Thursday, December 15, 2016

ប្រធាន​មន្ទីរ​អប់រំ​​នៅ​បន្ទាយមានជ័យ​រង​ការ​ចោទ​ថា​មិន​ចាត់ការ​នាយក​វិទ្យាល័យ​ពុករលួយ


វិទ្យាល័យ​សិរីសោភ័ណ នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ Photo Provided


ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ រិះគន់​ប្រធាន​មន្ត្រី​អប់រំ​យុវជន និង​កីឡា​​ខេត្ត​ថា យឺតយ៉ាវ​ក្នុង​ការ​ចាត់​វិធានការ​ដក​នាយិកា​វិទ្យាល័យ​នេះ​ចេញ​ពី​តំណែង។ នាយិកា​វិទ្យាល័យ​សិរីសោភ័ណ ត្រូវ​បាន​ក្រុម​គ្រូបង្រៀន​ផ្ដិត​មេដៃ​ដក​ពី​តំណែង​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ប្រើ​ពាក្យ​អសុរោះ​ទៅ​លើ​ពួកគាត់។ ប៉ុន្តែ​ប្រធាន​មន្ទីរ​អប់រំ ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពុង​ដំណើរ​ការ​ស៊ើប​អង្កេត​លើ​ការងារ​នេះ។

ក្រុម​គ្រូបង្រៀន​នៅ​​វិទ្យាល័យ​សិរីសោភ័ណ​ បន្ត​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​បន្ទាយមានជ័យ ចាត់​វិធាន​ការ​តាម​សំណើ​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស។

លោកគ្រូ អ្នកគ្រូ មួយ​ចំនួន​​នៅ​វិទ្យាល័យ​សិរីសោភ័ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ថា ពួកគាត់​ផ្ដិត​ស្នាម​មេដៃ​បាន​ចំនួន ៤៥​នាក់​​ដាក់​ទៅ​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​​បន្ទាយមានជ័យ​ ស្នើ​ដក​នាយិកា​វិទ្យាល័យ​សិរីសោភ័ណ​ គឺ​អ្នកស្រី​ ណាត ស៊ីឡាយ​ ចេញ​ពី​តំណែង​ ជិត​មួយ​ខែ តែ​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ។ ក្រុម​គ្រូបង្រៀន​អះអាង​ថា ពួកគាត់​គ្មាន​កម្លាំង​ចិត្ត​បង្រៀន​សិស្ស​នោះ​ទេ ប្រសិន​បើ​ក្រសួង​អប់រំ មិន​ដក​នាយិកា​រូប​នេះ​ចេញ​ពី​តំណែង​នោះ៖ «បើ​ទុក​គាត់​នៅ ឬ​ពន្យារ​ពេល​នៃ​ការ​ដោះស្រាយ​គឺ​ការ​បង្រៀន​មិន​បាន​ល្អ​ទេ ព្រោះ​យើង​នៅ​តែ​គិត និង​ខ្វល់ខ្វាយ​ចំពោះ​គាត់​ដដែល។ ខ្ញុំ​អន់​ចិត្ត​ខ្លាំង​ណាស់​ដែល​រំពឹង​លើ​មន្ទីរ និង​ក្រសួង​អប់រំ​ជួយ​ពន្លឿន​ការងារ​នេះ​ទុក​ឲ្យ​អូស​បន្លាយពេល​យូរ។ ខ្ញុំ​ឲ្យ​ដក​ចេញ​តែម្ដង គឺ​យើង​អត់​អាច​ធ្វើ​ការ​ជាមួយ​គាត់​បាន​ទេ​ ព្រោះ​ខ្ញុំ​ជួប​ការ​លំបាក​ជាង ១០ឆ្នាំ​​ហើយ​ គឺ​គាត់​អត់​មាន​កែប្រែ​អី​សោះ»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​បន្ទាយមានជ័យ លោក ស្ដើង តុងហឹង មាន​ប្រសាសន៍​ថា ខាង​មន្ទីរ​បាន​បញ្ជូន​សំណុំ​រឿង​​ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ​រួច​មក​ហើយ៖ «សាលា​ខេត្ត​គេ​កំពុង​តែ​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់​លើ​ហើយ។ គេ​មិន​មែន​ទុក​រឿង​ចោល​មិន​ធ្វើ​នោះ​ទេ ព្រោះ​យឺតយ៉ាវ​ដោយសារ​ការងារ​គេ​មាន​ច្រើន​ត្រូវ​ដោះស្រាយ»។
ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​គ្រូបង្រៀន​លើក​ឡើង​ថា ខាង​មន្ទីរ និង​អាជ្ញាធរ​ខេត្ត​ មាន​​វិធានការ​យឺតយ៉ាវ​ដោយសារ​នាយិកា​រូប​នេះ​មាន​សែ​ក្រាស គឺ​បង​ប្រុស​ឈ្មោះ​ ណាត ប៊ុនរឿន ធ្វើ​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា។​​​​​​​​​​​​

