Monday, December 12, 2016

មន្ត្រី​ក្រសួង​ទេសចរណ៍​រំពឹង​ថា​ក្រុង​សៀមរាប​នឹង​ឈ្នះ​ការ​ប្រឡង​ទីក្រុង​ទេសចរណ៍​ស្អាត


ភ្ញៀវ​ទេសចរ​ចូល​មើល​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth



រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ទីក្រុង​ចំនួន​៧ ឲ្យ​ចូលរួម​ប្រឡង​ប្រណាំង​យន្តការ​មួយ​ចលនា​មួយ នៃ​ទីក្រុង​ទេសចរណ៍​ស្អាត​ក្នុង​តំបន់​អាស៊ាន ដែល​ការ​ប្រឡង​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ទីក្រុង​របស់​ខ្មែរ​ទាំង​៧ ដែល​ដាក់​ចូលរួម​ប្រឡង​ប្រណាំង​នោះ គឺ​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប ក្រុង​ព្រះសីហនុ ក្រុង​កែប ក្រុង​កំពត ក្រុង​កំពង់ចាម និង​ក្រុង​បាត់ដំបង។

មន្ត្រី​ក្រសួង​ទេសចរណ៍ រំពឹង​ថា ក្រុង​សៀមរាប ដែល​ជា​ខេត្ត​ល្បីល្បាញ​ខាង​ប្រាសាទ​បុរាណ និង​សម្បត្តិ​វប្បធម៌ ព្រម​ទាំង​មាន​ធម្មជាតិ​បៃតង​ជាច្រើន​ផង​នោះ អាច​នឹង​ឈ្នះ​ការ​ប្រឡង​ប្រណាំង​ចលនា​ទីក្រុង​ទេសចរណ៍​ស្អាត​ដាច់​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល នា​ពេល​ខាង​មុខ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មាន​ប្រសាសន៍​ក្នុង​ពេល​ជួប​សម្ភាស​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​ជាមួយ​ផ្នែក​ឯកជន​នៅ​ឯ​ខេត្ត​សៀមរាប នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​ធ្នូ ថា ក្រុម​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​បណ្ដា​ប្រទេស​អាស៊ាន បាន​កំណត់​ស្តង់ដារ​មួយ​ឲ្យ​គ្រប់​ប្រទេស​ដែល​ជា​សមាជិក ត្រូវ​ចូលរួម​ប្រឡង​ប្រណាំង​យន្តការ​មួយ​ចលនា​មួយ នៃ​ទីក្រុង​ទេសចរណ៍​ស្អាត​សម្រាប់​តំបន់។

ការ​ប្រឡង​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​នោះ គឺ​មាន​លក្ខណៈ​វិនិច្ឆ័យ ដូចជា​ការ​បញ្ចូល​ទៅ​ក្នុង​ព័ត៌មាន​ទេសចរណ៍​បាន​ច្រើន ការ​បម្រើ​សេវា​ទេសចរណ៍​មាន​គុណភាព​ល្អ មាន​ផ្លូវ​ថ្នល់​ស្អាត មាន​បង្គន់​អនាម័យ​សាធារណៈ​ល្អ ព្រម​ទាំង​ទីក្រុង​មាន​ភាព​បៃតង ជា​អេកូ​ទេសចរណ៍ ជាដើម។
រង្វង់​មូល​ព្រះអង្គ​ចេក ព្រះអង្គ​ចម នៅ​កណ្ដាល​ទីក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth

លោក ថោង ខុន បញ្ជាក់​ថា កម្ពុជា បាន​ដាក់​ទីក្រុង​ចំនួន​៧ ទៅ​ក្នុង​ការ​ប្រឡង​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​នៃ​តំបន់​អាស៊ាន​នេះ មាន​ទីក្រុង​ភ្នំពេញ ក្រុង​សៀមរាប ក្រុង​ព្រះសីហនុ ក្រុង​កែប ក្រុង​កំពត ក្រុង​កំពង់ចាម និង​ក្រុង​បាត់ដំបង។ ចំណែក​លទ្ធផល​នៃ​ការ​ប្រឡង​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​នេះ នឹង​ប្រកាស​នៅ​ទីក្រុង​បាងកក (Bangkok) ប្រទេស​ថៃ នៅ​ឆ្នាំ​២០១៨ ខាង​មុខ៖ «អ៊ីចឹង​សៀមរាប យើង​នេះ យើង​ខិតខំ​រក្សា​កំណើន​បាន​ច្រើន ហើយ​ការ​អភិវឌ្ឍ​ទៅ​ប្រកប​ដោយ​និរន្តរភាព»។

អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង បាន​បង្ហាញ​មោទនភាព​ថា លោក​កំពុង​ប្រឹងប្រែង​ធ្វើ​ការងារ​ជាច្រើន ដើម្បី​ឲ្យ​ខេត្ត​សៀមរាប បាន​ឈ្នះ​លើ​ការ​ប្រឡង​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​នៅ​ក្នុង​តំបន់។ លោក ឃឹម ប៊ុនសុង មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ខេត្ត​សៀមរាប នៅ​សេសសល់​ការងារ​ជាច្រើន​ដែល​មិន​ទាន់​បាន​ធ្វើ ដូចជា​សោភ័ណភាព​ទីក្រុង​ជា​ការ​ចាំបាច់ បរិស្ថាន និង​ហេដ្ឋារចនាសម្ព័ន្ធ ព្រម​ទាំង​សួនច្បារ​សាធារណៈ ជាដើម ដែល​ត្រូវ​តែ​រៀបចំ​ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ៖ «នៅ​ក្នុង​ខេត្ត​សៀមរាប របស់​យើង បើ​ទោះ​បី​ជា​យើង​មិន​ទាន់​ទទួល​បាន​សោភ័ណភាព​ល្អ​ប្រសើរ​ទាំង​ស្រុង ប៉ុន្តែ​ការ​អភិវឌ្ឍ​ទៅ​រក​ទីក្រុង​ល្អ​ឆើតឆាយ​សម្រាប់​អនាគត យើង​នឹង​គិតគូរ»។

កាល​ពី​ឆ្នាំ​២០១៥ ខេត្ត​សៀមរាប ធ្លាប់​បាន​ជាប់​ចំណាត់​លេខ​១ នៃ​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​នៅ​ទូទាំង​ពិភពលោក​ម្ដង​មក​ហើយ។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១០​ខែ​ឆ្នាំ​២០១៦ ខេត្ត​សៀមរាប បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ១​លាន ៨​សែន​នាក់។ ចំនួន​នេះ គឺ​កើន​ឡើង​ប្រមាណ ៣% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥។

មន្ត្រី​មន្ទីរ​ទេសចរណ៍ រំពឹង​ថា ពេញ​មួយ​ឆ្នាំ​២០១៦ នេះ ខេត្ត​សៀមរាប អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន ៥​លាន​នាក់៕

No comments:

Post a Comment