កំពង់ចាមៈ បន្ទាប់ពីចេញពីពន្ធនាគារព្រៃសជិតមួយសប្តាហ៍មេឃុំស្រកមកពីគណបក្សប្រឆាំងបានវិលត្រឡប់ទៅបំពេញការងារនៅតំណែងដដែលវិញពីម្សិលមិញ និង កំពុងរត់ការធ្វើតាមនីតិវិធីច្បាប់ទាមទារទូរស័ព្ទដៃ និងលុយជាង ៣០ ម៉ឺនរៀលពីសាលាដំបូងរាជធានីដែលអង្គភាពប្រឆាំងអំពើពុករលួយបានដកហូតទុកក្នុងអំឡុងពេលសាកសួរ ខណៈមេឃុំរូបនេះទទូចដល់គណបក្សទាំងពីរឲ្យសម្រុះសម្រួលគ្នាធ្វើយ៉ាងណាអនុញ្ញាតឱ្យរូបលោកមានសិទ្ធិចុះឈ្មោះបោះឆ្នោត។
លោក ស៊ាង ចែត មេឃុំស្រកនៃស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីថ្ងៃទី ៨ ខែធ្នូតាមរយៈការសម្រុះសម្រួលនយោបាយរវាងមេដឹកនាំគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិបន្ទាប់ពីឃុំខ្លួនជាង ៦ ខែនៅពន្ធនាគារព្រៃស។
ការលើកលែងទោសនេះត្រូវបានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីកាលពីថ្ងៃទី ៥ ខែធ្នូបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលកំណត់ ៥ ឆ្នាំពាក់ព័ន្ធបទចោទសូកប៉ាន់សាក្សីគឺអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវគេអះអាងថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
លោក ស៊ាង ចែត បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាលោកសប្បាយរីករាយដែលបានវិលត្រឡប់ទៅកាន់តំណែងជាមេឃុំវិញបន្ទាប់ពីអាក់ខានបម្រើប្រជាពលរដ្ឋជិតកន្លះឆ្នាំ។
លោកថា៖ «នៅព្រឹកនេះ (ម្សិលមិញ) ខ្ញុំបានចូលធ្វើការវិញហើយអភិបាលស្រុកគាត់ក៏នឹងទទួលស្គាល់ហើយឱ្យខ្ញុំចូលកាន់តំណែងវិញចាប់ពីថ្ងៃនេះតទៅ»។
បន្ថែមពីនេះលោកក៏បានសហការជាមួយមេធាវីដើម្បីធ្វើលិខិតដាក់ជូនទៅតុលាការទាមទារយកសម្ភារ និងលុយមកវិញផងដែរ។ លោកថា៖ «តុលាការគេថាទាល់តែខ្ញុំធ្វើលិខិតផ្តិតមេដៃទើបគេប្រគល់សម្ភារមកវិញមានទូរស័ព្ទបីគ្រឿង និងលុយ ៣២ ម៉ឺន ៥ ពាន់រៀល។ ខ្ញុំកំពុងរត់ការជាមួយមេធាវីហើយដើម្បីសុំមកវិញដើម្បីប្រើប្រាស់»។
លោក ស៊ាងចែត ក៏នៅតែទទូចឱ្យមេដឹកនាំគណបក្សទាំងពីរធ្វើយ៉ាងណាឱ្យលោកមានសិទ្ធិចុះឈ្មោះបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០១៧ បន្ទាប់ពី គជប បានបញ្ចប់ការចុះឈ្មោះនៅថ្ងៃទី ៣០ ខែវិច្ឆិកាមុនពេលលោកចេញពីពន្ធនាគារ។
លោកថា៖ «ខ្ញុំសង្ឃឹមថាគណបក្សទាំងពីរនឹងពិភាក្សាគ្នាស្នើទៅ គជប ឱ្យខ្ញុំបានចុះឈ្មោះបោះឆ្នោតដើម្បីបញ្ជូលទៅប្រកួតប្រជែងនៅឆ្នាំ ២០១៧ បើពុំនោះទេខ្ញុំអត់អាចមានសិទ្ធិឈរឈ្មោះជាមេឃុំបានទេ»។
ទាក់ទងនឹងចុះឈ្មោះបោះឆ្នោតអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាសភាមិនទាន់ទទួលបានការស្នើសុំពីគណបក្សទាំងពីរក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនោះទេ។
លោកថា៖ «ទាល់តែមាននីតិវិធីពិសេសគឺអនុម័តដោយរដ្ឋសភាបើចង់មានករណីពិសេសត្រូវតែធ្វើវិសោធនកម្មមាត្រាណាដែលចែងពីការចុះឈ្មោះនោះតែឥឡូវអត់ទាន់មានគណបក្សណាស្នើមកទេព្រោះសភាជាស្ថាប័នខ្ពស់បំផុតរបស់ប្រទេសជាតិហើយបើមានគណបក្សទាំងពីរអ៊ីចឹងបក្សពីរហ្នឹងជាអ្នកសម្រេចជោគវាសនាប្រទេសជាតិ»។
អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា ថ្លែងថា តាមនីតិវិធី គជប រកមិនឃើញពីលទ្ធភាពដែលអាចឱ្យ លោក ស៊ាង ចែត ចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ ២០១៦ នេះបានទេមានតែរង់ចាំឆ្នាំ ២០១៧ ខណៈ គជប កំពុងរៀបចំបញ្ជីបោះឆ្នោតថ្មី។
លោកថា៖ «ជាលក្ខណៈបចេ្ចកទេស និងច្បាប់ គជប មើលមិនឃើញថាតើចុះឈ្មោះតាមរបៀបណាទេ»។
តែលោកថា អាចមានករណីពិសេសទាល់តែសភាធ្វើវិសោធនកម្មច្បាប់ត្រង់មាត្រាណាមួយនៃច្បាប់បោះឆ្នោត។
លោកបញ្ជាក់ថា៖ «សភាក៏ជាអ្នកបង្កើតច្បាប់បោះឆ្នោតដែរបើសភាដូរច្បាប់ម៉េច គជប ដូរទៅតាមហ្នឹងដែរទាល់តែគណបក្សទាំងពីរព្រមព្រៀងគ្នាធ្វើវិសោធនកម្មច្បាប់អនុម័តច្បាប់ពិសេសគឺអាចធ្វើបានតែធម្មតាច្បាប់គេមិនដែលធ្វើពិសេសចឹងទេហើយខ្ញុំជឿថាសភាមិនអាចធ្វើការទាន់ទេរឿងហ្នឹងហើយបើធ្វើវិសោធនកម្មច្បាប់ផ្អែកលើមនុស្សម្នាក់ក៏ជារឿងពិបាកដែរ»។
អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ថ្លែងថាលោកមិនទាន់ទទួលដំណឹងនេះពីថ្នាក់លើទេខណៈលោកបញ្ជាក់ថាច្បាប់មិនអាចកែតម្រូវដើម្បីមនុស្សម្នាក់បានទេទាល់តែទាក់ទងផលប្រយោជន៍រួមជាធំ។
លោកថា៖ «ខ្ញុំយល់ថា យើងមិនគួរកាត់ក្បាលតម្រូវមួកទេ ព្រោះគាត់តែម្នាក់ឯងមិនអាចទៅធ្វើការកែច្បាប់ ដើម្បីតម្រូវចិត្តគាត់ម្នាក់ឯងបានទេឲ្យប្រជាជនទូទាំងប្រទេសទៅរត់តាមគាត់តែឯងម៉េចកើត»។
ចំណែកមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ថ្លែងថា៖ «ព្រោះនេះជាសំណើរបស់គាត់តែចាំយើងពិនិត្យទៅតាមលទ្ធភាពជាក់ស្តែង»។
សូមបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧៕
No comments:
Post a Comment