​ពន្យល់​ថា ការ​ប្ដូរ​ផែនទី​ពី Bonne projection ទៅ​ UTM នឹង​ផ្លាស់​ប្តូរ​ខ្លឹម​សារ​នៃ​ផែនទី​។

ដោយ​គាំទ្រ​ទស្សនៈ​លោក សេដ្ឋា អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី លឺ ឡាយស្រេង ដែល​បាន​បម្រើ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​បាន​ថ្លែង​ថា ការ​ប្រើ​ប្រាស់​ផែនទី​ខ្នាត ​១/៥០ ០០០ គឺ​ខុសពី​ផែនទី​ Bonne ហើយ​នឹង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​។

លោក ឡាយស្រេង បាន​លើក​ពី​មាត្រា​២​ថា​៖«​យើង​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​មុន​សិន​»​។​«​កុំ​អនុញ្ញាត​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្វើ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​»​។

លោក មុត ចន្ថា ទីប្រឹក្សា​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ហ្វេស​ប៊ុក​លោក​កាលពី​ថ្ងៃ​អាទិត្យ​ក៏​ទំនង​ជា​ចោទ​សួរ​អំពី​ចំណេះ ដឹង​នយោបាយ​ចំពោះ​ការ​គាំទ្រ​ផែនទី​ផ្សេង​គ្នា ដោយ​លោក​ថ្លែង​ថា​សត្រូវ​មួយ​ទៀត​របស់ ហ៊ុន សែន បាន​ដួល​តាម​រយៈ​ការ​យល់​ព្រម​តាម​គោល​នយោបាយ​ព្រំដែន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក ចន្ថា ដែល​ធ្លាប់​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់ ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​២០០០​បាន​បញ្ជាក់​ថា​៖ «​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ថា​ជា​អ្នក​ដែល​បាន​ផ្តល់​នូវ​ជីវិត​វិញ​ដល់​សន្ធិ​សញ្ញា​ព្រំដែន​ឆ្នាំ​១៩៨៥ ដោយ​សារ​ហ្វ៊ុន​ស៊ិឋនប៉ិច​បាន​លើក​ដៃ​បោះឆ្នោត​គាំទ្រ​សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម ឆ្នាំ​២០០៥»​។​«​ខ្ញុំ​មិន​យល់​បញ្ហា​ផែនទី​ព្រំ​ដែន ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​ប្រទេស​របស់​ខ្ញុំ ហើយ​ខ្ញុំ​នៅ​តែ​មាន​ឆន្ទៈ​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​ទៅ​តាម​ផែនទី​ខ្នាត ១/១០០ ០០០»​។

លោក ចន្ថា មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​កាលពី​ម្សិលមិញ​។

កញ្ញា កឹម មនោ​វិទ្យា ដែល​ជា​កូន​ស្រី​បង​បង្អស់​របស់​លោក កឹម សុខា និង​ជា​អនុ​ប្រធាន​កិច្ចការ​សាធារណៈ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ និង​បាន​បង្វែរ​ឲ្យ​អ្នក​កាសែត​ទៅ​រក​អត្ថាធិប្បាយ​របស់​លោក សេដ្ឋា និង​ព្រះ​អង្គ​ម្ចាស់ ធម្មិកោ​។

លោក សម រង្ស៊ី មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​កាលពី​ម្សិល​មិញ​ទេ​៕ PS

No comments:

Post a Comment