Wednesday, December 21, 2016

ពលរដ្ឋ​ជិត​២០០​គ្រួសារ​នៅ​បាត់ដំបង​ចោទ​អាជ្ញាធរ​ក្រុង​ថា​បណ្ដេញ​ពួកគាត់​ឲ្យ​ចេញ​ពី​ដី​ទាំង​បង្ខំ

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​​​ជិត ២០០​គ្រួសារ នៅ​ក្នុង​ភូមិ​ចំនួន​៣ នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​អាជ្ញាធរ​ក្រុង​នេះ​ថា ឃុបឃិត​គ្នា​ប្រើ​ច្បាប់​ព្រៃ​បណ្ដេញ​ពួកគាត់​ឲ្យ​ចេញ​ពី​ដី​ទាំង​បង្ខំ ដើម្បី​យក​ដី​ទៅ​លក់ និង​​បែងចែក​​ឲ្យ​អ្នក​មាន​ទ្រព្យធន​ដោយ​ខុសច្បាប់។ ប៉ុន្តែ​អភិបាល​រង​ក្រុង​បាត់ដំបង បញ្ជាក់​ថា ​អាជ្ញាធរ​រៀបចំ​សណ្ដាប់ធ្នាប់​​​នៅ​ក្នុង​ក្រុង​ដើម្បី​អភិវឌ្ឍន៍​ឲ្យ​មាន​របៀបរៀបរយ។

​​​​​​​​​​​​​​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​​នៅ​ក្រុង​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​ខ្លាច​ អាជ្ញាធរ​នាំ​សមត្ថកិច្ច​រុះរើ​​ផ្ទះសម្បែង​របស់​ពួកគាត់​បង្ខំ​យក​ដី ហើយ​គ្មាន​ទី​កន្លែង​ស្នាក់​នៅ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​អូរខ្ជាយ សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង​ លោកស្រី ធឿន សាវេត ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ចិញ្ចើម​ផ្លូវ​តំបន់​ដី​ទំនាស់​​ភូមិ​អូរខ្ជាយ ថ្ងៃ​ទី​២១ ខែ​ធ្នូ ថា ដី​របស់​លោកស្រី​ទទឹង ៦​ម៉ែត្រ​ និង​បណ្ដោយ ១៦​ម៉ែត្រ​​ រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨៨ មក។ លោកស្រី​អះអាង​ថា អាជ្ញាធរ​ក្រុង​បាត់ដំបង ឃុបឃិត​ជាមួយ​ចៅ​សង្កាត់​ព្រែកព្រះស្ដេច នាំ​សមត្ថកិច្ច​បណ្ដេញ​អ្នកស្រី​​ឲ្យ​ចេញ​ពី​ដី​នោះ​ទាំង​បង្ខំ​ជា​ច្រើន​លើក​មក​ហើយ​ ដើម្បី​យក​ដី​ទៅ​លក់​ក្នុង​រូបភាព​យក​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង៖ «អាជ្ញាធរ​ក្រុង​បាត់ដំបង ប្រើ​អំណាច​ផ្ដាច់ការ​យក​ដី​ពី​ប្រជាពលរដ្ឋ​ខ្លាំង​ជាង​កាល​ពី​សម័យ​ខ្មែរ​ក្រហម​ទៅ​ទៀត។ កាល​ពី​សម័យ​ខ្មែរ​ក្រហម គេ​មាន​ឲ្យ​បាយ​ពលរដ្ឋ​ហូប​ខ្លះ តែ​គាត់​បណ្ដេញ​ពលរដ្ឋ​ទាំង​បង្ខំ»។

ស្រដៀង​គ្នា​នេះ​ដែរ​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​ចំការឫស្សី សង្កាត់​ព្រែកព្រះស្ដេច លោកស្រី ហេង ណារី ដែល​កំពុង​ជជែក​គ្នា​នៅ​តំបន់​ដី​ទំនាស់​នោះ​ដែរ​ថ្លែង​ថា ដី​របស់​អ្នកស្រី​ទទឹង ២៣​ម៉ែត្រ​ និង​បណ្ដោយ ៣០​ម៉ែត្រ រស់​នៅ​តាំង​ពី​១៩៨៥ មក ប៉ុន្តែ​អាជ្ញាធរ​ក្រុង​បង្ខំ​ឲ្យ​អ្នកស្រី​ចាកចេញ​ពី​ដី​នេះ។

លោកស្រី​អះអាង​ថា សព្វ​ថ្ងៃ​លោកស្រី​មិន​ហ៊ាន​ចេញ​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ពី​ផ្ទះសម្បែង​​នោះ​ទេ​ ពីព្រោះ​​​ខ្លាច​អាជ្ញាធរ​នាំ​កម្លាំង​ទៅ​​រុះរើ​ផ្ទះ​របស់​ខ្លួន​​យក​ដី ហើយ​គ្មាន​ទី​កន្លែង​ស្នាក់​នៅ៖ «អាជ្ញាធរ​ពុក​រលួយ​យក​ដី​ពួក​ខ្ញុំ​ដែល​រស់​នៅ​ពិត​ប្រាកដ​មិន​ចែក​ឲ្យ​ទេ តែ​ទៅ​ចែក​ឲ្យ​អ្នក​ដែល​មាន​ឡាក​ជិះ​ទំនើបៗ​មក​ពី​ឆ្ងាយ​ទៅ​វិញ»។

