រដ្ឋបាលខេត្តព្រះសីហនុ កំពុងមមាញឹកការងារស្ថាបនា និងអភិវឌ្ឍន៍មូលដ្ឋាន ពិសេសតំបន់ឆ្នេរសមុទ្រឲ្យមានសោភណភាព ដើម្បីត្រៀមរៀបចំស្វាគមន៍ពិធីបុណ្យសមុទ្រជុំទី២ ដែលខេត្តនេះនឹងទទួលធ្វើជាម្ចាស់ផ្ទះរយៈពេល ៣ថ្ងៃ នៅចុងខែធ្នូ ឆ្នាំ២០១៦។
អ្នកឃ្លាំមើលសង្គម និងវិស័យឯកជន គាំទ្រសកម្មភាពអភិវឌ្ឍន៍មូលដ្ឋាន និងតំបន់ឆ្នេរសមុទ្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមអបអរពិធីបុណ្យសមុទ្រឆ្នាំនេះឲ្យទទួលបានភាពសប្បាយរីករាយ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានដឹកនាំមន្ត្រីក្រោមឱវាទមួយចំនួនរួមមាន លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងលោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានជាដើម ចុះពិនិត្យផ្ទាល់ទៅលើការងារស្ថាបនាទីតាំងមួយចំនួន ពិសេសទីតាំងប្រារព្ធពិធីបុណ្យសមុទ្រនៅឆ្នេរឯករាជ្យ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ។
លោក យន្ត មីន ផ្តល់សម្ភាសថា ការងារស្ថាបនាតំបន់ឆ្នេរ និងអភិវឌ្ឍន៍មូលដ្ឋាននេះ ត្រៀមធ្វើជាម្ចាស់ផ្ទះពិធីបុណ្យសមុទ្រជុំទី២ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ពេលនេះក្រុមការងារ ស្ថាបនាបានចន្លោះពី ៩០% ទៅ ៩៥% ហើយ ហើយការងារស្ថាបនានេះនឹងរួចរាល់តាមផែនការកំណត់។ លោកបង្ហាញមោទនភាពថា មូលដ្ឋានខេត្តជាប់ឆ្នេរសមុទ្រមួយនេះនាពេលបច្ចុប្បន្ន គឺមានសួនច្បារស្រស់បំព្រង ផ្លូវធ្វើដំណើរទូលាយ និងមានបំពាក់ភ្លើងបំភ្លឺ បង្ហាញពីសោភ័ណភាពស្រស់បំព្រងស្ទើរគ្រប់ច្រកល្ហក ពិសេសតំបន់ឆ្នេរឯករាជ្យ។
លោក យន្ត មីន ស្នើដល់ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ វិស័យឯកជន និងផ្នែកពាក់ព័ន្ធដទៃទៀត សូមចូលរួមថែរក្សាអនាម័យ បរិស្ថាននៅតាមទីតាំងរៀងៗខ្លួនឲ្យមានសោភ័ណភាពល្អ និងត្រូវចូលរួមសហការគាំទ្រការងាររៀបចំបុណ្យសមុទ្រជាមួយរដ្ឋបាលខេត្តព្រះសីហនុ ឲ្យបានទាំងអស់គ្នា ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះឲ្យបានច្រើនថែមទៀតនៅថ្ងៃខាងមុខ៖ «ដើម្បីឲ្យភ្ញៀវទេសចរដែលចូលមកទស្សនាខេត្តព្រះសីហនុ ជក់ចិត្តមកលេងកម្សាន្តម្តងហើយ ចង់មកម្តងទៀត គឺរដ្ឋបាលខេត្តបានណែនាំដល់ប្រតិបត្តិករទេសចរបម្រើសេវាទេសចរណ៍ទាំងអស់ ឲ្យកំណត់តម្លៃសេវាទាំងការស្នាក់នៅ ទាំងសេវាចំណីអាហារ និងសេវាផ្សេងៗទៀត ឲ្យមានតម្លៃសមរម្យ ឬឲ្យមានការកែលំអនៅតាមទីតាំងរៀងៗខ្លួន។ បញ្ហានេះកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងទេសចរណ៍ បានផ្សព្វផ្សាយ និងសំណូមពរអំពាវនាវរហូតបានអញ្ជើញប្រតិបត្តិករទេសចរទាំងអស់មកណែនាំ និងផ្តល់ការអប់រំអំពីរបៀបទទួលភ្ញៀវនៅតាមទីតាំងបម្រើសេវាទាំងនោះ មានដូចជានៅតាមសណ្ឋាគារ ត្រូវរៀបចំការទទួលភ្ញៀវរបៀបម៉េចឲ្យមានការចាប់អារម្មណ៍ និងជក់ចិត្តពីភ្ញៀវទេសចរ ដែលមករកសេវាបម្រើ ស្នាក់នៅ ឬសេវាចំណីអាហារជាដើម។ ជាងនេះ ក៏បានណែនាំអំពីការថែរក្សាអនាម័យបរិស្ថាន បង្គន់អនាម័យត្រូវតែមានការសម្អាតឲ្យមានអនាម័យល្អ និងការស្លៀកពាក់របស់បុគ្គលិកនៅតាមទីតាំងនីមួយៗ ត្រូវឲ្យបានស្អាតបាតជាដើម។ ក្នុងនោះសម្រាប់សេវាបម្រើវិស័យទេសចរណ៍របស់ក្រុមប្រតិបត្តិករនៅតាមតំបន់ឆ្នេរ ក៏ត្រូវតែយកចិត្តទុកដាក់បម្រើសេវាដល់ភ្ញៀវទេសចរឲ្យបានត្រឹមត្រូវដែរ ពិសេសការកំណត់តម្លៃម្ហូបអាហារ និងតុអង្គុយជាដើម»។
ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងវិស័យឯកជនភាគច្រើននាមូលដ្ឋាននេះ បានគាំទ្រការត្រៀមលក្ខណៈជាមុន និងសកម្មភាពការងារអភិវឌ្ឍន៍មូលដ្ឋាន ពិសេសតំបន់ឆ្នេរសមុទ្រដើម្បីត្រៀមទទួលភ្ញៀវទេសចរ ចូលមកទស្សនាពិធីបុណ្យសមុទ្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ពេលនេះ។
ទន្ទឹមគ្នានេះ អ្នកឃ្លាំមើលសង្គមមួយចំនួន បានស្នើដល់រដ្ឋបាលខេត្តនេះត្រូវបង្កើតចំណតយានយន្ត ធុងសំរាម ពិសេសបន្ទប់ទឹក ឬបង្គន់អនាម័យឲ្យបានច្រើន ទុកសម្រាប់ផ្តល់ជូនភ្ញៀវទេសចរប្រើប្រាស់ក្នុងឱកាសពិធីបុណ្យសមុទ្រ ដើម្បីរួមគ្នាថែរក្សាអនាម័យបរិស្ថានជាមួយអាជ្ញាធរឲ្យបានទាំងអស់គ្នា ព្រោះតាមការសង្កេតកន្លងមក ភ្ញៀវទេសចរបានរអ៊ូរទាំថា ខេត្តទេសចរណ៍មួយនេះមិនមានធុងសំរាម បន្ទប់ទឹក ឬបង្គន់អនាម័យសម្រាប់ផ្តល់ជូនពួកគេប្រើប្រាស់ឲ្យបានគ្រប់ចំនួនទេ។
គណៈកម្មការរៀបចំបុណ្យសមុទ្របានប្រកាសថា បុណ្យសមុទ្រជុំទី២ ឆ្នាំ២០១៦ នេះ គឺមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»។ ពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី នឹងចូលរួមជាកិត្តិយសបើកកម្មវិធីបុណ្យសមុទ្រនៅទីតាំងប្រារព្ធពិធីនាឆ្នេរឯករាជ្យ ឬឆ្នេរសណ្ឋាគារ ៧ជាន់ខេត្តព្រះសីហនុ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ប្រកាសស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា សូមអញ្ជើញមកចូលរួមកម្សាន្តពិធីបុណ្យសមុទ្រឆ្នាំនេះឲ្យបានច្រើនកុះករ ដោយសមត្ថកិច្ចជំនាញមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ បានត្រៀមកម្លាំងការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ដោយការទទួលខុសត្រូវខ្ពស់៕
No comments:
Post a Comment