Wednesday, December 14, 2016

គ្រួសារ​អ្នក​ស្លាប់​ដោយ​ប៉ូលិស​ស្រុក​ស្អាង​ព្រួត​វាយ​បញ្ចប់​រឿង​ក្ដី​ដោយ​សំណង​២​ម៉ឺន​ដុល្លារ


ភរិយា​ជនរងគ្រោះ​ដែល​ស្លាប់ អ្នកស្រី ឃួន ស្រីមុំ (ស្ដាំ) និង​ជន​ដែល​រង​ការ​វាយ​ដំ ឈ្មោះ ទិត លាភ ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៦។ RFA/Ou Banung



សមាជិក​គ្រួសារ​របស់​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល ព្រួត​គ្នា​វាយ​រហូត​បណ្ដាល​ឲ្យ​ស្លាប់ កាល​ពី​ខែ​តុលា នោះ សម្រេច​ចិត្ត​បញ្ចប់​រឿង​ក្ដី​ប្ដឹងផ្ដល់ ដោយ​ការ​ទទួល​យក​ប្រាក់​សំណង​ពី​គ្រួសារ​ជន​ដៃ​ដល់។ រីឯ​ជន​ដៃ​ដល់ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​យក​មក​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​នៅ​ឡើយ​ទេ។

ភរិយា​របស់​សព​ជន​រងគ្រោះ​ដែល​នគរបាល​ស្រុក​ស្អាង វាយ​ស្លាប់​កាល​ពី​ខែ​តុលា គឺ​លោកស្រី ឃួន ស្រីមុំ បញ្ជាក់​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ថា លោកស្រី​ព្រម​ទទួល​យក​ទឹក​ប្រាក់ ២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ជា​សំណង​នោះ​ហើយ៖ «»។

លោកស្រី ឃួន ស្រីមុំ បន្ត​ទៀត​ថា ចំនួន​ទឹក​ប្រាក់​នេះ​មិន​គ្រប់​តាម​ការ​ទាមទារ​ដំបូង​ចំនួន ៦​ម៉ឺន ៥​ពាន់​ដុល្លារ​ទេ ប៉ុន្តែ​ដោយសារ​តែ​លោកស្រី​មិន​ចង់​បន្ត​រឿង​ក្ដី​នេះ​វែង​ឆ្ងាយ​ត​ទៅ​ទៀត។

នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.ឌី.ស៊ី (CDC) គឺ​លោក​មេធាវី ហុង គឹមសួន ពន្យល់​អំពី​ផ្លូវ​ច្បាប់​ថា ករណី​ស្លាប់​ដូច​នេះ មិន​អាច​បញ្ចប់​ដោយ​សំណង​បាន​ទេ៖ «»។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក សំរឹទ្ធ វាសនា មាន​ប្រសាសន៍​ថា ទោះ​ជា​មាន​ការ​សង​សំណង​នេះ​ក៏ដោយ ក៏​ខាង​លោក​នៅ​តែ​បន្ត​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​ដដែល៖ «ដីកា​ហៅ​នគរបាល​ទាំង ៣​រូប​នោះ»។
ជន​រងគ្រោះ​ឈ្មោះ ចំរើន សីហា អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​តានង់ ឃុំ​ក្រាំងអំពិល ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​តាខ្មៅ បន្ទាប់​ពី​នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល ៣​នាក់ ព្រួត​គ្នា​វាយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​តុលា។ ចំណែក​ជន​រងគ្រោះ​ម្នាក់​ទៀត​ឈ្មោះ ទិត្យ លាភ អាយុ ២២​ឆ្នាំ ត្រូវ​ជា​ប្អូន​ថ្លៃ​អ្នក​ស្លាប់​បាន​របួស​ធ្ងន់។ បញ្ហា​នេះ កើត​ចេញ​ពី​ជម្លោះ​ជិះ​ម៉ូតូ​ជែង​គ្នា ហើយ​មន្ត្រី​នគរបាល​ចោទ​បុរស​ទាំង​ពីរ​នាក់​នោះ​ថា​ជា​ចោរ​ប្លន់។

នគរបាល​ដែល​ជាប់​ចោទ​ក្នុង​ករណី​សម្លាប់​នេះ មាន​ឈ្មោះ ឆៃ ស៊ីណា ជា​នាយ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ស្រុក ឈ្មោះ ភក្ដី វិទូ ជា​អធិការ​រង​នគរបាល​ស្រុក និង ឃាង សុថេង ជា​នាយ​រង​នគរបាល​បច្ចេកទេស​ស្រុក។

ទាក់ទង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន ថ្លែង​បញ្ជាក់​បន្ថែម​ថា ខាង​លោក​នៅ​តែ​តាម​រក​ចាប់​នគរបាល​ទាំងនោះ ដោយ​អនុវត្ត​តាម​ដីកា​សម្រេច​របស់​ព្រះរាជអាជ្ញា៕

No comments:

Post a Comment