សហគមន៍រងគ្រោះក្នុងរឿងដីធ្លីតំបន់បឹងកក់ បានប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។ RFA/Cheu Sideth |
ក្រុមសហគមន៍មានជម្លោះដីធ្លីនៅភ្នំពេញ អះអាងថា ពួកគេនឹងបញ្ឈប់ការរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទៀត ប្រសិនបើមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា និងអ្នកស្រី ទេព វន្នី ត្រូវបានដោះលែងឲ្យមានសេរីភាព។ ការអះអាងនេះ ខណៈដែលពួកគេគ្រោងប្រារព្ធយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៣៣ នៅថ្ងៃទី១៩ ខែធ្នូ ដែលធ្វើឡើងនៅតំបន់បឹងកក់។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅសប្ដាហ៍ទី៣៣ នេះ គឺសហគមន៍មានទំនាស់ដីធ្លីនៅសហគមន៍បុរីកីឡា និងសហគមន៍បឹងកក់ នឹងប្រារព្ធពិធីដោយមានរូបភាពខុសកាលពីសប្ដាហ៍មុនៗ ដោយពួកគេរៀបចំធ្វើនៅសហគមន៍របស់ពួកគេរៀងៗខ្លួន ដើម្បីទាមទារឲ្យតុលាការដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងទម្លាក់ចោលបទចោទប្រឆាំងសកម្មជនបឹងកក់ ព្រមទាំងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី។
តំណាងសហគមន៍បឹងកក់ លោកស្រី បូវ សោភា ថ្លែងថា ក្រុមពលរដ្ឋមានទំនាស់ដីធ្លី នឹងប្រមូលផ្ដុំគ្នានៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែធ្នូ នៅតំបន់បឹងកក់។ លោកស្រីបន្ថែមថា ក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៣៣ នេះ ពួកគាត់នឹងលើករូបថតអ្នកជាប់ឃុំ និងដោះអាវពណ៌ខ្មៅចេញ ដែលជាសញ្ញាបញ្ជាក់ថា ពួកគេនឹងបញ្ឈប់ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទៀតហើយ ប្រសិនបើរដ្ឋាភិបាលដោះលែងតំណាងរបស់ពួកគេមួយរូប គឺអ្នកស្រី ទេព វន្នី និងមន្ត្រីសង្គមស៊ីវិល ៤រូប ព្រមទាំងមន្ត្រី គ.ជ.ប លោក នី ចរិយា ឲ្យមានសេរីភាពវិញនោះ៖ «»។
លោកស្រី បូវ សោភា បញ្ជាក់ថា ការប្រកាសបញ្ឈប់យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ ដោយសារពួកគាត់រំពឹងថា រដ្ឋាភិបាលនឹងអាចដោះលែងអ្នកទាំង ៦នាក់នោះវិញ បន្ទាប់ពីស្ថានភាពនយោបាយមិនសូវតានតឹងដូចមុន និងមានការសន្យាដោះស្រាយបញ្ហានេះរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៖ «»។
ចំណែកប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍បុរីកីឡាវិញ ក៏នឹងរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដែរ ប៉ុន្តែមិនមានទ្រង់ទ្រាយធំនោះទេ។
តំណាងសហគមន៍បុរីកីឡា លោកស្រី សរ ស៊ន បញ្ជាក់ថា ទោះលំបាកយ៉ាងណា ក៏លោកស្រីមិនព្រមបោះបង់ ឬបញ្ឈប់យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះឡើយ។ លោកស្រីព្រមឈប់ ប្រសិនបើរដ្ឋាភិបាលដោះស្រាយតាមការទាមទាររបស់ពួកគាត់។
រីឯប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ កើតឡើងបន្ទាប់ពីមានការចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងសកម្មជនដីធ្លី ដូច្នេះវាមិនមែនជាចលនាបដិវត្តន៍ពណ៌ទេ គឺជាការទាមទារឲ្យដោះលែងអ្នកទាំងនោះវិញ ដែលគេយល់ថាអ្នកទាំងនោះមិនបានប្រព្រឹត្តខុស។
លោក អំ សំអាត រំពឹងថា រដ្ឋាភិបាល និងតុលាការ នឹងពិចារណាដោះលែងអ្នកជាប់ឃុំឃាំងទាំងអស់វិញ ព្រោះថាបើមិនដោះលែងទេ នឹងធ្វើឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដូចជាយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ នឹងអាចកក្រើកឡើងវិញ ហើយរដ្ឋាភិបាលនឹងនៅតែបន្តរងការរិះគន់ខ្លាំងៗ៖ «»។
តំណាងសហគមន៍បឹងកក់ លោកស្រី បូវ សោភា អះអាងថា ប្រសិនបើមិនដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក មន្ត្រី គ.ជ.ប និងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញនោះទេ ក្រុមសហគមន៍នឹងបន្តធ្វើយុទ្ធនាការនេះជាបន្តទៀត ហើយនិងមិនធ្វើតែនៅក្នុងសហគមន៍ដូចរាល់ដងនោះឡើយ៕
No comments:
Post a Comment