Thursday, December 8, 2016

កសិករ​និង​អ្នក​ប្រកួត​កីឡា​ចំបាប់​នៅ​ខេត្ត​កំពង់ឆ្នាំង​ចង់​អភិរក្ស​ស្គរ​ចំបាប់


 ស្គរ​ចំបាប់​របស់​លោក សូរ សូល ដែល​ជា​កសិករ និង​ជា​អ្នក​ផលិត​ស្គរ​នៅ​ភូមិ​អណ្ដូងឫស្សី ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha



កសិករ និង​អ្នក​ប្រកួត​កីឡា​បោក​ចំបាប់​តាម​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​កំពង់ឆ្នាំង ចង់​អភិរក្ស​ស្គរ​ចំបាប់ និង​បំផុស​សកម្មភាព​ប្រកួត​កីឡា​ប្រភេទ​នេះ​ឲ្យ​កាន់​តែ​រស់​រវើក ដើម្បី​បង្ហាញ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ចង់​ឲ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​បាន​យល់​ដឹង និង​អភិរក្ស​បន្ត។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មាន​លទ្ធភាព​តិចតួច​ជួយ​អ្នក​ចង់​អភិរក្ស ឬ​និយម​លេង​កីឡា​ចំបាប់។

«...សំឡេង​ភ្លេង...» សំឡេង​ស្គរ​រន្ថើន​លាន់​ឮ​រំពង​ចេញ​ពី​ផ្ទះ​របស់​កសិករ​ម្នាក់​នៅ​ភូមិ​អណ្ដូងឫស្សី ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ គឺ​ជា​ការ​លេង​សាកល្បង​របស់​បុរស​វ័យ​ក្មេង​ពីរ​នាក់ ដែល​ស្រឡាញ់​ឧបករណ៍​ភ្លេង​បុរាណ និង​កីឡា​ចំបាប់​ដូច​គ្នា។ ពួក​គេ​ទាំង​ពីរ និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត ក៏​ស្រឡាញ់ ឬ​និយម​ប្រកួត​កីឡា​ចំបាប់​ក្នុង​ពិធី​បុណ្យ​ឡើង​អ្នកតា កឋិនទាន អក​អំបុក សំពះ​ព្រះ​ខែ និង​បុណ្យ​ចូល​ឆ្នាំ ជាដើម។

អ្នក​ផលិត​ស្គរ​ចំបាប់​ដែល​តែងតែ​ផ្ដួចផ្ដើម​ឲ្យ​អ្នក​ភូមិ​ប្រកួត​កីឡា​ចំបាប់ ពេល​មាន​បុណ្យ​ទាន​ម្ដងៗ​នៅ​វត្ត​អារាម លោក សូរ សូល មាន​ប្រសាសន៍​ថា ម្ដាយ និង​ប្រពន្ធ បាន​ស្ដី​បន្ទោស​លោក​ស្ទើរ​រាល់​ថ្ងៃ ដោយសារ​តែ​លោក​ខ្វល់ខ្វក់​នឹង​រឿង​ស្គរ​ចំបាប់​ច្រើន​ជាង​ការងារ​ដទៃ​ទៀត។ ប៉ុន្តែ​ដោយ​ហេតុ​តែ​ស្រឡាញ់​ស្គរ និង​កីឡា​ចំបាប់ លោក​ក៏​ធ្វើ​មិន​ឮ​មិន​ដឹង​ចំពោះ​ការ​ស្ដី​បន្ទោស​ទាំងនោះ៖ «វា​ស្រឡាញ់​សឹង​ថា​ដូច​ជីវិត​ទៅ​ហើយ ស្គរ​ហើយ​នឹង​ខ្ញុំ​នោះ។ ខ្ញុំ​ស្រឡាញ់​មែន​តើ! ខ្ញុំ​ឈូស ខ្ញុំ​ធ្វើ​ខ្ញុំ​ដូច​អត់​ចេះ​អស់​កម្លាំង​ដោយសារ​ស្គរ​ហ្នឹង។ លោក ជិន ជេដ្ឋា៖ មូលហេតុ​អី​ដែល​បង​ចាប់​អារម្មណ៍​ឃើញ​មាន​ចំណុច​ពិសេស​អ្វី​មួយ ឬ​ក៏​យ៉ាង​ម៉េច​បាទ? ខ្ញុំ​នឹក​ឃើញ​ថា ខ្ញុំ​ធ្វើ​កើត​ទៅ​ក្រែងលោ​ខាង​ជនជាតិ​គេ​ចូល​ចិត្ដ​អ៊ីចឹង​ទៅ ហើយ​យក​ខ្ញុំ​ទៅ​លេង»។


