Tuesday, December 6, 2016

សកម្មជន​បន្ត​ធ្វើ​យុទ្ធនាការ​ពណ៌​ខ្មៅ​រហូត​ទាល់​តែ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស


សកម្មជន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​នៅ​តំបន់​បឹងកក់​ពី​ម្សិលមិញ​។ រូបថត លីកាដូ



ភ្នំពេញៈ តំណាង​សហគមន៍​បឹងកក់​បាន​ច្រាន​ចោល​ព័ត៌មាន​ក្នុង​ស្រុក​ដែល​ចុះ​ផ្សាយ​ថា​ពួកគេ​បញ្ឈប់​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គជប និង​តំណាង​សហគមន៍​របស់​ខ្លួន​ដោយ​ពួកគេ​ប្រកាស​ថា​នឹង​នៅ​តែ​​ប្រកាន់​ជំហរ​បន្ត​ធ្វើ​យុទ្ធនាការ​នេះ​ជា​រៀងរាល់​ថ្ងៃ​ចន្ទ​រហូត​​ទាល់​តែ​មាន​ការ​ដោះលែង​អ្នក​ទាំង​នោះ​ខណៈ​សង្គម​​ស៊ីវិល​បង្ហាញ​ភាព​វិជ្ជមាន​បន្ទាប់ពី​ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​លើកលែង​ទោស​លោក កឹម សុខា ប្រធាន​ស្តីទី​បក្ស​សង្គ្រោះ​ជាតិ។

ការ​បដិសេធ​នេះ​បាន​ធ្វើ​ឡើង​​បន្ទាប់ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា​ «​យុទ្ធនាការ​អាវ​ខ្មៅ​ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​ថ្ងៃ​ចន្ទ​ដើម្បី​ទាមទារ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​លែង​មាន​ទៀត​ហើយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី ៥ ខែ​ធ្នូ ឆ្នាំ​ ២០១៦ ហើយ​នៅ​ថ្ងៃ​ចន្ទ​នាពេល​​ខាង​មុខ​ទៀត​ក៏​នឹង​លែង​មាន​វត្តមាន​ទៀត​ដែរ»។

តំណាង​អ្នក​បឹងកក់​ដែល​លេចធ្លោ​ក្នុង​ការ​ដឹកនាំ​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ​អ្នកស្រី បូវ សោភា បាន​បញ្ជាក់​ថា​សកម្មជន​ដីធ្លី​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​រហូត​មាន​ការ​ដោះលែង​អ្នក​ទាំង​នោះ។ អ្នកស្រី​បញ្ជាក់​ថា៖ «ពួកខ្ញុំ​បាន​ប្រកាស​គោលជំហរ​តាំងពី​ដើម​មក​ថា​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​អត់​បញ្ឈប់​ទេ​គឺ​នៅ​បន្ត​រហូត​មាន​ការ​ដោះលែង​សង្គម​ស៊ីវិល​ជាពិសេស​ដោះលែង​អ្នកស្រី ទេព វន្នី ទើប​យុទ្ធនាការ​​នេះ​បាត់បង់​ទៅ»។ «ឧទាហរណ៍​ថា​គេ​ដោះលែង​គាត់​ទាំង ៦ ​នាក់​ក្នុង​សប្តាហ៍​ហ្នឹង​គឺ​ពួក​ខ្ញុំ​នឹង​ឈប់​ធ្វើ​យុទ្ធនាការ​នេះ​តែ​ម្តង​ហើយ​សប្តាហ៍​ក្រោយៗ​គឺ​លែង​មាន​ហើយ»​។
កាលពី​ព្រឹក​ម្សិលមិញ​សកម្មជន​ដីធ្លី​ប្រមាណ ៥០ នាក់​បាន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នៅ​សហគមន៍​បឹងកក់​ដោយ​មាន​​និមន្ត​ព្រះសង្ឃ​ចូលរួម​ផង​ដែរ។ អ្នកស្រី​ បូវ សោភា ថ្លែង​ថា​៖ ​«យើង​បាន​និមន្ត​ព្រះសង្ឃ​ ៧ អង្គ ១ ​អង្គ​តំណាង​ឱ្យ​អ្នកស្រី​ ទេព វន្នី ៥ អង្គ​ទៀត​តំណាង​ឱ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គជប និង ១ អង្គ​ទៀត​តំណាង​ឱ្យ​អ្នកទោស​មនសិការ​ជាតិ​ដើម្បី​បួងសួង​សូម​ឲ្យ​ប្រព័ន្ធ​តុលាការ​បន្ទន់​ចិត្ត​ដោះលែង​អ្នក​ទាំង​នោះ»។

