ភ្នំពេញៈ ប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាការរំលោភដីធ្លី និងប្រជាកសិករប្រមាណ ៣០០ នាក់តំណាងឱ្យ ២ ២៥៩ គ្រួសារ មកពីខេត្តចំនួន ៨ ស្នើឲ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជំរុញទៅអាជ្ញាធរថ្នាក់ក្រោមជាតិឱ្យដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានឆាប់ ខណៈកសិករក៏ស្នើឱ្យរដ្ឋាភិបាល ស្វែងរកទីផ្សារសម្រាប់លក់ផលិតផលកសិកម្មឱ្យបានតម្លៃសមរម្យ។
នៅវេលាម៉ោង ៩ ព្រឹក ម្សិលមិញ ប្រជាពលរដ្ឋរងគ្រោះទាំងនោះ បានដើរដាក់ញត្តិទៅក្រសួងពាក់ព័ន្ធរួមមានក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋសភាដើម្បីឲ្យស្ថាប័នជាតិទាំងនេះជួយអន្តរាគមន៍។
ប្រជាពលរដ្ឋទាំងនេះមកពីខេត្ត ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ ព្រះវិហារ ព្រះសីហនុ ត្បូងឃ្មុំ និងខេត្តកំពត។
ក្នុងញត្តិរួមមួយរបស់ពួកគេបានទាមទារឱ្យរដ្ឋាភិបាល និងរដ្ឋសភា ត្រូវដោះស្រាយបញ្ហាកសិកម្មនិងដីធ្លីជូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាប្រឈម ការរឹបអូសដីធ្លីពីឈ្មួញអាជ្ញាធរ និងអ្នកមានអំណាច និងរងការបំពានពីក្រុមហ៊ុនមួយចំនួន។
ញត្តិនេះបានស្នើរដ្ឋសភាបញ្ឈប់ធ្វើគោលនយោបាយ ឬច្បាប់ដែលធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ពួកគេក៏បានដាក់ញត្តិផ្សេងៗគ្នា ដោយអ្នកមានបញ្ហាដីធ្លី បានស្នើទៅក្រសួងដែនដី សូមឲ្យជួយអន្តរាគមន៍ដល់អាជ្ញាធរខេត្ត ស្រុក មន្ទីរធ្វើការចុះវាស់វែង និងដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋរស់នៅតាមសហគមន៍ អន្តរាគមន៍ទៅកាន់តុលាការ និងអាជ្ញាធរឲ្យបញ្ឈប់ការគំរាមកំហែងការធ្វើទុក្ខបុកម្នេញ និងការចោទប្រកាន់ដល់សកម្មជនដីធ្លី។
ទាក់ទងនឹងកសិករវិញ ពួកគេបានស្នើក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្នើទៅរដ្ឋាភិបាល និងសភាជាតិ ធ្វើការរៀបចំថវិកាជាតិក្នុងមួយឆ្នាំ ៤០០ លានដុល្លារ ដើម្បីជួយទិញផលិតផលកសិកម្មរបស់កសិករត្រូវស្វែងរកទីផ្សារ បញ្ឈប់ការនាំចូលអង្ករ និងម្ហូបអាហារដែលផ្ទុកសារធាតុគីមីពីប្រទេសជិតខាង។
តំណាងសម្ព័នកសិករ CCFC និងជាអ្នកសម្របសម្រួលការដាក់ញត្តិនេះ លោក ញ៉ិល ភាព ថ្លែងថា ប្រជាពលរដ្ឋរងគ្រោះ បានដាក់ញត្តិមកក្រសួងដែនដីច្រើនលើករួចមកហើយ តែមិនទាន់មានដំណោះស្រាយសមរម្យណាមួយឡើយ។