ការ​ចូល​ចិត្ត និង​ក្ដី​ស្រមៃ​របស់​លោក សូល ជា​ផ្នែក​មួយ​នៃ​ការ​លើក​ទឹក​ចិត្ត​របស់​អ្នក​ភូមិ និង​មិត្តភ័ក្ដិ​របស់​លោក​ខ្លះ​ដែល​ចូល​ចិត្ត​វិស័យ​នេះ​ដែរ ប៉ុន្តែ​ពុំ​មាន​ឱកាស​ពេញលេញ​សម្រាប់​លេង ឬ​ទស្សនា។ ពលរដ្ឋ​ថា​ការ​បំផុស​ឲ្យ​ចូលរួម និង​លេង​កីឡា​ចំបាប់ ដោយ​ប្រើ​ស្គរ​ជា​ភ្លេង​ក្នុង​ពេល​ថ្វាយ​បង្គំ​គ្រូ និង​ពេល​ប្រកួត​ជាក់ស្ដែង​នោះ គឺ​ប្រសើរ​ជាង​ការ​ចងក្រង​ឯកសារ ប៉ុន្តែ​មិន​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ។

បុរស​វ័យ​ជាង ៤០​ឆ្នាំ​ដែល​ពិការ​ភ្នែក​ទាំង​សង​ខាង​ដោយសារ​ជំងឺ លោក ស៊ុន ផុន អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល ជួយ​ទំនុក​បម្រុង​ផ្នែក​ថវិកា និង​បច្ចេកទេស​បន្ថែម​ទៅ​លើ​ការ​វាយ​ស្គរ និង​បង្ហាត់​វិធី​បោក​ចំបាប់​ថ្មីៗ​ដល់​អ្នក​ដែល​ចង់​លេង​កីឡា​នេះ។ លោក​ថា បើ​ទៅ​អនាគត​មាន​ក្រុម​វាយ​ភ្លេង ឬ​កីឡាករ​បោក​ចំបាប់​ត្រឹមត្រូវ លោក​ជា​ជន​ពិការ​ក៏​មាន​មុខ​របរ​មួយ​ដែរ៖ «ខ្ញុំ​មាន​តែ​វាយ​ស្គរ​ហ្នឹង​ហើយ ជួយ​រឹត​ស្គរ​គាត់​អ៊ីចឹង​ទៅ។ ភ្នែក​ពិការ​នេះ​អត់​មាន​មុខ​របរ​អី​ទេ។ អ៊ីចឹង​ខ្ញុំ​ចង់​ពឹង​ដល់​អង្គការ ឬ​ស្ថាប័ន​ណា​មួយ​មក​ជួយ​ពួក​ខ្ញុំ​ផង ហើយ​ខ្ញុំ​ចង់​បាន​ឲ្យ​គេ​ជួល​ទៅ​គ្រាន់​បាន​លុយ​កាក់»។

ស្គរ​សម្រាប់​លេង​ក្នុង​ពិធី​ប្រកួត​កីឡា​ចំបាប់​មាន​វត្តមាន​តាំង​ពី​សម័យ​អង្គរ ប៉ុន្តែ​បច្ចុប្បន្ន កីឡា​ចំបាប់​មិន​សូវ​ពេញ​និយម​ដូចជា​កីឡា​ប្រដាល់​ខ្មែរ​បុរាណ និង​កីឡា​បាល់​ទាត់​ឡើយ ហើយ​ការ​ប្រើប្រាស់​ស្គរ​នេះ ក៏​មិន​សូវ​ពេញ​និយម​ទៅ​តាម​នោះ​ដែរ។ នៅ​ខេត្ត​កំពង់ឆ្នាំង ការ​ប្រកួត​កីឡា​ចំបាប់ គេ​តែងតែ​រៀបចំ​ឡើង​ពេល​មាន​បុណ្យ​ទាន​តាម​វត្ត​អារាម ដូចជា​វត្ត​អណ្ដូងឫស្សី និង​វត្ត​ត្រពាំងស្នោ ជាដើម។

