ពលរដ្ឋសហគមន៍ថ្មគោល រស់នៅជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រមាណជិត ៥០នាក់ បានរៀបចំពិធីបង្សុកូលរាប់បាត្រព្រះសង្ឃ ដែលផ្សារភ្ជាប់ជាមួយនឹងទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៨ នៅព្រឹកថ្ងៃទី៨ ខែធ្នូ។
តំណាងសហគមន៍ថ្មគោល លោក គង់ ផល្លា មានប្រសាសន៍ថា ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ពួកគាត់សំណូមពរឲ្យរដ្ឋាភិបាលដកផ្ទាំងប៉ាណូដែលដាក់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនោះ ចេញពីតំបន់ពួកគេរស់នៅវិញ។ លើសពីនេះ ក៏ស្នើឲ្យរដ្ឋាភិបាលចេញប័ណ្ណកម្មសិទ្ធិ ព្រមទាំងកោះប្រជុំជាសាធារណៈជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រកាសប្រាប់ប្រជាពលរដ្ឋឲ្យច្បាស់ថា ឈប់អភិវឌ្ឍ ឬយ៉ាងណា។ លោកថា ធ្វើបែបនេះ គឺកុំឲ្យប្រជាពលរដ្ឋនៅជួបហានិភ័យ និងភ័យខ្លាចទៀត ព្រោះថា លិខិត ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលចេញកាលពីខែមិថុនា ឆ្នាំ២០១៦ នោះ គ្រាន់តែបញ្ជាក់ថា ផ្អាកសិនប៉ុណ្ណោះ មិនដឹងថាគេយកដីហ្នឹងទៅអភិវឌ្ឍវិញថ្ងៃណាទេ៖ «គេគ្រាន់តែចេញលិខិតឲ្យយើងផ្អាកសិន ប៉ុន្តែមិនដឹងថ្ងៃណាគេយកវិញទេ ព្រោះអីយើងមានការភិតភ័យ។ អ៊ីចឹងហើយបានជាឲ្យរដ្ឋាភិបាលហៅភាគីទាំងអស់ប្រជុំជាសាធារណៈម្តងទៀត ដើម្បីឲ្យប្រជាជនបានដឹង»។
ពលរដ្ឋទាំងនោះកំពុងរស់នៅជុំវិញតំបន់សន្តិសុខ និងសុវត្ថិភាពអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលរដ្ឋាភិបាលធ្លាប់បានតម្រូវកាត់ដី ឬផ្ទះទំហំ ៥ម៉ែត្រពីរបងព្រលានយន្តហោះ ដើម្បីពង្រីកឲ្យព្រលានយន្តហោះមានស្តង់ដារអន្តរជាតិ។
ពលរដ្ឋអះអាងថា ជិត ៤ឆ្នាំហើយ ដែលពួកគាត់រង់ចាំដំណោះស្រាយបញ្ហាដីធ្លីនេះ ព្រោះគ្រួសារពលរដ្ឋមួយចំនួនដែលមានដីធ្លីមិនអាចសាងសង់ផ្ទះបាន និងអ្នកដែលមានផ្ទះ ក៏មិនអាចជួសជុលលក់ និងបញ្ចាំបាន ដែលធ្វើឲ្យពួកគាត់ជំពាក់បំណុលគេ និងកាន់តែធ្លាក់ខ្លួនក្រទៅៗ៕
No comments:
Post a Comment