Sunday, December 18, 2016

សង្គម​ស៊ីវិល​ស្នើ​រក្សា​ទុក​ផ្លូវ​កៅស៊ូ​ដែល​បន្សល់​ពី​សង្គម​រាស្ត្រ​និយម​នៅ​ខេត្ត​ព្រះសីហនុ




គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ប្រប​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ ក្រោម​រូបភាព​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍន៍​សង្គម បាន​រិះគន់​ថា ស្នាព្រះហស្ត​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ស្នាដៃ​នានា​ដែល​ប្រមុខ​ដឹកនាំ​ជំនាន់​មុន​បន្សល់​ទុក ត្រូវ​មន្ត្រី​ខិលខូច​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ ឃុបឃិត​បំផ្លាញ​ភស្តុតាង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន។

សកម្មភាព​បំផ្លាញ​សមិទ្ធផល​ដែល​ថ្នាក់​ដឹកនាំ​ជំនាន់​មុន​បន្សល់​ទុក​នា​មូលដ្ឋាន​នេះ បាន​រង​ការ​រិះគន់​ពី​សាធារណជន​មួយ​ចំនួន ពិសេស​ក្រុម​យុវជន​ដែល​ចូល​ទៅ​ទស្សនា​តាម​តំបន់​ឆ្នេរ​នា​ខេត្ត​ព្រះសីហនុ នៅ​មុន​ពិធី​បុណ្យ​សមុទ្រ​ជុំ​ទី​២ ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ខាង​មុខ។

មន្ត្រី​សង្គម​ស៊ីវិល និង​សាធារណជន បាន​បន្ត​រិះគន់​មន្ត្រី​ខិលខូច​មួយ​ចំនួន​ដែល​បម្រើ​ការងារ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ដែល​បាន​ឃុបឃិត​បំផ្លាញ​សមិទ្ធផល និង​ទីតាំង​សម្គាល់​អត្តសញ្ញាណ​ជាតិ​ខ្មែរ​មួយ​ចំនួន ដែល​អតីត​ថ្នាក់​ដឹកនាំ​គ្រប់​ជំនាន់​បន្សល់​ទុក ដើម្បី​បំផ្លាញ​ភស្តុតាង និង​បម្រើ​ឲ្យ​ប្រយោជន៍​ផ្ទាល់​ខ្លួន។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេត​ឃើញ​ថា ស្នាដៃ​ផ្សេងៗ​ដែល​សម័យ​សង្គម​រាស្ត្រ​និយម​បន្សល់​ទុក​មាន​ដូចជា ថ្នល់​ក្រាល​កៅស៊ូ​នៅ​ប្រប​ឆ្នេរ​អូរឈើទាល ទល់​មុខ​វិមាន​លំហែ​កាយ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន ឆ្ពោះ​ទៅ​កាន់​ភ្នំ​ដំណាក់ស្ដេច ត្រូវ​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ និង​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត ជាដើម បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឈ្មួញ​ធ្វើ​កម្មសិទ្ធិ​ឯកជន​ទាំង​ស្រុង។ អ្នកស្រី​បន្ត​ថា បច្ចុប្បន្ន​នេះ ផ្លូវ​ក្រាល​កៅស៊ូ​ដែល​បន្សល់​ទុក​ពី​ជំនាន់​សម្ដេច​ព្រះ នរោត្តម សីហនុ ដឹកនាំ គឺ​ត្រូវ​គ្រឿងចក្រ​ឈូស​កម្ទេច​ចោល​តឹកតាង​ទាំង​ស្រុង និង​បាន​ហ៊ុមព័ទ្ធ​របង​រឹងមាំ​មិន​ឲ្យ​យាន​ជំនិះ​គ្រប់​ប្រភេទ និង​មនុស្ស​ដើរ​ឆ្លង​កាត់​ទេ។

ជាង​នេះ​ទៀត ភ្នំ​ដំណាក់ស្ដេច ដែល​មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរឈើទាល ក៏​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ភ្នំ​ប៉ុល​សារឿន ហើយ​រាល់​ថ្ងៃ​នេះ ត្រូវ​គេ​ហៅ​ពេញៗ​មាត់​ថា ភ្នំ​ប៉ុល​សារឿនៗ​ថែម​ទៀត។

