ព្រះសង្ឃក្មេងៗចំនួន ១៧អង្គនៅវត្តស្រែល្អ ដែលសង្ស័យថាពុលទឹកតែ សម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ Photo Provided |
ព្រះសង្ឃវ័យក្មេងចំនួន ១៧អង្គគង់នៅវត្តស្រែល្អ ឃុំបាក់អន្លូង នៃស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលជាប់ព្រំប្រទល់គ្នានឹងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានអាការក្អួតចង្អោរ តឹងទ្រូង ហើយថប់ដង្ហើម បន្ទាប់ពីឆាន់ទឹកតែ កាលពីរាត្រីថ្ងៃទី២០ ខែធ្នូ។
អាជ្ញាធរស្រុកត្រពាំងប្រាសាទ បានហៅរថយន្តពេទ្យដឹកជញ្ជូនក្រុមព្រះសង្ឃទាំងនោះយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យស្រុកអន្លង់វែង បន្ទាប់ពីឃើញហេតុការណ៍ដែលគេសង្ស័យថាអាចពុលអាហារ។
អភិបាលស្រុកត្រពាំងប្រាសាទ គឺលោក នៅ សំតារារិទ្ធ។ លោកមានប្រសាសន៍នៅរសៀលថ្ងៃពុធ ទី២១ ខែធ្នូ ថា កាលពីយប់ថ្ងៃទី២០ ខែធ្នូ គឺយាយជីតាជីខ្លះ បានទិញតែ និងស្ករសទៅធ្វើជាភេសជ្ជៈប្រគេនព្រះសង្ឃដែលគង់នៅវត្តស្រែល្អ។ បន្ទាប់ពីព្រះសង្ឃវ័យក្មេងជាច្រើនបានឆាន់ទឹកតែលាយស្ករសមក គឺនៅម៉ោងប្រហែលជា ៨យប់ ក៏មានអាការពុលតែម្ដង៖ «យាយជីតាជីនៅនឹងវត្ត គាត់ទិញស្ករស ទឹកដោះគោ តែ យកទៅឆុងប្រគេនលោក។ ប្រហែលជាជាតិពុលអាចពាក់ព័ន្ធជាមួយនឹងស្ករ»។
ទោះបីជាយ៉ាងណា អភិបាលស្រុកត្រពាំងប្រាសាទ បញ្ជាក់ថា អាការពុលនោះមិនមានព្រះសង្ឃណាមួយធ្ងន់ធ្ងររហូតដល់សុគតទេ។
នេះជាលើកទីពីរហើយដែលនៅក្នុងស្រុកត្រពាំងប្រាសាទ មានអ្នកពុលអាហារ។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ សិស្សសាលាបឋមសិក្សាត្រាំប៉ោង ១៤០នាក់នៅឃុំព្រះប្រឡាយ ជាប់គ្នានឹងឃុំបាក់អន្លូង នោះ បានពុលបង្អែមចេកខ្ទិះម្ដងមកហើយ៕
No comments:
Post a Comment