Thursday, December 8, 2016

សត្វ​ផ្សោត​​​មួយ​ចំនួន​នៅ​ស្ទឹងត្រែង​​​ត្រូវ​បាន​រក​ឃើញ​ថា​បន្លាស់​ទី​​ទៅ​រស់​នៅ​តំបន់​ព្រំដែន​ឡាវ


ពលរដ្ឋ​ឡាវ នេសាទ​នៅ​ជាប់​អន្លង់​អភិរក្ស​ផ្សោត ឬ​អន្លង់​ឈើទាល ក្នុង​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr



ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ក្ដី​បារម្ភ​ពី​ការ​បន្លាស់​ទី​របស់​សត្វ​ផ្សោត​ពី​អន្លង់​អភិរក្ស​ឈើទាល ទៅ​រស់​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ព្រំដែន​ប្រទេស​ឡាវ មាន​ចម្ងាយ​ជាង ៣​គីឡូម៉ែត្រ។ ការ​បន្លាស់​ទី​បែប​នេះ បង្ក​ឧបសគ្គ​ច្រើន​ដល់​សត្វ​ផ្សោត ខណៈ​ច្រក​សំខាន់ៗ​ដែល​ផ្សោត​ធ្វើ​ដំណើរ សំបូរ​ប្រជាជន​ឡាវ នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់។

សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះរំកិល ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​យ៉ាង​គំហុក ដោយសារ​គ្មាន​វត្តមាន​សត្វ​ផ្សោត​នៅ​អន្លង់​អភិរក្ស​ឈើទាល។ ពួកគេ​អះអាង​ថា ការ​បន្លាស់​ទី​របស់​សត្វ​ផ្សោត​ដោយសារ​ការ​រំខាន​ដោយ​សំឡេង​រំញ័រ និង​បំផ្ទុះ​ថ្ម​នៃ​ការដ្ឋាន​សាងសង់​ទំនប់​ដនសាហុង (Don Sahong) នៅ​ក្បែរ​នោះ។

សហគមន៍​ឃុំ​ព្រះ​រំកិល ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ជា​ថ្មី​ទៀត ដោយ​ទទូច​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ស្រាវជ្រាវ​ឡើង​វិញ​អំពី​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ និង​រក​មធ្យោបាយ​អភិរក្ស​សត្វ​ផ្សោត​រស់​នៅ​តំបន់​នោះ​ឲ្យ​គង់វង្ស ដើម្បី​បម្រើ​វិស័យ​ទេសចរ​ក្នុង​តំបន់។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ក្រោយ​ពី​រក​ឃើញ​ថា ផ្សោត​ចរាចរ​ពី​អន្លង់​អូរឈើទាល ទៅ​កាន់​អន្លង់​អភិរក្ស​កន្ទុយ​កោះ​ល្បាក់ និង​អន្លង់​អភិរក្ស​ភ្នំ​បន្ទំចេក រយៈពេល ៣​ខែ​មក​ហើយ។

គំរូ​ប្លង់​ទំនប់​វារីអគ្គិសនី​ដនសាហុង។ RFA/Men Sothyr
​គណៈកម្មការ​អេកូទេសចរណ៍​ឃុំ​ព្រះរំកិល លោក ផយ វណ្ណា ចាត់​ទុក​ការ​បន្លាស់​ទី​របស់​សត្វ​ផ្សោត​ថា ជា​សញ្ញា​បង្ហាញ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ជាក់ស្ដែង បណ្ដាល​ឲ្យ​ប៉ះពាល់​ប្រាក់​ចំណូល សេដ្ឋកិច្ច​របស់​សហគមន៍ និង​ទេសចរ។ លោក​ថា ត្រី​ផ្សោត​រស់​នៅ​អន្លង់​អូរឈើទាល ៣​ក្បាល បាន​បង្ខំ​ចិត្ត​ទៅ​រស់​នៅ​ខ្សែ​ទឹក​ខាង​លើ​ឆ្ងាយ​ពី​អន្លង់​អភិរក្ស​ឈើទាល ជាង ៣​គីឡូម៉ែត្រ តំបន់​នោះ​សំបូរ​ដោយ​អ្នក​នេសាទ​ច្រើន។