ត្រង់​ចំណុច​នេះ អ្នកស្រី សុធារី បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ជួយ​ទប់ស្កាត់​សកម្មភាព​ឃុបឃិត​បំផ្លាញ​សមិទ្ធផល​នានា​ដែល​ថ្នាក់​ដឹកនាំ​ជំនាន់​មុន ឬ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បាន​កសាង ឬ​បន្សល់​ទុក ឲ្យ​បាន​គង់វង្ស​ទុក​សម្រាប់​ជា​មរតក និង​កេរ​ដំណែល​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ប្រើប្រាស់ និង​ចងចាំ​នូវ​ស្នាដៃ​ទាំងនោះ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ​សង្កត់​ធ្ងន់​ថា ស្នាដៃ ឬ​ស្នាព្រះហស្ត​របស់​ថ្នាក់​ដឹកនាំ​គ្រប់​ជំនាន់​បន្សល់​ទុក គួរ​ត្រូវ​ថ្នាក់​ដឹកនាំ​បន្ត​វេន រួម​គ្នា​ថែរក្សា និង​អភិរក្ស​ឲ្យ​គង់វង្ស ជា​ជាង​ឃុបឃិត​បំផ្លាញ​ភស្តុតាង​ក្រោម​រូបភាព​ផ្សេងៗ ដើម្បី​បម្រើ​ដល់​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ដូច​គ្នា​ដែរ សាធារណជន ពិសេស​ក្រុម​យុវជន​ដែល​បាន​ចូល​មក​ទស្សនា​តាម​តំបន់​ឆ្នេរ​នា​ខេត្ត​ព្រះសីហនុ បាន​រិះគន់​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក ស្បោង សារ៉ាត់ និង​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ លោក សូ សុខ ព្រម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែល​រួម​គ្នា​ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​លើ​ថ្នល់​ក្រាល​កៅស៊ូ បន្សល់​ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម ដើម្បី​ផ្តល់​ដី​ទីតាំង​នេះ​ជូន​ក្រុមហ៊ុន សុខា អូតែល (Sokha Hotel)។

ក្រុម​យុវជន​ទាំងនោះ​បាន​ថ្កោលទោស​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន​ទាំងឡាយ​ណា​ដែល​គ្មាន​ឆន្ទៈ​បម្រើ​ជាតិ​ពិត​ប្រាកដ ហើយ​យក​តួនាទី​ទៅ​បំផ្លាញ​សមិទ្ធផល​នានា និង​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ។

យុវជន​មួយ​ក្រុម​ដែល​បាន​ដើរ​កម្សាន្ត​តាម​ឆ្នេរ​អូរឈើទាល បាន​រិះគន់​រដ្ឋបាល​ខេត្ត​នេះ ដែល​អនុញ្ញាត​ឲ្យ​បុគ្គល ឬ​ក្រុមហ៊ុន​ហ៊ុមព័ទ្ធ​របង​រឹងមាំ​បិទ​ឆ្នេរ​សមុទ្រ​នានា មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់​ជាច្រើន​ទីតាំង ក្នុង​នោះ​មាន​ចុង​ឆ្នេរ​អូរឈើទាល ជាដើម។

ផ្លូវ​ឆ្នេរ​អូរឈើទាល ព្រះសីហនុ ២០១៦ ៨៥៥ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ប្រប​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Den Ayuthyea 
បញ្ហា​នេះ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បង្ហាញ​ទស្សនៈ​ថា ស្នាដៃ​ដែល​ថ្នាក់​ដឹកនាំ​ប្រទេស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បាន​បន្សល់​ទុក គួរ​ត្រូវ​ថ្នាក់​ដឹកនាំ​បន្ត​វេន​ជួយ​ថែរក្សា និង​អភិរក្ស​កែលំអ​ឲ្យ​គង់វង្ស ដោយ​មិន​ត្រូវ​បំផ្លាញ​វត្ថុ​តាង​ទាំងនោះ​ចោល​ទេ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ​បង្ហាញ​ការ​ហួស​ចិត្ត កាល​បើ​សង្កេត​ឃើញ​គ្រឿងចក្រ​ឈូស​ថ្នល់​ក្រាល​កៅស៊ូ​ដែល​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ មាន​ទីតាំង​នៅ​តាម​ប្រប​ឆ្នេរ​អូរឈើទាល ត្រូវ​គេ​ជីក​កាយ​យក​អាចម៍​ដី​បំផ្លាញ​ស្ទើរ​បាត់​ភស្តុតាង​ទាំង​ស្រុង​មក​ទល់​ពេល​នេះ៖ «ពាក់ព័ន្ធ​ផ្លូវ​ជាតិ​ក្រាល​កៅស៊ូ ដែល​សាងសង់​ដោយ​សម្ដេច​តា នរោត្តម សីហនុ គឺ​ចាប់​ពី​មុខ​ផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រហូត​ដល់​ចុង​ឆ្នេរ​អូរឈើទាល គឺ​ផ្លូវ​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​ត្រង់​ដី​ក្រុមហ៊ុន សុខា អូតែល ដោយ​បាន​បិទ​របង ហើយ​បាន​ឈូស​ឆាយ​កាយ​ថ្នល់​ក្រាល​កៅស៊ូ​នេះ​មួយ​ចំនួន។ សកម្មភាព​នេះ​ខ្ញុំ​យល់​ថា ជា​ការ​បំផ្លាញ​នូវ​ស្នាដៃ​របស់​អ្នក​ដឹកនាំ​ជំនាន់​មុន ធ្វើ​ឲ្យ​បាត់បង់​ភស្តុតាង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ជា​ការ​សម្គាល់​នូវ​ការ​រីក​ចម្រើន​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម»។

