Tuesday, December 6, 2016

អាជ្ញាធរ​ខេត្ត​ប៉ៃលិន​រង​ការ​ចោទ​ថា​បណ្ដោយ​ឲ្យ​ឈ្មួញ​កាយ​ភ្នំ​យក​ដី​ធ្វើ​កម្មសិទ្ធិ


តំបន់​ដែល​គេ​កាយ​ភ្នំ​យក​ដី​នៅ​ភ្នំ​សារាវ៉ាន់ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Hum Chamroeun



មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន មក​ពី​គណបក្ស​ប្រឆាំង រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា បណ្ដោយ​ឲ្យ​អ្នក​មាន​លុយ និង​មាន​អំណាច​នៅ​ក្បែរ​ព្រំដែន​ប្រទេស​ថៃ ក្នុង​ស្រុក​សាលាក្រៅ កាយ​ភ្នំ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បញ្ជាក់​ថា មូលហេតុ​ដែល​អាជ្ញាធរ​មិន​អាច​ទប់ស្កាត់​បាន ដោយសារ​ដី​នោះ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​បុគ្គល​ទៅ​ហើយ។

មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​បញ្ឈប់​អ្នក​មាន​លុយ និង​មាន​អំណាច​រំលោភ​យក​ដី​ភ្នំ​ទេ គឺ​មិន​យូរ​ឡើយ នឹង​រលាយ​អស់​ភ្នំ ហើយ​ក្លាយ​ទៅ​ជា​របស់​កម្មសិទ្ធិ​ឯកជន​ជា​ពុំ​ខាន។

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ទូ ឌីណា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ធ្នូ ថា មន្ត្រី​ទាហាន​មាន​អំណាច​ម្នាក់​ឈ្មោះ ហៀង ហុង នៅ​ក្នុង​ខេត្ត​នេះ​យក​គ្រឿងចក្រ​កាយ​ភ្នំ​សារាវ៉ាន់ នៅ​តំបន់​អភិវឌ្ឍន៍​ផ្សារ​ព្រំ នៃ​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោក​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​បាន​នៅ​ឡើយ៖ «យើង​ឆ្ងល់​ណាស់ ហេតុ​អី​ភ្នំ​គេ​អាច​ធ្វើ​ប្លង់​រឹង​យក​ដី​បាន តែ​ចំពោះ​ពលរដ្ឋ​ក្រីក្រ ខ្លះ​គ្រាន់​តែ​ធ្វើ​តាម​ជំរេ​ភ្នំ​កាប់​ឈើ​មួយ​ដើម​ពីរ​ដើម​មាន​ទោស ចំណែក​អ្នក​ដែល​មាន​អំណាច​មាន​លុយ​យក​ភ្នំ​ទាំងមូល ធ្វើ​អត់​មាន​ទោស»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​លោក ហៀង ហុង ដែល​រង​ការ​ចោទ​ប្រកាន់ ដើម្បី​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៦ ធ្នូ។


ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន លោក គឹម សុខា អះអាង​ថា អាជ្ញាធរ​ក៏​មាន​វិធានការ​ទប់ស្កាត់​បញ្ហា​នេះ​ដែរ ក៏ប៉ុន្តែ​មិន​អាច​ដំណើរ​ការ​ទៅ​បាន ដោយសារ​ដី​ភ្នំ​ដែល​កាយ​នោះ គឺ​ជា​ដី​ឯកជន​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់។ លោក​បន្ថែម​ថា ករណី​នេះ គឺ​ជា​កំហុស​របស់​អាជ្ញាធរ​មុនៗ​ដែល​បាន​ចេញ​ប័ណ្ណ​ស្រប​ច្បាប់​ទៅ​ឲ្យ​ម្ចាស់​ដី៖ «យើង​ធ្លាប់​ធ្វើ​ការ​ដក​ហូត​កូន​សោ​ពី​អ្នក​បើក​គ្រឿង​ឈូស​ដី​ពីរ​បី​ដង​ហើយ។ នៅ​ក្នុង ខ្ញុំ​បាន​កំណត់​ដូចជា​ផ្លូវ​ព្រំប្រទល់ នៅ​កន្លែង​នោះ​មាន ២​ភ្នំ ដោយ​ភ្នំ​មួយ​តូច ខ្ញុំ​ធ្វើ​បាន​ប្រហែល ៦០​ភាគរយ ចំណែក​ភ្នំ​មួយ​ទៀត​យើង​មិន​ទាន់​បាន​ធ្វើ ដោយសារ​ខ្ញុំ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ហើយ​ព្រះរាជអាជ្ញា​មិន​ទាន់​ឲ្យ​ខ្ញុំ​ធ្វើ​ផ្លូវ​ឆ្លង​កាត់​នៅ​ទីនោះ»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ដី​ភ្នំ​នោះ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ហើយ​ក៏ដោយ គឺ​អាជ្ញាធរ​នៅ​តែ​អាច​រំលាយ​ប័ណ្ណ​នោះ​បាន។ លោក​អះអាង​ថា ដី​ភ្នំ​មិន​អាច​ជន​ណា​ម្នាក់​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ យក​ដី​ធ្វើ​ជា​របស់​ផ្ទាល់​ខ្លួន​បាន​នោះ​ទេ។ លោក យិន ម៉េងលី សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ត្រូវ​តែ​បញ្ឈប់​ករណី​នេះ​ជា​បន្ទាន់ ពីព្រោះ​បើ​មិន​ទប់ស្កាត់ នឹង​ធ្វើ​ឲ្យ​ហិនហោច​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ៖ «លើកលែង​តែ​តំបន់​មួយ​ចំនួន​ទេ ដែល​ត្រូវ​មាន​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​កំណត់​ឲ្យ​មាន​ការ​លើកលែង អាច​ធ្វើ​ប្លង់​បាន ដូចជា​ភ្នំ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ ចំពោះ​នៅ​ខេត្ត​ប៉ៃលិន ដូចជា​មិន​មាន​ភ្នំ​ណា​មួយ​ដែល​ធ្វើ​ការ​លើកលែង​នោះ​ទេ»។

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន មក​ពី​បក្ស​ប្រឆាំង លោក ទូ ឌីណា អះអាង​ទៀត​ថា កន្លង​ទៅ លោក​ធ្លាប់​ស្នើ​ទៅ​មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត​មួយ​នេះ ដើម្បី​ឲ្យ​ពិនិត្យ​មើល​ប័ណ្ណ​កម្មសិទ្ធិ​អ្នក​កាន់​កាប់​ដី​ភ្នំ​នោះ​ឡើយ​វិញ​ដែរ ក៏ប៉ុន្តែ​គ្មាន​ដំណោះស្រាយ។ លោក ទូ ឌីណា បន្ថែម​ថា នៅ​ភ្នំ​ក្បែរ​ព្រំដែន​ថៃ មួយ​នេះ បច្ចុប្បន្ន​មាន​អ្នក​មាន​លុយ និង​អំណាច​ប្រហែល ៦​នាក់ កំពុង​ដណ្ដើម​គ្នា​កាយ​ភ្នំ​យក​ដី ហើយ​រហូត​មក​ទល់​ពេល​នេះ អស់​ដី​ទំហំ​ប្រមាណ​ជាង ១០​ហិកតារ៕

No comments:

Post a Comment