អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង កំពុងចាត់វិធានការផ្លូវច្បាប់លើអ្នកបិតស្រានៅក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ក្នុងសំណុំរឿងពុលស្រាបង្កឲ្យមនុស្ស ១៥នាក់ស្លាប់ និង ៧៧នាក់ឈឺធ្ងន់។ វិធានការនេះ បន្ទាប់ពីចេញលទ្ធផលវិភាគពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល រកឃើញថា មានទីតាំងផលិតស្រាសចំនួន៣ មានជាតិពុល ឬមេតាណុលកម្រិតខ្ពស់ បណ្ដាលឲ្យអ្នកផឹកពុល និងគ្រោះថ្នាក់ដល់ជីវិត។
តុលាការខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនមនុស្សម្នាក់នៅពន្ធនាគារខេត្ត និងពីរនាក់ទៀត សមត្ថកិច្ចបន្តនីតិវិធីសាកសួរ ដោយជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុលស្រាបង្កឲ្យមនុស្ស ១៥នាក់ស្លាប់។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឡុច សុវណ្ណរ៉ា មានប្រសាសន៍នៅថ្ងៃទី១៤ ធ្នូ ថា បន្ទាប់ពីបានលទ្ធផលវិភាគពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល ដែលមានទីតាំងផលិតស្រាសចំនួន៣ រកឃើញថាមានជាតិមេតាណុលក្នុងស្រាស ដែលបណ្ដាលឲ្យអ្នកផឹកពុលស្លាប់ចំនួន ១៥នាក់ជាបន្តបន្ទាប់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នោះ សមត្ថកិច្ចបានហៅអ្នកបិតស្រានៅក្នុងមូលដ្ឋានចំនួន ៣នាក់មកសាកសួរ តាមលិខិតបង្គាប់របស់តុលាការ។
លោក សុវណ្ណរ៉ា បន្តថា ក្នុងចំណោមមនុស្សទាំង ៣នាក់នោះ មានម្នាក់តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត ម្នាក់កំពុងស្ថិតក្នុងនីតិវិធីសាកសួរ និងម្នាក់ទៀតសមត្ថកិច្ចបានកំណត់មុខសញ្ញាហៅមកសាកសួរបន្ត៖ «ម្សិលមិញបានទៅយកមកហើយ ប្រហែលជាល្ងាចនេះអាចត្រូវគេធ្វើបែបបទចប់ហើយ នឹងត្រូវគេបញ្ជូនទៅតុលាការទៀត។ ការដែលគេពិនិត្យរួចដែលគេបញ្ជូនមកខ្ញុំ មានតែ ៣ ទេ តែគេពិនិត្យអត់ទាន់អស់។ ឈ្មោះដែលយើងបញ្ជូនទៅអត់ទាន់អស់ នៅមានបញ្ជូនបន្តមកទៀត គ្រាន់តែយើងទទួលបានលើកទី១ គឺ ៣នាក់ហ្នឹង ផលប៉ះពាល់ហ្នឹងវានៅមានឈ្មោះច្រើនតទៅទៀត មិនដឹងថាគេពិនិត្យចប់គេបញ្ជូនមកទៀត»។
មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ធ្នូ បានបង្ហាញជាផ្លូវការថា ក្នុងចំណោមទីតាំងផលិតស្រាសចំនួន ៨ទីតាំង មាន ៣ទីតាំងរកឃើញមានជាតិពុល ឬមេតាណុលកម្រិតខ្ពស់ បណ្ដាលឲ្យអ្នកផឹកពុល។ ស្រាសដែលមានជាតិមេតាណុលលើសពី ០,១៥% អាចធ្វើឲ្យអ្នកផឹកគ្រោះថ្នាក់ដល់ជីវិត។ ទីតាំងទីមួយមានកម្រិតរហូតដល់ ១,៤៣% ទីតាំងទីពីរ មានកម្រិត ១,៧៤% និងទីតាំងទីបីមានកម្រិតដល់ ០,២០% ដែលបណ្ដាលឲ្យអ្នកផឹកពុលស្លាប់ចំនួន ១៥នាក់ និងឈឺធ្ងន់ ៧៧នាក់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
នៅក្នុងសន្និសីទសារព័ត៌មាន ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា ករណីស្លាប់ ១៥នាក់នេះ គឺជាករណីទី១ ក្នុងឆ្នាំ២០១៦។ លោកថា ក្រសួងបានបង្កើតក្រុមការងារបច្ចេកទេសមានក្រសួង៦ ក្នុងនោះមានក្រសួងសុខាភិបាល ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងទេសចរណ៍ ក្នុងការផ្ដល់ព័ត៌មានឲ្យលឿន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងជួយសង្គ្រោះឲ្យបានទាន់ពេល៖ «ខ្ញុំបានសំណូមពរហើយថា សូមឲ្យស្ថាប័នដែលពាក់ព័ន្ធនោះ បង្កើនការត្រួតពិនិត្យ មុននឹងចេញអាជ្ញាប័ណ្ណ សូមឲ្យមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវសិន មុននឹងអនុញ្ញាតឲ្យផលិត។ មិនដូច្នោះទេ វាអាចបង្កឲ្យដដែលៗ ឈឺ និងស្លាប់ដល់ពលរដ្ឋរបស់យើង»។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមគ្រូពេទ្យក៏កំពុងព្យាបាលអ្នកជំងឺពុលស្រាមិនទាន់ជាសះស្បើយពីរនាក់ទៀត ក្នុងចំណោមមនុស្ស ៧៧នាក់ដែលបានត្រឡប់ទៅផ្ទះវិញអស់ហើយ។ ចំណែកអ្នកនៅសម្រាកព្យាបាលទាំងពីរនាក់នោះ បានផុតពីគ្រោះថ្នាក់ហើយ៖ «អត់អីទេ គាត់ស្រាកស្រាន្តហើយ គ្រាន់តែវាយតម្លៃថា គាត់មិនទាន់អាចចេញបាន»។
មន្ត្រីជំនាញសុខាភិបាល បានបញ្ជាក់ថា ដើម្បីបញ្ចៀសបញ្ហានេះ មានតែវិធានការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋប៉ុណ្ណោះ និងសូមឲ្យពលរដ្ឋយល់ដឹង និងប្រុងប្រយ័ត្នចំពោះការទទួលទានស្រា ឬអាហារដែលគ្មានស្លាកសញ្ញា និងគ្មានប្រភពនៃការផលិតច្បាស់លាស់។
ចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ មាន ៩២ករណី គឺមានមនុស្ស ១៥នាក់ស្លាប់ និងអ្នកឈឺដោយសារពុលស្រាសចំនួន ៧៧នាក់។ មន្ត្រីជំនាញសុខាភិបាល ថាការស្រាវជ្រាវរកឃើញថា អ្នកពុល និងអ្នកស្លាប់ទាំងអស់ សុទ្ធតែមានប្រវត្តិផឹកស្រាដែលបានបិត ឬផលិតនៅក្នុងភូមិចំនួន៣ គឺភូមិក្ដុល ដំណាក់អំពិល និងភូមិកូនដំរី នៃឃុំក្ដុលសែនជ័យ ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ករណីពុលស្រានេះ កន្លងមកបានកើតឡើងនៅខេត្តមួយចំនួនដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ និងខេត្តឧត្តរមានជ័យ ជាដើម៕
No comments:
Post a Comment