Monday, December 26, 2016
ក្រសួងការពារជាតិបង្ហាញមោទនភាពពេលយុវជនច្រើនប្រឡងចូលសាលាទាហាន
ក្រសួងការពារជាតិ នៅថ្ងៃទី២៦ ធ្នូ បន្តការប្រឡងជ្រើសរើសនាយទាហានសកម្មជំនាន់ទី២១ នៅទូទាំងប្រទេសលើវិញ្ញាសាកាយសម្បទា បន្ទាប់ពីការប្រឡងចំណេះដឹងទូទៅ និងភាសាអង់គ្លេសកាលពីថ្ងៃទី២៥ ខែធ្នូ។
ទីប្រឹក្សាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានមណ្ឌលប្រឡងរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ថ្លែងថា លោកមានមោទនភាពដែលមានយុវជនច្រើនបានដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌក្រសួងការពារជាតិ។ លោកថា ការគាំទ្ររបស់យុវជននេះ នឹងធ្វើឲ្យវិស័យការពារជាតិកម្ពុជា មានការរីកចម្រើន៖ «»។
ការប្រឡងជ្រើសរើសនាយទាហាននៅឆ្នាំនេះ មានយុវជនដាក់ពាក្យប្រឡងជាង ៤ពាន់នាក់ (៤.០១០នាក់)។
ការប្រឡងត្រូវបានចែកចេញជាពីរ គឺវិញ្ញាសាចំណេះដឹងទូទៅ និងភាសាអង់គ្លេស ដែលធ្វើឡើងកាលពីថ្ងៃទី២៥ ធ្នូ និងវិញ្ញាសាកាយសម្បទា ឬកីឡា ដែលមានរយៈពេល ៣ថ្ងៃតាមវគ្គនីមួយៗ ដូចជាវគ្គនាយទាហានសកម្មជំនាន់ទី២១ ធ្វើនៅថ្ងៃទី២៦ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី៩ ធ្វើនៅថ្ងៃទី២៧ និងវគ្គនាយទាហានបន្តវេនជំនាន់ទី១០ ធ្វើនៅថ្ងៃទី២៨ ខែធ្នូ ខាងមុខ។ទីប្រឹក្សាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បញ្ជាក់ថា វគ្គនាយទាហានសកម្ម និងវគ្គនាយទាហានទ័ពជើងគោកសិក្សារយៈពេល ៤ឆ្នាំ ជាថ្នាក់បរិញ្ញាបត្រ ចំណែកឯវគ្គនាយទាហានបន្តវេន សិក្សារយៈពេល ៦ខែ៖ «»។
ការប្រឡងវគ្គនាយទាហាននៅឆ្នាំនេះចែកចេញជា ៦មណ្ឌល គឺមណ្ឌលរាជធានីភ្នំពេញ ស្ទឹងត្រែង កំពត បាត់ដំបង សៀមរាប និងមណ្ឌលកំពង់ចាម ហើយការប្រឡងត្រូវប្រព្រឹត្តទៅដូចគ្នានៅគ្រប់មណ្ឌលទាំង៦។ បេក្ខជន ៦២០នាក់ដែលជាប់ក្នុងការប្រឡង និងបំពេញលក្ខខណ្ឌគ្រប់គ្រាន់ នឹងត្រូវបានជ្រើសរើសឲ្យចូលរៀនតាមវគ្គសិក្សានីមួយៗសម្រាប់ឆ្នាំ២០១៧។
ថ្លែងក្រោយការប្រឡងកាយសម្បទា បេក្ខជនម្នាក់ គឺកញ្ញា ផាន់ សុខរី បញ្ជាក់ថា មូលហេតុដែលនាងប្រឡងចូលសាលានាយទាហាននេះ ដោយសារតែចង់បញ្ចេញសមត្ថភាព និងទឹកចិត្តស្រឡាញ់វិស័យការពារជាតិ។ នាងថ្លែងថា នឹងមិនរួញរាឡើយក្នុងការចូលប្រយុទ្ធនៅសមរភូមិ ក្នុងករណីមានការឈ្លានពានពីបរទេស តែនាងសំណូមពរឲ្យមានភាពស្អាតស្អំ គ្មានអំពើពុករលួយក្នុងវិស័យការពារជាតិនេះ៖ «»។
បក្ខជនម្នាក់ទៀតឈ្មោះ ឌិន ប្រុស ថ្លែងថា រូបគេមិនមានសាច់ញាតិណាធ្វើការក្នុងវិស័យការពារជាតិនោះទេ។ អ្វីដែលជំរុញឲ្យរូបគេមកប្រឡងនេះ គឺដោយសារបារម្ភពីការឈ្លានពានពីបរទេស ហើយម្យ៉ាង រូបគេស្រមៃចង់ធ្វើជាមន្ត្រីយោធាតាំងពីនៅវ័យកុមារ។ យុវជន ឌិន ប្រុស ប្ដេជ្ញាចិត្តថា បើសិនជារូបគេបានជាប់ជាមន្ត្រីយោធាមែននោះ រូបគេនឹងខិតខំរៀន ហើយបំពេញតួនាទីជាយោធាឲ្យបានល្អ ដើម្បីការពារជាតិមាតុភូមិ។ យុវជន ឌិន ប្រុស ក៏ស្រមៃចង់ឃើញវិស័យការពារជាតិកម្ពុជា ក្លាយជាវិស័យមួយដែលស្អាតស្អំ គ្មានអំពើពុករលួយ គ្មានការដំឡើងឋានន្តរសក្តិ និងតួនាទីតាមក្រុម ឬបក្ខពួក៖ «»។
លទ្ធផលបណ្ដោះអាសន្ននៃការប្រឡងជ្រើសរើសនាយទាហាននេះ នឹងត្រូវប្រកាសឲ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ខាងមុខ។ បេក្ខជនដែលមានឈ្មោះជាប់ ត្រូវទៅពិនិត្យសុខភាព និងមានលិខិតបញ្ជាក់ពីក្រសួងយុត្តិធម៌ ថាមិនធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ។ នៅពេលជាប់ជាស្ថាពរ និស្សិតនាយទាហានសកម្ម នឹងត្រូវបញ្ជូនឲ្យទៅសិក្សានៅសាលានាយទាហានសកម្មនៅត្មាតពង ខេត្តកំពង់ស្ពឺ។
ចំណែកនិស្សិតនាយទាហានទ័ពជើងគោក និងនាយទាហានបន្តវេន នឹងត្រូវបញ្ជូនឲ្យទៅសិក្សានៅវិទ្យាស្ថានកងទ័ពជើងគោកនៅថ្លុកតាសេក ខេត្តកំពង់ស្ពឺ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment