Tuesday, December 13, 2016

ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ មក​ដល់​កម្ពុជា


ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (ឆ្វេង) មក​ដល់​កម្ពុជា តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev



ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) មក​ដល់​កម្ពុជា​ហើយ​នៅ​ល្ងាច​ម៉ោង​ប្រមាណ​៦ ថ្ងៃ​ទី​១៣ ធ្នូ និង​អម​ដំណើរ​ដោយ​កំពូល​អ្នក​ប្រដាល់​លំដាប់​ពិភពលោក និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន លោក មេន្នី ប៉ាគីអាវ (Manny Pacquiao)។

ក្បួន​រថយន្ត​ទទួល​ដំណើរ​ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ រៀបចំ​ជា​ពិសេស​ដោយ​មន្ត្រី​ព្រះបរមរាជវាំង និង​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ និង​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស រួម​នឹង​មន្ត្រី​អ្នក​មុខ​អ្នកការ​ជាច្រើន​រូប​ទៀត។

ក្រោយ​ទទួល​ការ​ស្វាគមន៍​ពី​អ្នក​មុខ​អ្នកការ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏​ចុះ​ចាប់​ដៃ​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ទទួល​ដំណើរ​លោក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុន​នឹង​លោក​ធ្វើ​ដំណើរ​ទៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ។

នេះ​ជា​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១​របស់​លោក​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ទី​១៤ ខែ​ធ្នូ តាម​ការ​អញ្ជើញ​របស់ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹង​​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ ហើយ​ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ បន្ទាប់​មក លោក ហ៊ុន សែន និង​លោក ឌូតឺតេ នឹង​ធ្វើ​ជាសាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន២ គឺ​អនុស្សរណៈ​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កីឡា។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ២០១៦។ លោក​ត្រូវ​បាន​អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក​រិះគន់ ពី​ការរំលោភ​សិទ្ធិមនុស្ស​ដោយសារ​ការ​អនុវត្ត​យុទ្ធនាការ​កណ្ដាប់​ដៃ​ដែក ប្រឆាំង​នឹង​អ្នក​ជួញ ដូរ​ដែល​មាន​ការ​អនុញ្ញាត​ឲ្យ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ។ យុទ្ធនាការ​កណ្ដាប់​ដៃ​ដែក​របស់ លោក ឌូតឺតេ បាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​៤ពាន់នាក់​ហើយ​បាត់បង់ជីវិត ក្នុង​រយៈពេល មិន​ដល់​កន្លះ​ឆ្នាំ​ផង នៃ​ការ​កាន់អំណាច​របស់​លោក៕

No comments:

Post a Comment