ជាង​នេះ​ទៀត លោក ប៊ួន ណារិទ្ធិ ក៏​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល ត្រូវ​មាន​វិធានការ​ទៅ​លើ​ការ​ប៉ុនប៉ង​ប្ដូរ​ឈ្មោះ​ទីតាំង​ប្រវត្តិសាស្ត្រ ដី​ភ្នំ និង​ដី​កោះ​ជាដើម​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​រក្សា​ឈ្មោះ​ដើម ព្រោះ​តាម​ការ​សង្កេត​រាល់​ថ្ងៃ​នេះ មាន​ដី​កោះ ភ្នំ និង​តំបន់​ឆ្នេរ​មួយ​ចំនួន ត្រូវ​គេ​ប្ដូរ​ឈ្មោះ​ទៅ​ប្រើ​ភាសា​បរទេស បំបាត់​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ជា​បន្តបន្ទាប់​មាន​ដូចជា ឆ្នេរ​កោះ​សំពោច ត្រូវ​គេ​ប្ដូរ​ហៅ​ទៅ​ជា​ឆ្នេរ​សមុទ្រ​ចិន និង​កោះ​អូន​កោះ​បង ត្រូវ​គេ​ហៅ​ជា​ភាសា​ថៃ ថា កោះ​ភីណង ជាដើម៖ «សូម​ស្នើ​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សូម​លោក​មេត្តា​ជួយ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​ជា​កេរ​ដំណែល​របស់​សម្ដេច​តា នរោត្តម សីហនុ ចាប់​ពី​មុខ​ផ្ទះ​សម្ដេច រហូត​ដល់​ចុង​ឆ្នេរ​អូរឈើទាល ត្រង់​ដំណាក់​ស្ដេច ភ្ជាប់​ទៅ​ឆ្នេរ​អូរត្រេះ ឲ្យ​បាន​ល្អ​ដូច​ពី​ដើម​វិញ»។

រាល់​ថ្ងៃ​នេះ ភ្ញៀវ​ទេសចរ​ជាតិ ពិសេស​ក្រុម​យុវជន​ដែល​ចូល​ទៅ​ទស្សនា​តាម​តំបន់​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ បាន​បន្ត​រិះគន់​រដ្ឋាភិបាល​ដែល​គ្មាន​លទ្ធភាព​ជួយ​ថែរក្សា​ផ្លូវ​ក្រាល​កៅស៊ូ ដែល​អតីត​ព្រះមហាក្សត្រ​បន្សល់​ទុក ដោយ​អនុញ្ញាត​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បុគ្គល​ឯកជន​បំផ្លាញ​ចោល​ទៅ​វិញ។

ពួក​គេ​បង្ហាញ​ការ​ហួស​ចិត្ត កាល​បើ​ឃើញ​សកម្មភាព​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​របស់​រដ្ឋាភិបាល ឈាន​ដល់​បំផ្លាញ​ថ្នល់​ក្រាល​កៅស៊ូ​ទាំង​ស្រុង​របស់​អតីត​ព្រះមហាក្សត្រ បន្សល់​ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរឈើទាល ភ្ជាប់​ពី​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ទល់​មុខ​វិមាន​លំហែ​កាយ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន ត្រូវ​គ្រឿងចក្រ​ឈូស​កម្ទេច​ចោល​ភស្តុតាង។

កាល​ពី​ដើម​ខែ​ឧសភា នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​តាម​រថភ្លើង​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ លោក​បាន​រំឭក​ពី​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​ផ្លូវ​រថភ្លើង មាន​ខ្លឹមសារ​ថា «ផឹក​ទឹក​ត្រូវ​នឹក​ដល់​ប្រភព ទទួល​ទាន​ផ្លែ​ឈើ​ត្រូវ​នឹក​ដល់​អ្នក​ដាំ។ កូន​ចៅ​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​ចងចាំ និង​ដឹង​គុណ​ចំពោះ​ស្នាព្រះហស្ត​អតីត​ព្រះ​មហា​វីរក្សត្រ​កម្ពុជា សម្ដេច​ឪ សម្ដេច​តា សម្ដេច​តា​ទួត​នៃ​យើង ដែល​បាន​កសាង​ផ្លូវ​ដែក​ក្នុង​ទសវត្សរ៍​ឆ្នាំ​៦០ ដែល​បាន​បន្សល់​ទុក​ឲ្យ​កម្ពុជា ប្រើប្រាស់​មក​ទល់​សព្វថ្ងៃ​នេះ»។

ត្រង់​ចំណុច​នេះ អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក គាំទ្រ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ធានា​ថែរក្សា និង​អភិរក្ស​នូវ​សមិទ្ធផល​នានា​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ បន្សល់​ទុក​ឲ្យ​គង់វង្ស។ ព្រម​គ្នា​នេះ អ្នកស្រី សុធារី ក៏​សំណូមពរ​ជា​ថ្មី​ម្តង​ទៀត​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ពិចារណា​ថែរក្សា​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ បន្សល់​ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម ដូច​ប្រមុខ​ដឹកនាំ​បាន​ជួយ​ថែរក្សា និង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ដូច​គ្នា​ដែរ៕

No comments:

Post a Comment