រតនគិរី៖ នាសាលប្រជុំសណ្ឋាគាររតនៈស៊ីធី ទីរួមក្រុងបានលុង ព្រឹកថ្ងៃទី២៦ ខែធ្នូនេះ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំ សហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ តំបន់ជាប់ព្រំដែន ប្រទេសទាំង៣ កម្ពុជា-វៀតណាម-ឡាវ លើកទី៣( CLV) ក្រោមវត្តមានលោកថង សាវុន អភិបាលខេត្តរតនគិរី, លោកវរសេនីយ៍ទោឈឹម លន់អេង តំណាងអគ្គស្នងការនគរបាលជាតិ, លោកស្នាមផន កែវអូប៊ុន អគ្គរងកុងស៊ុល នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ ប្រចាំខេត្តស្ទឹងត្រែង។
កិច្ចប្រជុំត្រីភាគីមានចំនួន៦ខេត្ត ដែលក្នុងនោះ ភាគីកម្ពុជាមានខេត្តរតនគិរី, ខេត្តស្ទឹងត្រែង, ឡាវមានខេត្តសេកុង, អត្តពឺ និងភាគីវៀតណាម មានខេត្តយ៉ាឡាវ និងខេត្តកន្ទូម។ ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ ព៌ត័មានគ្នាទៅវិញទៅមក រវាងនគរបាលខេត្តទាំង៦ ជាខេត្តជាប់ភូមិផងរបងជាមួយគ្នា ដើម្បីដោះស្រាយបញ្ហារួមគ្នា សំដៅរួមចំណែក ក្នុងការពង្រឹងការទំនាក់ទំនង នៃប្រទេសទាំង៣ ឲ្យមានភាពល្អប្រសើរ ពង្រឹងការការចាត់តាំង អនុវត្តឲ្យចេញជារូបរាង នូវរាល់លទ្ធផល នៃកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នា ក្នុងរយៈពេលកន្លងមក ជាពិសេស ថ្នាក់ដឹកនាំខេត្តទាំង៦ បានអះអាងឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយគ្នា ឲ្យបានជិតស្និទ្ធ ដើម្បីលើកកម្ពស់ ការទំនាក់ទំនង និងការពង្រឹងកិច្ចសហប្រតិបត្តិការ សម្រាប់កិច្ចអភិវឌ្ឈន៍លើគ្រប់វិស័យ។
No comments:
Post a Comment