អ្នក​ផលិត​ស្គរ​ចំបាប់ លោក សូរ សូល ឲ្យ​ដឹង​ថា ស្គរ​ចំបាប់​មាន​រាងរៅ និង​ស្បែក​គោះ​ទាំង​សង​ខាង​ស្រដៀង​សម្ភោរ​ដែរ ហើយ​ប្រភេទ​ឈើ​ដែល​គេ​និយម​យក​មក​ធ្វើ​ដើម្បី​មាន​សំឡេង​ល្អ​នោះ គឺ​ដើម​តាឡាត និង​ដើម​ខ្នុរ។ ប៉ុន្តែ​សម្រាប់​លោក​ដែល​ពុំ​មាន​លទ្ធភាព​រក​ឈើ​ទាំង​ពីរ​មុខ​នេះ​បាន ទើប​យក​ដើម​ត្នោត​ធ្វើ​ជំនួស​វិញ ដ្បិត​វា​ធ្ងន់​ដោយ​មួយ​ទម្ងន់​ប្រហែល ៣០​គីឡូក្រាម ប៉ុន្តែ​គុណភាព​សំឡេង​ល្អ៖ «គេ​យក​ស្គរ​ហ្នឹង​ទៅ​លេង​នៅ​ខេត្ត គេ​ឲ្យ​ខ្ញុំ​បង្កើត ហើយ​ខ្ញុំ​បង្កើត​យ៉ាង​ម៉េច​បើ​អត់​មាន​កន្លែង​មាន​អី​លេង​អ៊ីចឹង។ គេ​នៅ​ស្រុក​នេះ​មាន​អ្នក​ចង់​ហាត់​ចង់​រៀន​មាន​ច្រើន គ្រូ​បង្ហាត់​ណោះ​ក៏​មាន​ច្រើន​ដែរ វា​ខ្វះ​កន្លែង​លេង»។

ស្គរ​ចំបាប់​របស់​លោក សូរ សូល ដែល​ជា​កសិករ និង​ជា​អ្នក​ផលិត​ស្គរ​នៅ​ភូមិ​អណ្ដូងឫស្សី ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha

បច្ចុប្បន្ន លោក សូរ សូល និង​លោក ស៊ុន ផុន ដែល​ថ្នឹក​នឹង​ការ​វាយ​ស្គរ​ចំបាប់ ត្រូវ​បាន​គេ​ជួល​ឲ្យ​ទៅ​វាយ​ស្គរ​ញឹកញាប់​ដែរ​នៅ​តាម​វត្ត​អារាម ដោយ​គិត​កម្រៃ​ចន្លោះ​ពី​ពីរ​ទៅ​បី​ម៉ឺន​រៀល​ក្នុង​មួយ​យប់ ឬ​មួយ​កម្មវិធី។ ជាទូទៅ អ្នក​ប្រគំ​ភ្លេង​ក្នុង​កម្មវិធី​រំឭក​គុណ​គ្រូ ឬ​ប្រកួត​កីឡា​ចំបាប់ ត្រូវ​មាន​មនុស្ស​បី​នាក់ គឺ​ម្នាក់​មាន​តួនាទី​កាន់​ស្គរ​មេ ម្នាក់​កាន់​ស្គរ​កូន និង​ម្នាក់​ទៀត​មាន​តួនាទី​ជា​អ្នក​ផ្លុំ​ប៉ី​អម​ជាមួយ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ឆ្នាំង លោក សុខ ធូក ថ្លែង​ថា ស្គរ​ចំបាប់​ជា​ឧបករណ៍​ភ្លេង​ដ៏​សំខាន់​ក្នុង​ការ​ប្រកួត​កីឡា​ចំបាប់។ ស្គរ​នេះ​មាន​តួនាទី​សំខាន់​ពីរ គឺ​លេង​ពេល​កីឡាករ​រំឭក​គុណ​គ្រូ ឬ​ហៅ​ថា​ភ្លេង​យ៉ូន និង​លេង​ពេល​ប្រកួត ឬ​ហៅ​ថា​ភ្លេង​ផ្លែន។ លោក​ថា ពេល​មាន​បុណ្យ​ទាន​ម្ដងៗ កីឡា​ចំបាប់ ឬ​ការ​ប្រើ​ឧបករណ៍​ភ្លេង​ប្រភេទ​នេះ​នៅ​តែ​ពេញ​និយម​នៅ​ឡើយ៖ «ចំពោះ​ស្ថានភាព​កីឡា​ចំបាប់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង យើង​នេះ គឺ​មាន​សស្រាក់សស្រាំ​រីក​ដុះដាល​នៅ​តាម​ភូមិ-ឃុំ​មួយ​ចំនួន ពិសេស​នៅ​តាម​វត្ត​អារាម។ ដែល​យើង​ថា​មាន​លក្ខណៈ​រីក​ចម្រើន​ដោយសារ​នៅ​ក្នុង​ប្រពៃណី​ពិធី​បុណ្យ​មួយ គឺ​តែងតែ​មាន​ចំបាប់​នេះ​ចូលរួម​ជា​រៀង​រាល់​ពេល។ យើង​បាន​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ទុក​ជា​ឯកសារ ព្រោះ​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​របស់​ខ្មែរ​យើង​ទាំង​មូល មិន​មែន​សម្រាប់​តែ​អ្នក​កំពង់ឆ្នាំង ទេ»។

