ទាំងអាជ្ញាធរនគរបាល និងមន្ត្រីតុលាការ នៅតែមិនទាន់មានដំណឹងពីនគរបាលស្រុកស្អាង ខេត្តកណ្ដាល ៣នាក់ ដែលរងការចោទថា បានព្រួតគ្នាវាយបុរសម្នាក់ឲ្យស្លាប់កាលពីខែតុលា នៅឡើយទេ។ រហូតមកដល់ពេលនេះ ករណីវាយសម្លាប់នេះ មន្ត្រីតុលាការអះអាងថា នៅបន្តនីតិវិធីរបស់ខ្លួន។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល លោក សំរឹទ្ធ វាសនា មានប្រសាសន៍នៅថ្ងៃទី២១ ធ្នូ ថា ខាងលោកបានបញ្ចប់ការសាកសួរសាច់ញាតិភាគីជនរងគ្រោះ ដែលត្រូវនគរបាលវាយសម្លាប់នោះហើយ៖ «មកតែខ្លួនគាត់ គឺប្រពន្ធអ្នកស្លាប់ ហើយអ្នកដែលត្រូវគេវាយហ្នឹង ដែលជិះជាមួយអ្នកស្លាប់ឆ្លើយរួចហើយ។ សួរហើយ»។
លោកមិនទាន់បានទទួលព័ត៌មានពីសមត្ថកិច្ចនគរបាល ដែលតាមស្វែងរកនាយនគរបាលស្រុកស្អាង បីនាក់ ព្រួតគ្នាវាយបុរសម្នាក់ឈ្មោះ ចំរើន សីហា ឲ្យស្លាប់នៅឡើយទេ រហូតមកដល់ពេលនេះ។
ទាក់ទងនឹងនគរបាលស្រុកស្អាង ខេត្តកណ្ដាល ៣នាក់នោះ ត្រូវបានអធិការនគរបាលស្រុកស្អាង ខេត្តកណ្ដាល លោក សេង សុជាតិ មានប្រសាសន៍នៅរសៀលថ្ងៃដដែលថា ខាងលោកកំពុងបន្តស្វែងរកនគរបាល ៣រូប ដែលកំពុងគេចខ្លួននោះ។ លោកបញ្ជាក់ថា នគរបាលទាំងនោះមិនបានចូលកន្លែងធ្វើការចាប់តាំងថ្ងៃទី២២ ខែតុលា មក៖ «ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈ និងស្ថានភាពបែបណា ឯកឧត្ដមស្នងការក៏លោកបានផ្ដាំផ្ញើឲ្យអនុវត្តតាមវិធានច្បាប់ដែរ។ បុគ្គលណាប្រព្រឹត្តខុសច្បាប់ បុគ្គលនោះទទួលទោសតាមផ្លូវច្បាប់។ ប៉ុន្តែពេលនេះអត់ទាន់ឃើញចូលមូលដ្ឋានទេ ហើយខ្ញុំបានឲ្យកម្លាំងស៊ើបមើលម្ដុំលំនៅឋានគាត់ដែរ អត់ឃើញ»។
អាស៊ីសេរី មិនអាចទាក់ទងសាកសួរព័ត៌មានបន្ថែមពីប្រពន្ធជនរងគ្រោះឈ្មោះ ចំរើន សីហា បានទេ នៅថ្ងៃទី២១ ធ្នូ។ ម្ដាយក្មេកជនរងគ្រោះដែលទទួលទូរស័ព្ទថ្លែងថា កូនរបស់លោកស្រីកំពុងនៅខូចចិត្តខ្លាំងនៅឡើយ។ លោកស្រីថ្លែងថា កូនប្រសារបស់លោកស្រីជាមនុស្សល្អម្នាក់៖ «ស្ដាយណាស់! កូនប្រសាខ្ញុំរកអត់បានទេ។ មនុស្សទៀងត្រង់ មនុស្សដឹងតែធ្វើបុណ្យទាន»។
កាលពីថ្ងៃទី១៤ ធ្នូ ប្រពន្ធជនរងគ្រោះ គឺលោកស្រី ឃួន ស្រីមុំ មានប្រសាសន៍ថា លោកស្រីព្រមទទួលយកទឹកប្រាក់ ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក តាមរយៈមេធាវីចុងចោទដែលសងជាសំណងរដ្ឋប្បវេណី ដើម្បីបញ្ចប់រឿងក្ដីនេះ។ លោកស្រីថា លោកស្រីមិនចង់បន្តរឿងក្ដីនេះវែងឆ្ងាយតទៅទៀតទេ ហើយលោកស្រីក៏មិនមានមេធាវីដែរ។
លោកស្រី ឃួន ស្រីមុំ បញ្ជាក់ថា ចំនួនទឹកប្រាក់សំណងនេះមិនគ្រប់តាមការទាមទារដំបូងទេ៖ «បានតែជំងឺចិត្តខ្ញុំទេ។ ពីមុនខ្ញុំទាមទារ ៦ម៉ឺន ៥ពាន់ដុល្លារ។ គាត់ហ៊ានឲ្យខ្ញុំតែ ២ម៉ឺនហ្នឹងទេ។ ទាំងអស់គ្នា»។
ទោះជាមានការសងសំណងនេះក៏ដោយ ក៏ខាងអ្នកច្បាប់ និងតុលាការ នៅតែចង់បន្តដំណើរការនីតិវិធីរបស់តុលាការ ស្វែងរកការពិតក្នុងបទព្រហ្មទណ្ឌដដែល ព្រោះសំណងនោះគ្រាន់តែជាការជួសជុលការខូចខាតផ្នែករដ្ឋប្បវេណីប៉ុណ្ណោះ។
កាលពីល្ងាចថ្ងៃទី២១ ខែតុលា បុរសឈ្មោះ ចំរើន សីហា អាយុ ២៦ឆ្នាំ បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យក្នុងក្រុងតាខ្មៅ គឺក្រោយពេលគេចោទថា នគរបាលស្រុកស្អាង ខេត្តកណ្ដាល ៣នាក់ ព្រួតគ្នាវាយ។ អ្នកជិះម៉ូតូជាមួយអ្នកស្លាប់ម្នាក់ គឺលោក ទិត្យ លាភ អាយុ ២២ឆ្នាំ បានរបួសធ្ងន់ពីការវាយដំនោះដែរ។ បញ្ហានេះកើតចេញពីជម្លោះជិះម៉ូតូជែងគ្នាមួយ ហើយត្រូវនគរបាលទាំងនោះចោទបុរសទាំងពីរនាក់ថាជាចោរប្លន់។
នគរបាលដែលជាប់ចោទនោះមានឈ្មោះ ឆៃ ស៊ីណា ជានាយការិយាល័យនគរបាលអន្តោប្រវេសន៍ស្រុក ឈ្មោះ ភក្ដី វិទូ ជាអធិការរងនគរបាលស្រុក និង ឃាង សុថេង ជានាយរងនគរបាលបច្ចេកទេសស្រុក៕
No comments:
Post a Comment