យ៉ាង​ណា​ក៏ដោយ​អ្នកស្រី​បង្ហាញ​សេចក្តី​សង្ឃឹម​ថា​មន្ត្រី​ទាំង​នោះ និង​អ្នកស្រី ទេព វន្នី នឹង​ត្រូវ​ដោះលែង​នៅ​ពេល​ខាង​មុខ​ខណៈ​ប្រធាន​ស្តីពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​ជា​ដើមចម​នៃ​បញ្ហា​នេះ​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើក​លែង​​ទោស​នាពេល​ថ្មីៗ​នេះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​សង់ត្រាល់​លោក មឿន តុលា យល់​ថា​រដ្ឋាភិបាល​គួរ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នកស្រី​ ទេព វន្នី ដើម្បី​ឱ្យ​ស្ថានការណ៍​នយោបាយ​កាន់​តែ​ប្រសើរ​ជាង​នេះ។ លោក​ថា៖ ​«យើង​មើល​ឃើញ​ថា​ករណី​នេះ​ជា​ល្បែង​នយោបាយ អ៊ីចឹង​អ្នក​ទាំង​នោះ​គ្រាន់​តែ​ជា​ឈ្នាន់​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ទេ​ចឹង​ពួកគាត់​គួរ​តែ​ត្រូវ​បាន​ដោះលែង ឬ​ទម្លាក់​ការ​ចោទប្រកាន់​តែ​ម្តង»។ ទាក់ទង​នឹង​យុទ្ធនាការ​អាវ​ខ្មៅ​វិញ​លោក​តុលា​ថ្លែង​ថា៖ «ដរាប​ណា​ពួកគាត់​មិន​ត្រូវ​បាន​ដោះលែង​គឺ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នៅ​តែ​បន្ត​តាម​លទ្ធភាព​ដែល​​អាច​ធ្វើ​ទៅ​បាន​។ គោលបំណង​ច្បាស់​ណាស់​ឱ្យ​តែ​មាន​ការ​ដោះលែង​យើង​ឈប់​ភ្លាម»​។

នាយក​ប្រតិបត្តិ​​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ហៅ​កាត់​ខុមហ្វ្រែល​លោក គល់ បញ្ញា ថ្លែង​ថា​តុលាការ​គួរ​ទម្លាក់​ការ​ចោទប្រកាន់​ដោយសារ​ពុំ​មាន​ទឡ្ហីករណ៍​គ្រប់គ្រាន់​សម្រាប់​ដាក់​ទោស​មន្ត្រី​សិទ្ធិ​មនុស្ស​ទេ​ខណៈ​លោក​នឹង​បន្ត​យុទ្ធសាស្ត្រ​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​​អ្នក​ទាំង​នោះ។ លោក​ថា​៖ ​«សព្វ​ថ្ងៃ​យើង​ធ្វើ​យុទ្ធនាការ​តាម​វិទ្យុ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​​បាន​ដឹង​អំពី​ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​មិន​ត្រឹមត្រូវ​ដោយ​អយុត្តិធម៌​ហើយ​បាន​ចូលរួម​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ហើយ​យើង​រក​វិធីសាស្ត្រ​ថ្មី​ទៀត​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​ព្រោះ​ស្ថានការណ៍​វិវឌ្ឍ​ទៅ​មុខ​ដោយ​មាន​ការ​លើកលែង​ទោស​​​លោក កឹម សុខា»​។

យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ​៩ ឧសភា​គឺ​មួយ​សប្តាហ៍​បន្ទាប់ពី​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន ​៤ រូប និង​​អគ្គលេខាធិការរង គជប មួយ​រូប​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ទាំង​ «អយុត្តិធម៌»៕

No comments:

Post a Comment