លោក​សង្កេត​ឃើញ​ថា ការ​បន្លាស់​ទី​សត្វ​ផ្សោត​ពី​អន្លង់​អូរ​ឈើទាល ដោយ​ការ​រំខាន​ដោយសារ​សំឡេង​បំផ្ទុះ​ថ្ម​ទាំង​យប់​ថ្ងៃ បង្ហូរ​កាកសំណល់​គីមី​ចូល​ទន្លេ និង​ប្រើប្រាស់​ភ្លើង​អគ្គិសនី​នៅ​ពេល​យប់​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង បង្ក​ភាព​ភ័យ​ខ្លាច​ដល់​សត្វ​ផ្សោត​ដែល​រស់​នៅ​តំបន់​នោះ៖ «ខ្ញុំ​សំណូម​ពរ​ដល់​នាយករដ្ឋមន្ត្រី​ផ្ទាល់ ក៏​ដូចជា​អង្គការ​សង្គម​ស៊ីវិល ឲ្យ​មាន​ជំនាញ​ចុះ​មក​សិក្សា​បន្ថែម​ទៀត ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ធ្វើ​ឲ្យ​ឡាវ មាន​ការ​ទទួល​ខុស​ត្រូវ បញ្ហា​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ព្រោះ​អី​ខ្ញុំ​ដែល​ជា​សហគមន៍​នៅ​ទី​នេះ គឺ​ឃើញ​ផ្ទាល់​ភ្នែក​ការ​ប៉ះពាល់»។

លោក ផយ វណ្ណា រំឭក​ថា លោក​មាន​ការ​ខក​ចិត្ត​ខ្លាំង​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា កម្ពុជា​បាន​ចុះ​ពិនិត្យ​ស្ថានភាព​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង រួចរាល់​ហើយ ពុំ​មាន​បញ្ហា​ចោទ​នោះ​ទេ។ លោក​កត់សម្គាល់​ថា នៅ​ពេល​ដែល​សត្វ​ផ្សោត​បន្លាស់​ទី​ទៅ​រស់​នៅ​កន្លែង​ថ្មី មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ដែល​ចង់​ទស្សនា​ផ្សោត​នៅ​អន្លង់​ឈើទាល ខក​បំណង។

លោក​ត្អូញ​ថា មុន​ពេល​គេ​មិន​ទាន់​សាងសង់​ទំនប់​ដនសាហុង សហគមន៍​អេកូ​ទេសចរណ៍​ព្រះរំកិល លក់​សំបុត្រ​មួយ​ថ្ងៃ បាន​ពី ៥០០​ដុល្លារ ដល់ ១.០០០​ដុល្លារ តែ​បច្ចុប្បន្ន​ការ​លក់​សំបុត្រ​មិន​បាន ១០០​ដុល្លារ​ផង៖ «ភ្ញៀវ​ទេសចរ​ដែល​មក​ពី​ខាង​ឡាវ និង​មក​ពី​ខាង​ខ្មែរ​ដែល​គាត់​ចង់​មើល​ផ្សោត​នៅ​អន្លង់​យើង​នេះ គឺ​អត់​ឃើញ​ទេ។ យើង​បាត់បង់​ថវិកា​ទាំង​ស្រុង​នៅ​រយៈពេល ៣​ខែ»។

ពលរដ្ឋ​ឡាវ នេសាទ​នៅ​ជាប់​អន្លង់​អភិរក្ស​ផ្សោត ឬ​អន្លង់​ឈើទាល ក្នុង​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr

ពលរដ្ឋ​រស់​នៅ​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ គឺ​លោក ហួត សេង ក៏​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ដែរ ទាក់ទិន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង។ លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​រស់​នៅ​ឃុំ​ព្រះរំកិល រាប់​ពាន់​គ្រួសារ​ភាគ​ច្រើន​រក​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ ដូចជា​លក់​សម្ភារ​អនុស្សាវរីយ៍​ផ្ដល់​កន្លែង​ស្នាក់​នៅ និង​លក់​ចំណី​អាហារ​ជាដើម។ លើស​ពី​នេះ ពលរដ្ឋ​រស់​នៅ​តំបន់​នេះ​មាន​ទម្លាប់​នេសាទ​លក្ខណៈ​គ្រួសារ កំពុង​ប្រឈម​ការ​បាត់បង់​ជា​បណ្ដើរៗ​ដោយសារ​តំបន់​នេសាទ​សំខាន់ៗ ត្រូវ​បាន​ប្រជាជន​ឡាវ សម្រុក​មក​នេសាទ​ក្នុង​ដែនទឹក​របស់​ខ្មែរ ព្រោះ​នៅ​ច្រក​ដនសាហុង ដែល​ប្រជាជន​ឡាវ ធ្លាប់​នេសាទ ត្រូវ​បាន​រដ្ឋាភិបាល​ឡាវ បិទ​ទាំង​ស្រុង។ លោក​ចង់​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​ជាតិ និង​អន្តរជាតិ រក​មធ្យោបាយ​ដាក់​សម្ពាធ​ឲ្យ​ឡាវ ទទួល​ខុសត្រូវ​ពី​ផល​ប៉ះពាល់​នេះ៖ «អត់​មាន​ការ​សិក្សា​ឆ្លងដែន​អី​បន្តិច​សោះ ស្រាប់តែ​ឃើញ​គេ​ធ្វើ​ទំនប់​វារីអគ្គិសនី​ដនសាហុង បណ្ដោយ។ បើ​មាន​ការ​ប៉ះពាល់​របៀប​នេះ​មិន​ដឹង​ពី​ណា​អ្នក​ទទួល​ខុស​ត្រូវ»។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ជំនួប​ប្រជុំ​កំពូល​កម្ពុជា ឡាវ និង​វៀតណាម ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ នៅ​ខេត្ត​សៀមរាប ដោយ​បញ្ជាក់​ថា កម្ពុជា​បាន​ពិនិត្យ​ទិដ្ឋភាព​តំបន់​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង រួច​ហើយ​រក​ឃើញ​ថា ពុំ​មាន​ប៉ះពាល់​ចលនា​របស់​ត្រី និង​កង្វះខាត​ទឹក​នោះ​ទេ។ ការ​ថ្លែង​បែប​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ហាក់​កំពុង​បំបាក់​ទឹក​ចិត្ត​ដល់​អ្នក​ការពារ​បរិស្ថាន និង​មិន​បាន​លើក​ទឹក​ចិត្ត​ចំពោះ​សំឡេង​របស់​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​សម្ដែង​ពី​កង្វល់​របស់​ខ្លួន​ចំពោះ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។

ទិដ្ឋភាព​សំណង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ដែល​ឡាវ កំពុង​សាងសង់​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr

អាស៊ីសេរី មិន​អាច​ទាក់ទង​អគ្គលេខាធិការ​គណៈកម្មការ​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ រំហូរ​ទឹក​ខុស​ប្រក្រតី​នៅ​អន្លង់​អភិរក្ស​ផ្សោត​ព្រះ​រំកិល បណ្ដាល​ឲ្យ​កើត​មាន​បាតុភូត​គ្រោះ​ធម្មជាតិ​បាក់​ច្រាំងទន្លេ​ទល់​មុខ​អន្លង់ផ្សោត ជម្រៅ​ជាង ១០​ម៉ែត្រ និង​បណ្តោយ​ជាង ១០​ម៉ែត្រ​ បង្ក​ខូចខាត​ទ្រព្យ​សម្បត្តិ​សហគមន៍​រាប់​ពាន់​ដុល្លារ។ បាតុភាព​នេះ មន្ត្រី​ជំនាញ​បរិស្ថាន​សន្និដ្ឋាន​ថា អាច​បណ្ដាល​មក​ពី​ទឹក​នៅ​តំបន់​ផ្សេងៗ​កើត​ឡើង​ដោយសារ​រដ្ឋាភិបាល​ឡាវ បិទ​ច្រក​ហ៊ូសាហុង (Hu Sahong) ទាំង​ស្រុង ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) បង្ក​ឲ្យ​ចរន្ត​ទឹក​ហូរ​កួច​ខ្លាំង​នៅ​អន្លង់​អភិរក្ស​ផ្សោត។