​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា បើ​ទោះ​មាន​សែ​ធំ​យ៉ាង​នេះ​ក៏​ដោយ​ ប្រសិន​បើ​រក​ឃើញ​ថា​ នាយិកា​រូប​​នេះ​មាន​កំហុស​ប្រាកដ​មែន​ គឺ​ខាង​ក្រសួង​អប់រំ​ និង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​ពន្លឿន​​ដោះស្រាយ​បញ្ហា​នេះ​ជូន​គ្រូបង្រៀន​ឲ្យ​បាន​ឆាប់រហ័ស៖ «ព្រោះ​ថា​មាន​ការ​លេច​ឡើង​នូវ​បទល្មើស​នៅ​ក្នុង​ហើយ​ ដើម្បី​ស៊ើបអង្កេត​ដាក់​បន្ទុក​ និង​ដាក់​ទោស​ទៅ​លើ​ជន​ដែន​ប្រព្រឹត្ត។ បើ​សិន​តែ​ការ​ប្ដឹង​ទៅ​មិន​មាន​ការ​ដោះស្រាយ​ អ៊ីចឹង​ហាក់​ដូច​ជា​ប្រទេស​លែង​​មាន​ច្បាប់​ទម្លាប់​ហើយ»។

នាយិកា​វិទ្យាល័យ​សិរីសោភ័ណ​ អ្នកស្រី​ ណាត ស៊ីឡាយ​ ត្រូវ​បាន​ក្រុម​គ្រូបង្រៀន​ចោទ​ប្រកាន់​ថា កិបកេង​ប្រាក់ ភី.ប៊ី (P.B) ដែល​ជា​ថវិកា​របស់​​​ក្រសួង​អប់រំ ប្រគល់​ទៅ​​​​ឲ្យ​សាលា​សម្រាប់​អភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ​ និង​ថវិកា​សម្រាប់​អភិវឌ្ឍន៍​របស់​សាលា​​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​នេះ​ គ្រូបង្រៀន​​អះអាង​ថា នាយិកា​រូប​នេះ​ និយាយ​គំរោះគំរើយ និង​ជេរដាក់​​បណ្ដាសា​ដល់​ពួកគាត់​ជា​ប្រចាំ​ ដែល​មិន​​សម​ជា​អ្នក​គ្រប់គ្រង​ក្នុង​វិស័យ​អប់រំ​ឡើយ។ ប៉ុន្តែ​អ្នកស្រី ណាក ស៊ីឡាយ​ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​ការ​មួលបង្កាច់​គ្មាន​ការពិត​របស់​ក្រុម​គ្រូបង្រៀន​មួយ​ក្ដាប់​តូច​ ដើម្បី​រក​លេស​ចង់​ទម្លាក់​អ្នកស្រី​ចេញ​ពី​តំណែង។

វិទ្យាល័យ​មួយ​នេះ​​មាន​សិស្ស​កំពុង​សិក្សា​ជាង ១​ពាន់​នាក់ និង​មាន​គ្រូបង្រៀន​ចំនួន ៦៧​នាក់។ ក្នុង​ចំណោម​នោះ​មាន​គ្រូបង្រៀន​ចំនួន ៤៥​​នាក់​ ​បាន​ផ្ដិត​ស្នាម​មេដៃ​ស្នើ​ដក​នាយិកា​ចេញ​ពី​តំណែង។ក្រុម​​គ្រូបង្រៀន​សង្កត់​ធ្ងន់​ថា​ ប្រសិនបើ​ក្រសួង​អប់រំ មិន​ដក​នាយិកា​ពី​ចេញ​តំណែង​ទេ គឺ​ពួកគាត់​នឹង​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​សិស្ស​នៅ​ក្នុង​ពេល​ឆាប់ៗ៕

No comments:

Post a Comment