Monday, December 12, 2016

សហគមន៍​នឹង​ឈប់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​បើ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​តំណាង


តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Sorn Chanratha



ក្រុម​សហគមន៍​ដែល​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ឬ Black Monday ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ថា នឹង​បញ្ឈប់​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទៀត ប្រសិន​បើ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា និង​អ្នកស្រី ទេព វន្នី ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ តាម​បែប​ព្រះពុទ្ធសាសនា ដែល​ធ្វើ​ឡើង​នៅ​តំបន់​បឹងកក់។

ការ​ប្រកាស​ថា​ឈប់​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ឬ Black Monday នេះ ធ្វើ​ឡើង​នៅ​មុខ​អ្នក​ចូលរួម​ប្រមាណ ៧០​នាក់​មក​ពី​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ចំនួន​៦ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ។

តំណាង​សហគមន៍​បឹងកក់ និង​ជា​អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ លោកស្រី បូវ សោភា ថ្លែង​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ គឺ​រៀបចំ​ឡើង​ដោយសារ​តែ​ក្រុម​សហគមន៍​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចាប់​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក មន្ត្រី គ.ជ.ប និង​អ្នកស្រី ទេព វន្នី ដាក់​ឃុំ​ជាដើម។ លោកស្រី​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ។

លោកស្រី បូវ សោភា ថ្លែង​ថា៖ «យើង​មើល​ឃើញ​ហើយ​ថា កម្ដៅ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ថ្នាក់​ដឹកនាំ​ធំៗ​គាត់​បាន​ចាប់​ដៃ​គ្នា​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ហើយ ចឹង​គួរ​តែ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ទៅ​តាម​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​បាន។ ពួក​ខ្ញុំ​ចង់​បាន​សេរីភាព។ ពួក​ខ្ញុំ​ចង់​មាន​យុត្តិធម៌។ ពួក​ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​នៅ​តំបន់​បឹងកក់។ ពួក​ខ្ញុំ​អត់​ចង់​ពាក់ព័ន្ធ​ទៅ​លើ​រឿង​នយោបាយ ឬ​មួយ​ក៏​ចង់​ដណ្ដើម​តំណែង​របស់​បុគ្គល​ណា​មួយ ឬ​ក៏​ទាញ​បុគ្គល​ណា​មួយ​ធ្លាក់​ពី​លើ​កៅអី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ តែ​អ្នក​ទាំងអស់​ទេ​ដែល​ព្យាយាម​ទាញ​កៅអី​ខ្លួន​ឯង​ធ្លាក់។ ចឹង​នៅ​ក្នុង​សប្ដាហ៍​នេះ គឺ​ជា​សប្ដាហ៍​ចុង​ក្រោយ បើ​សិន​ជា​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី ក៏ដូចជា​សង្គម​ស៊ីវិល​នៅ​ក្នុង​សប្ដាហ៍​នេះ»។

នេះ​ជា​សប្ដាហ៍​ទី​៣ ហើយ​ដែល​អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ បាន​ងាក​មក​ធ្វើ​តាម​បែប​ព្រះពុទ្ធសាសនា។ អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ បាន​និមន្ត​ព្រះសង្ឃ ដើម្បី​រៀបចំ​ពិធី​សូត្រ​មន្ត និង​សម្ដែង​ព្រះធម៌​ទេសនា​អំពី «សិទ្ធិ​មនុស្ស»។

ក្រៅ​ពី​ការ​សូត្រ​មន្ត និង​សម្ដែង​ព្រះធម៌​ទេសនា ក្រុម​សហគមន៍​ក៏​បាន​បង្ហាញ​សារ​តាម​រយៈ​ការ​បំភ្លឺ​ភ្លើង​ទៀន ដែល​តម្រៀប​ចេញ​ជា​អក្សរ «សេរីភាព»។ ពាក្យ «សេរីភាព» នេះ គឺ​ក្រុម​សហគមន៍​ចង់​បង្ហាញ​ទៅ​ដល់​រាជ​រដ្ឋាភិបាល ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​អ្នកស្រី ទេព វន្នី ឲ្យ​មាន​សិទ្ធិ​សេរីភាព​មក​វិញ។

នៅ​កន្លែង​ដែល​ក្រុម​សហគមន៍​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ គេ​ឃើញ​មាន​អាជ្ញាធរ​ប្រមាណ ១០​នាក់ ដែល​ឈរ​ឃ្លាំ​មើល​ការ​ប្រារព្ធ​ពិធី​នោះ និង​កត់ត្រា​នូវ​អ្វី​ដែល​ក្រុម​សហគមន៍​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន។

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ កញ្ញា សុង ស្រីលាភ អះអាង​ថា នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ ដែល​មាន​អាជ្ញាធរ​មក​ឃ្លាំ​មើល​ពួក​គេ​រាល់​ពេល​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នោះ។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា អះអាង​ថា ប្រសិន​បើ​មិន​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក មន្ត្រី គ.ជ.ប និង​អ្នកស្រី ទេព វន្នី ឲ្យ​មាន​សេរីភាព​វិញ​នោះ​ទេ។ ក្រុម​សហគមន៍​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​នេះ​ជា​បន្ត​ទៀត ហើយ​និង​មិន​ធ្វើ​តែ​នៅ​ក្នុង​សហគមន៍​ដូច​រាល់​ដង​នោះ​ឡើយ៕

No comments:

Post a Comment