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ដែល​តាមដាន​ស្ថានភាព​ទន្លេ​មេគង្គ កត់​សង្កេត​ឃើញ​ថា គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ដនសាហុង បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់ ជាពិសេស​នៅ​ដំណាក់កាល​សាងសង់​បង្ក​គ្រោះថ្នាក់​ដល់​ធនធាន​ធម្មជាតិ​ដូចជា ការ​បិទ​ច្រក​ចេញចូល​របស់​ត្រី រាំង​ខ្ទប់​ត្រី​មិន​ឲ្យ​ឡើង​ចុះ​បាន​ទាំង​ប្រាំង និង​វស្សា ជាពិសេស​បង្ក​ការ​រំខាន​ដល់​លក្ខណៈ​ជីវសាស្ត្រ​របស់​សត្វ​ផ្សោត​នៅ​ក្បែរ​នោះ។

លោក​ពន្យល់​ថា សត្វ​ផ្សោត​រស់​នៅ​អន្លង់​ខ្សែ​ទឹក​ខាង​លើ​ប្រឈម​គ្រោះថ្នាក់​ដោយសារ​អន្លង់​នោះ​មាន​លក្ខណៈ​តូច​ចង្អៀត​លំបាក​ស្វែង​រក​ចំណី។ ក្រៅ​ពី​នេះ ក៏​បង្ក​ការ​លំបាក​ដល់​សហគមន៍​ក្នុង​ការ​អភិរក្ស​ផ្សោត​ទាំង​នោះ​ដែរ ព្រោះ​អន្លង់​អភិរក្ស​ដែល​ផ្សោត​ជ្រក​បច្ចុប្បន្ន​នេះ ឋិត​នៅ​ព្រំដែន​ប្រទេស​ឡាវ គ្រប់គ្រង៖ «ហានិភ័យ​ចំពោះ​សត្វ​ផ្សោត​ដែល​ឡើង​ទៅ​ពូន​នៅ​អន្លង់​តូច​មួយ​ហ្នឹង​វា​មាន​ច្រើន។ យើង​ដឹង​ហើយ​ថា តំបន់​ហ្នឹង​មិន​មែន​ជា​តំបន់​អភិរក្ស​ទេ ហើយ​ប្រជាជន​ឡាវ ដែល​រស់​នៅ​តំបន់​កោះ​ខន​ហ្នឹង​គាត់​ទៅ​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​តំបន់​ហ្នឹង»។

ទិដ្ឋភាព​សំណង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ដែល​ឡាវ កំពុង​សាងសង់​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr

​មន្ត្រី​សម្របសម្រួល​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) លោក ឯក ចំរើន សង្កេត​ឃើញ​ថា សហគមន៍​នេសាទ ពលរដ្ឋ និង​សង្គម​ស៊ីវិល កំពុង​ខ្វល់ខ្វាយ​ពី​ជោគវាសនា​ធនធាន​ជលផល​នៅ​ទន្លេ ជាពិសេស​សត្វ​ផ្សោត​អាច​នឹង​ផុត​ពូជ​នៅ​គ្រា​ដែល​មាន​ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ​មេគង្គ។ លោក​ក៏​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កន្លង​មក​ដែល​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ពុំ​មាន​ផល​ប៉ះពាល់។

លោក​កត់សម្គាល់​ថា អង្គការ​របស់​លោក​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​បញ្ហា​នេះ​ពី​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​នោះ​ទេ ហើយ​ក៏​ពុំ​ឃើញ​មាន​ការ​ផ្សាយ​របាយការណ៍​ស្ដីពី​ការ​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​ដែរ។ លោក​យល់​ថា បើ​ទោះ​បី​ជា​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នោះ ឋិត​ក្នុង​អធិបតេយ្យភាព​របស់​ឡាវ ក្តី តែ​ទំហំ​ផល​ប៉ះពាល់​មាន​លក្ខណៈ​ឆ្លង​ដែន។

