ឈើមូលប្រភេទផ្ចឹក សុក្រំ រាប់ម៉ឺនដើម ត្រូវបានគេកាប់នាំចេញពីដែនជម្រកសត្វព្រៃលំផាត់ លក់ទៅឲ្យក្រុមហ៊ុនសម្បទានវៀតណាម ហ័ង អាញ់ លំផាត់ (Hoang Anh Lumphat) ដើម្បីធ្វើជន្លង់ដើមស្រកានាគ។ មន្ត្រីអនុរក្សដែនជម្រកសត្វព្រៃលំផាត់ និងក្រុមហ៊ុនត្រូវបានសហគមន៍អះអាងថា ជាអ្នកនៅពីក្រោយសកម្មភាពកាប់បំផ្លាញព្រៃឈើនេះ។
មន្ត្រីឃ្លាំមើលការកាប់បំផ្លាញព្រៃឈើសមាគមអាដហុក (ADHOC) អំពាវនាវសុំឲ្យក្រសួងបរិស្ថាន ស៊ើបអង្កេតបន្ទាន់ទៅលើសកម្មភាពកាប់ឈើមូលមិនទាន់គ្រប់អាយុចេញពីដែនជម្រកសត្វព្រៃលំផាត់ រាប់ម៉ឺនដើម។
ការអំពាវនាវនេះ ធ្វើឡើងខណៈដែលសហគមន៍តំបន់ការពារធម្មជាតិអូរគគីរ រាយការណ៍ថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម មានទីតាំងនៅជាប់នឹងព្រៃដែនជម្រកសត្វលំផាត់ និងមន្ត្រីអនុរក្សជាប់ពាក់ព័ន្ធសង្ស័យឃុបឃិតឲ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើ ហើយក្រុមហ៊ុន ហ័ង អាញ់ លំផាត់ គឺជាអ្នកប្រមូលទិញឈើដើម្បីធ្វើជន្លង់ដើមស្រកានាគ។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរគគីរ លោក ផាត់ សាវុន កត់សំគាល់ថា ជាង ៦ខែហើយដែលប្រជាពលរដ្ឋរស់នៅជិតតំបន់ព្រៃដែនជម្រកសត្វព្រៃលំផាត់ នាំគ្នាកាប់យកដើមផ្ចឹក និងសុក្រំ មុខកាត់ ២តឹក ប្រវែង ២ម៉ែត្ររាប់ម៉ឺនដើមហើយដឹកជញ្ជូនមកលក់ឲ្យក្រុមហ៊ុនចាំប្រមូលទិញធ្វើជន្លង់ដើមស្រកានាគ។
លោកបន្តថា ឈើនោះអ្នកភូមិកាប់នៅតំបន់ព្រៃដែនជម្រកក្រៅបរិវេណតំបន់ការពារធម្មជាតិ ចំណែកមន្ត្រីអនុរក្សមិនបានទប់ស្កាត់ករណីនេះទេ។ លោកបន្តថា គោយន្តប្រភេទកាឡេថង ត្រូវបានអ្នកភូមិប្រើប្រាស់ដឹកជញ្ជូនឈើចេញពីព្រៃមកស្តុកទុកនៅការដ្ឋានក្រុមហ៊ុនជាអ្នកប្រមូលទិញក្នុងតម្លៃមួយដើម ២ពាន់រៀល៖ «ធ្វើហ្នឹងនៅក្នុងតំបន់ឧទ្យានុរក្សការពារមិនបានធ្វើនៅតំបន់សហគមន៍ទេ។ ពេលសហគមន៍ចុះម្តងៗច្រើនខាងបរិស្ថានទូរស័ព្ទប្រាប់ថា សហគមន៍ចុះហើយកម្លាំងសហគមន៍ច្រើនគេខ្លាច»។
ដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីជាង ២៥ម៉ឺនហិកតារ។ កន្លងទៅនេះ ក្រសួងបរិស្ថាន បានផ្តល់សម្បទានដីព្រៃដែនជម្រកសត្វព្រៃនេះទៅឲ្យក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុកចំនួន៦ វិនិយោគដំណាំកសិ-ឧស្សាហកម្មលើផ្ទៃដីអស់ជាង ៣ម៉ឺនហិកតារ។
មេការ និងជាអ្នកបកប្រែក្រុមហ៊ុន ហ័ង អាញ់ លំផាត់ ឈ្មោះ ថា ទទួលស្គាល់ថា ក្រុមហ៊ុនពិតជាទិញកូនឈើពីប្រជាពលរដ្ឋកាប់ពីក្នុងព្រៃដែនជម្រក ក៏ប៉ុន្តែបុរសឈ្មោះ ថា មិនអត្ថាធិប្បាយទាក់ទិនផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើនោះទេ ដោយថា ចាំផ្តល់ព័ត៌មានទៅនាយកក្រុមហ៊ុន។
ចំណែកនាយករងដែនជម្រកសត្វព្រៃលំផាត់ លោក សាន សានី បញ្ជាក់ថា លោកមិនបានទទួលព័ត៌មាននេះទេ។ លោកជំរុញឲ្យសួរទៅសហគមន៍អូរទុង ពីព្រោះតំបន់ព្រៃដែលជាប់នឹងក្រុមហ៊ុន ហ័ង អាញ់ គឺជាតំបន់ព្រៃការពារធម្មជាតិអូរទុង ដែលអភិរក្សដោយសហគមន៍អូរទុង៖ «ខ្ញុំសាកសួរទៅប្រធានស្នាក់ការនៅហ្នឹងដែរ ខ្ញុំអត់បានដឹងផង។ អូរគគីរ មិនមែននៅក្រៅទេ នៅក្នុងសហគមន៍ហើយ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី បញ្ជាក់ថា លោកក៏បានទទួលសេចក្ដីរាយការណ៍នេះដែរ ក៏ប៉ុន្តែមន្ត្រីលោកមិនទាន់បានចុះស៊ើបអង្កេតករណីនេះនៅឡើយ។ លោកអំពាវនាវសុំឲ្យក្រសួងបរិស្ថាន ស៊ើបអង្កេតករណីកាប់កូនឈើធ្វើជន្លង់ដើមស្រកានាគដើម្បីរក្សាកូនឈើដែលនៅសេសសល់នេះ៖ «នេះជាក្ដីព្រួយបារម្ភ បើមិនមានការទប់ស្កាត់យើងគិតថា ក្រុមហ៊ុនជាអ្នកទិញពីពលរដ្ឋ ឬជាអ្នកជំរុញឲ្យពលរដ្ឋចូលព្រៃកាប់»។
កាលពីឆ្នាំ២០១៥ សហគមន៍ស្រែអង្គ្រង និងមន្ត្រីអាដហុក ខេត្តរតនគិរី រកឃើញឈើមានតម្លៃ រួមទាំងឈើប្រណិត និងដើមឈើផលិតជ័រទឹកសហគមន៍ក្នុងដែនជម្រកសត្វព្រៃត្រូវបានគេលួចកាប់រាប់រយដើមដឹកជញ្ជូនចូលការដ្ឋានក្រុមហ៊ុនសម្បទាននៅក្បែរព្រៃនោះ៕
No comments:
Post a Comment