លោកថា៖ «យើងយកញត្តិមកក្រសួងរាប់ភ្លេចតែអត់មានដំណោះស្រាយមួយណា ដែលធ្វើឱ្យប្រជាពលរដ្ឋ សហគមន៍ទទួលយកបានទេ ហើយឥឡូវថ្មីៗនេះ ឃើញមានឧកញ៉ាមួយចំនួនប្រើទាហាន កងកម្លាំងទៅរុះរើ បណ្តេញប្លន់ដីធ្លីប្រជាពលរដ្ឋ»។
តំណាងសហគមន៍មកពីខេត្តព្រះសីហនុ លោក ស៊ុន សុផាត ថ្លែងថា កន្លងមកអាជ្ញាធរមូលដ្ឋានបានទៅវាស់វែងដីពិតមែន តែមិនឃើញមានដំណោះស្រាយឡើយ។
លោកថា៖ «ចឹង ខ្ញុំសូមស្នើឱ្យអាជ្ញាធរជាពិសេសក្រសួងដែនដី ជួយជំរុញទៅថ្នាក់ស្រុក ខេត្តដើម្បីធ្វើការវាស់វែងឱ្យមានប្រសិទ្ធភាព និងចេញសលាកប័ត្រជូនពលរដ្ឋ»។
សមាជិកក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងដែនដី លោក ឡាយ ផល្លឹម ថ្លែងថា កន្លងមកក្រសួងបានបញ្ជូនមន្ត្រីជំនាញទៅធ្វើការដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋរងគ្រោះ បន្ទាប់ពីទទួលបានញត្តិនានា ខណៈលោកស្នើឱ្យពលរដ្ឋរង់ចាំដំណោះស្រាយដោយអត់ធ្មត់។
លោកថា៖ «ក្រសួងបានដាក់ក្រុមការងារចុះទៅធ្វើរួចហើយ ប៉ុន្តែមិនមែនធ្វើមួយថ្ងៃហើយណា តែពលរដ្ឋចេះតែបារម្ភព្រោះគាត់មានទំនាស់ តែក្រសួងនៅតែខិតខំបន្តចុះដោះស្រាយបន្ថែមទៀត ហើយបន្ទាប់ពីក្រុមការងារចុះស្រង់របាយការណ៍អស់ហើយ នឹងមានលទ្ធផលតែមិនអាចកំណត់ពេលវេលាបានទេ»។
ប្រជាកសិករដែលកំពុងជួបបញ្ហាកសិផលធ្លាក់ថ្លៃលោក ហ៊ុល ឌួក មកពីខេត្ត ព្រៃវែង ថ្លែងថា៖ «ខ្ញុំសំណូមពរដល់រដ្ឋាភិបាល កុំនាំចូលបន្លែ អង្ករ ស្រូវ ព្រោះកសិករធ្វើកសិផលបាន តែលក់មិនចេញ ហើយលក់បានតម្លៃថោកទៀតដោយសារការនាំចូលផលិតផលបរទេស»។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួង កសិកម្មលោក ឡោ រស្មី ដែលបានទទួលញត្តិ បានថ្លែងថា ក្រសួងនឹងពិនិត្យមើលតាមផ្លូវច្បាប់ហើយចាត់វិធានការតាមក្រោយ។
លោកថា៖«យើងនឹងពិនិត្យមើលឱ្យបានសមស្របតាមនីតិវិធី ហើយសូមបងប្អូនខិតខំធ្វើកសិផល ក្នុងករណីជួបបញ្ហាស្រូវធ្លាក់ថ្លៃ គឺយើងមានមន្ទីរមូលដ្ឋានសម្រាប់ដោះស្រាយ។ អ៊ីចឹងបើមានឈ្មួញកណ្តាលដើរអុកឡុកតម្លៃសូមរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានដើម្បីជួយរកដំណោះស្រាយ»។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំងនេះបានព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំ និងហែញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុន សែនក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិននៅតែមិនមានដំណោះស្រាយបញ្ហាដីធ្លី និងផលិតផលកសិកម្មគ្មានទីផ្សារលក់៕
No comments:
Post a Comment