លោក​ចាត់​ទុក​គម្រោង​អភិវឌ្ឍន៍​នេះ គឺ​ជា​គម្រោង​ដ៏​គ្រោះថ្នាក់​ចំពោះ​សន្តិសុខ​ស្បៀង និង​ជីវភាព​ប្រជាជន​រាប់​លាន​នាក់​នៅ​តាម​ដង​ទន្លេ​មេគង្គ៖ «ក្រោយ​ពី​បាន​ស្ដាប់​ឮ​គាត់ (ហ៊ុន សែន) មាន​ប្រសាសន៍​ថា អត់​មាន​ផល​ប៉ះពាល់​អី​ហ្នឹង​យើង​គិត​ថា ទាំង​អស់​គ្នា​ហ្នឹង​យើង​មិន​ទាន់​បាន​សម្រេច​ចិត្ត​ដូច​គាត់​ថា​ហ្នឹង​ទេ ព្រោះ​ការ​ព្រួយ​បារម្ភ​របស់​យើង​ពី​ផល​ប៉ះពាល់​ហ្នឹង​ឃើញ​ទិដ្ឋភាព​ការ​អនុវត្ត​ជាក់ស្ដែង​ហ្នឹង​ទៅ​ខាង​មុខ​ទៀត​យើង​ឃើញ​ថា មាន​ផល​ប៉ះពាល់»។

ទេសចរ​ជាតិ អន្តរជាតិ ទស្សនា​កម្សាន្ត​នៅ​អន្លង់​អភិរក្ស​សត្វ​ផ្សោត កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr

​ប្រទេស​ឡាវ បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ទាំង​យប់​ថ្ងៃ​ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៥ រហូត​មក​ទល់​ពេល​នេះ សម្រេច​បាន​ជាង ៤០​ភាគរយ។ ក្រុមហ៊ុន មេហ្គា ហ្វើស (Mega First Corporation Berhad) ទទួល​បន្ទុក​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង មាន​កម្ពស់​ពី ៣០​ម៉ែត្រ ទៅ ៣២​ម៉ែត្រ និង​មាន​ប្រវែង​ប្រហែល ៧​គីឡូម៉ែត្រ។ ចំណែក​លទ្ធភាព​ផលិត​ថាមពល​អគ្គិសនី គឺ​មាន​ចាប់​ពី ២៤០​មេហ្គាវ៉ាត់ ទៅ ៣៦០​មេហ្គាវ៉ាត់។ ទំនប់​នេះ​មាន​ចម្ងាយ ១​គីឡូម៉ែត្រ​កន្លះ (១.៥០០) ពី​ព្រំដែន​ខេត្ត​ស្ទឹងត្រែង។

​តំបន់​នោះ​ជា​តំបន់​ល្បាក់ខោន នៅ​ជិត​តំបន់​រ៉ាំសា ដែល​ផ្ដល់​ប្រភព​ប្រាក់​ចំណូល និង​សន្តិសុខ​ស្បៀង​ដល់​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​រាប់​លាន​នាក់។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ធ្លាប់​មាន​ប្រសាសន៍​ថា ប្រសិនបើ​សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល​ផុត​ពូជ​មែន​នោះ វា​នឹង​ធ្វើ​ឲ្យ​សហគមន៍​ទេសចរ​ព្រះរំកិល បាត់បង់​ប្រាក់​ចំណូល​មាន​ជា​អាទិ៍ ការ​លក់​សំបុត្រ​ចូល​ទស្សនា​សត្វ​ផ្សោត ការ​បម្រើ​សេវា​ដឹក​ជញ្ជូន​អ្នក​ទេសចរ ការ​លក់​ម្ហូប​អាហារ និង​សម្ភារៈ​អនុស្សាវរីយ៍​ជាដើម។

កាល​ពី​មុន​ឆ្នាំ​២០១០ សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល មាន ៨​ក្បាល ក៏​ប៉ុន្តែ​សត្វ​កម្រ​ទាំង​នេះ​បាត់បង់​ជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្ន​នៅ​សល់​ផ្សោត​ធំៗ​ប្រមាណ ៣​ក្បាល បន្ត​រស់​នៅ​ក្រោម​ការ​អភិរក្ស​របស់​សហគមន៍ និង​ឆ្មាំ​ទន្លេ។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ធ្វើ​ការ​ស្រាវជ្រាវ និង​រក​មូលហេតុ​ជុំវិញ​បញ្ហា​នេះ ដើម្បី​ធ្វើ​កំណត់​ហេតុ​ស្ដីពី​ការ​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឆ្លង​ដែន​ក្នុង​គោលបំណង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ជជែក​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ឡាវ៕

ទិដ្ឋភាព​សំណង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ដែល​ឡាវ កំពុង​សាងសង់​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr

No comments:

Post a Comment