​​​​​​​​​​​​​​​​​​​​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អភិបាល​ក្រុង​បាត់ដំបង​ លោក ឌី ពៅ​ មាន​ប្រសាសន៍​ថា​ ដី​ដែល​ប្រជាពលរដ្ឋ​រស់​នៅ​នោះ​ដើម​ឡើយ​ជា​ដី​សួន​សាធារណៈ ក្រោយ​មក​អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ ​មក​ធ្វើ​​ជា​ដី​​ឯកជន​របស់​ខេត្ត​ដើម្បី​បែងចែក​ឲ្យ​ពលរដ្ឋ​ក្រីក្រ ហើយ​ពលរដ្ឋ​មួយ​ចំនួន​បាន​រស់​នៅ​លើ​ដី​នោះ​ដោយ​ខុស​ច្បាប់។ លោក​បន្ថែម​ថា​​ អាជ្ញាធរ​មិន​បាន​យក​ដី​នោះ​ទៅ​លក់​នោះ​ទេ​ គឺ​ដោយសារ​រៀប​ចំ​សណ្ដាប់ធ្នាប់​ក្រុង ហើយ​​ត្រូវ​បាន​ចែង​ចែក​ដី​នោះ​ស្នើៗ​គ្នា ទាំង​អ្នក​​​​រស់​នៅ​ថ្មី អ្នក​ដែល​ធ្លាប់​កាន់កាប់​ពី​មុន​មក៖ «ហើយ​ដល់​តែ​គាត់​ចេះ​តែ​កៀរគរ​អ្នក​ផ្សេង​មក​លើស​ពី​ដែល​យើង​ចងក្រង​សហគមន៍​ឆ្នាំ​២០០៧ គឺ​វា​ក្រៅ​ច្បាប់។ អ្នក​ណា​ទៅ​ដោះស្រាយ​ឲ្យ​គាត់​បាន។ ហើយ​ខ្លះ​មាន​ឈ្មោះ​នៅ​ក្នុង​សហគមន៍​ហើយ មក​ទាមទារ​ដី​របស់​ខេត្ត​សម្រាប់​ទុក​ឲ្យ​កូន​ទុក​ឲ្យ​ចៅ។ អ្នក​ណា​គេ​មាន​ដី​ឲ្យ​គាត់​នោះ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​ត្រូវ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​ដី​នោះ​ឡើយ។ ម្យ៉ាង​ទៀត​លោក​បន្ថែម​ថា អាជ្ញាធរ​​​គួរ​តែ​បែងចែក​ដី​ទៅ​ឲ្យ​ពលរដ្ឋ​ដែល​ធ្លាប់​រស់​នៅ​ពី​មុន​​ច្រើន​ជាង​អ្នក​ចំណូល​ថ្មី​ ព្រោះ​ពួកគាត់​បាន​កាន់កាប់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ៖ «កាលណា​យើង​យក​ទ្រព្យ​សម្បត្តិ​ធ្វើ​អាជីវកម្ម ហ្នឹង​ហើយ​ជា​អំពើ​ពុក​រលួយ​នោះ។ អ៊ីចឹង​ដើម្បី​បង្ហាញ​តម្លាភាព យើង​សហការ​ជាមួយ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ឲ្យ​ដី​ធ្លាក់​ទៅ​លើ​អ្នក​មាន ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​ហ្នឹង មក​ពី​គាត់​មិន​អស់​ចិត្ត។ គាត់​គិត​ថា​ការ​អនុវត្ត​សង្គមកិច្ច​មិន​បាន​ដល់​អ្នក​ក្រ​ពិត​ប្រាកដ»។

​​​​​​​​ផ្ទៃដី​មាន​ទំនាស់​ប្រវែង ១.៧៦០​ម៉ែត្រ ទទឹង​កន្លែង​ខ្លះ​ពី ២០​ម៉ែត្រ​ ទៅ​ជាង ៣០​ម៉ែត្រ​ នៅ​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​អូរខ្ជាយ ១៣មករា និង​ភូមិ​ចំការឫស្សី​ សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង។ អាជ្ញាធរ​បាន​អង្កន់​ដី​នេះ​ទទឹក ៤​ម៉ែត្រ​កន្លះ​ និង​បណ្ដោយ ១៦​ម៉ែត្រ ​បាន​ជាង ៦០០​ឡូត៍ ដើម្បី​បែងចែក​ទៅ​ឲ្យ​ពលរដ្ឋ​ជាង ៦០០​គ្រួសារ។ ប៉ុន្តែ​ពលរដ្ឋ​ដែល​រស់​ពី​មុន​មក​ចំនួន ១៦៣​គ្រួសារ​បាន​តវ៉ា​ប្រឆាំង​នឹង​គម្រោង​នេះ​ជា​បន្ត​បន្ទាប់៕

No comments:

Post a Comment