លោក សុខ ធូក បញ្ជាក់​ថា លោក​បាន​ចងក្រង​ឯកសារ​សិល្បៈ​ក្បាច់គុន​បុរាណ​ខ្មែរ ក្នុង​នោះ​ក៏​មាន​កីឡា​ចំបាប់​ដែរ ហើយ​បាន​យក​ទៅ​តម្កល់​នៅ​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ក្រៅ​ពី ការ​ចងក្រង​ឯកសារ និង​ផ្សព្វផ្សាយ​តាម​រយៈ​កម្មវិធី​ផ្សេងៗ មន្ទីរ​ពុំ​មាន​គម្រោង​ថវិកា​សម្រាប់​ជួយ​ទំនុក​បម្រុង​ដល់​កីឡាករ ឬ​ក្រុម​ភ្លេង​នោះ​ទេ ប៉ុន្តែ​អាច​នឹង​ជួយ​ផ្នែក​បច្ចេកទេស បើ​មាន​ការ​ស្នើសុំ។

ចំណែក​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា លោក ធិន វិចិត្រ មាន​ប្រសាសន៍​ថា បើ​ពលរដ្ឋ​ចង់​ចងក្រង​ក្រុម​កីឡាករ​ចំបាប់ ឬ​ក្រុម​លេង​ភ្លេង​កីឡា​ចំបាប់​នោះ ពួក​គេ​ត្រូវ​ធ្វើ​លិខិត​ស្នាម​ដោយ​ភ្ជាប់​ឈ្មោះ​សមាជិក​ក្នុង​ក្រុម​ច្បាស់លាស់ ដើម្បី​សុំ​ចូល​ជា​សមាជិកភាព​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន ទើប​សហព័ន្ធ​អាច​រក​ជំនួយ​ក្នុង​ការ​ដំណើរ​ការ​ក្រុម​បាន៖ «កាលណា​គាត់​ជា​សមាជិកភាព​របស់​សហព័ន្ធ ហើយ​គាត់​មាន​សកម្មភាព​ចូលរួម​ជាមួយ​សហព័ន្ធ​អ៊ីចឹង។ យើង​នឹង​រៀបចំ​រក​ជំនួយ។ កីឡាករ​យើង​ទាំង​បុរាណ និង​សម័យ​មាន​ប្រហែល​ជា ៣០០​នាក់​ដែរ​សព្វថ្ងៃ ប៉ុន្តែ​កីឡាករ​យើង​ជា​កីឡាករ​ស្ម័គ្រ​ចិត្ត​កីឡាករ​បុរាណ វា​មិន​មែន​ជា​កីឡាករ​អាជីព​ប្រដាល់​សេរី​ដែល​គេ​មាន​ក្លឹប​ហើយ គេ​ត្រូវ​ហាត់​ដោយ​ខ្លួន​ឯង ហើយ​ធ្វើ​ការ​ប្រកួត​ប្រចាំ​សប្ដាហ៍ យើង​អត់​មាន​ទេ តែ​យើង​បាន​ប្រឹងប្រែង​រៀបចំ​ការ​ប្រកួត​យ៉ាង​តិច​បាន​បី​ដង»។

លោក សូរ សូល និង​ដៃគូ​លេង​ភ្លេង​ប្រកួត​កីឡា​ចំបាប់​នៅ​ភូមិ​អណ្ដូងឫស្សី ចង់​បង្កើត​ក្រុម​កីឡាករ និង​ក្រុម​លេង​ភ្លេង​តូច​មួយ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​ផ្ទាល់ ដោយ​លោក​មើល​ឃើញ​ថា ភូមិ​អណ្ដូងឫស្សី សម្បូរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ការ​ស្មូន​ក្អម​ឆ្នាំង និង​ការ​ឡើង​ត្នោត ហើយ​ស្រប​ពេល​គ្នា​នេះ លោក​ក៏​ចង់​ឲ្យ​ភ្ញៀវ​ទាំងនោះ​បាន​ដឹង ឬ​ស្គាល់​ច្បាស់​ពី​ការ​លេង​ភ្លេង និង​កីឡា​ចំបាប់៕

No comments:

Post a Comment