
ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសហគមន៍មួយចំនួនដែលត្រូវបានផ្លាស់ប្តូរទីលំនៅដោយសារក្រុមហ៊ុនយកដីពួកគេដាំអំពៅបានប៉ុនប៉ងទាមទារយកដីនោះមកវិញដោយកំណត់ទិសដៅទៅលើវិនិយោគិនដំណាំអំពៅ និងអ្នកបញ្ជាទិញនៅឯក្រៅប្រទេសប៉ុន្តែការសិក្សាមួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថាកិច្ចខិតខំប្រឹងប្រែងបែបនេះអាចនឹងទទួលបានការខកចិត្ត។
លោក យ៉ង់ សុភា អ្នកនិពន្ធរបាយការណ៍នេះកត់សម្គាល់ឃើញថាជាច្រើនឆ្នាំមកនេះ មានទាំងការតវ៉ាដោយសន្តិវិធី និងដោយហិង្សាពីសមាជិកសហគមន៍ទាំងនោះ ប៉ុន្តែ ជានិច្ចកាលពួកគេតែងតែត្រូវបានបង្ក្រាបដោយរដ្ឋាភិបាល និង ក្រុមហ៊ុន។ ដូច្នេះហើយទើបសមាជិកសហគមន៍ទាំងនោះដោយមានជំនួយពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបាននាំយកការតវ៉ាទាមទាររបស់ពួកគេទៅក្រៅប្រទេសដោយសំដៅទៅលើក្រុមហ៊ុននានា និងទីផ្សារបញ្ជាទិញស្ករសពីចម្ការអំពៅនេះតាមរយៈមធ្យោបាយមួយចំនួនរាប់ចាប់ពីការតស៊ូមតិរហូតដល់ការដាក់ពាក្យបណ្តឹងទៅកាន់តុលាការអង់គ្លេសផងដែរ។
លោក សុភា បានរកឃើញថា ការឧបត្ថម្ភផ្នែកនយោបាយបានផ្តល់ភាពអនុគ្រោះដល់ដំណាំដាំដុះនោះដែលបានការពារពួកគេពីវិធានការជាច្រើនដែលបានអនុម័តដោយរដ្ឋាភិបាលនៅក្នុងការឆ្លើយតបទៅនឹងសម្ពាធអន្តរជាតិ។
លោកក៏បានរកឃើញផងដែរថាការបញ្ចុះបញ្ចូលសហភាពអឺរ៉ុប (EU) គឺជាការឆ្លើយតបនៅមានកម្រិតទោះបីក្នុងនាមជាម្ចាស់ជំនួយធំបំផុតរបស់ប្រទេសកម្ពុជាក្តី។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាបានដាក់ជំនឿចិត្តយ៉ាងមុតមាំនៅក្នុងការបញ្ចុះបញ្ចូលសហភាពអឺរ៉ុប។
ដោយបានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងសហគមន៍ដែលរងផលប៉ះពាល់លោកបានស្វែងរកឲ្យមានការបញ្ចុះបញ្ចូលប្លុកពាណិជ្ជកម្មនេះដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀង EBA (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ) ជាមួយប្រទេសកម្ពុជា។
កិច្ចព្រមព្រៀង EBA នេះអនុញ្ញាតឲ្យកម្ពុជាទទួលបានកូតានាំចូលដោយឥតគិតថ្លៃទៅកាន់ទីផ្សារអឺរ៉ុបសម្រាប់គ្រប់ផលិតផលទាំងអស់លើកលែងតែអាវុធ។ អង្គការក្រៅរដ្ឋាភិបាលចង់ឲ្យសហភាពអឺរ៉ុបលុបចោលកិច្ទព្រមព្រៀង EBA របស់កម្ពុជារហូតដល់បញ្ហាសិទ្ធិមនុស្ស និង បញ្ហាកម្មសិទ្ធិដីធ្លីត្រូវបានដោះស្រាយ។
លោក សុភា បានកត់សម្គាល់ឃើញថាសហភាពអឺរ៉ុបគំរាមដកចេញទាំងស្រុងនូវកិច្ចព្រមព្រៀង EBA ជាមួយនឹងការព្រងើយកន្តើយរបស់រដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែកាលពី ២ ឆ្នាំមុនការសម្រុះសម្រួលមួយត្រូវបានធ្វើឡើងជាអ្វីដែលរដ្ឋាភិបាលកម្ពុជាដាក់ជូនដើម្បីឲ្យមានសវនករមូលនិធិសហភាពអឺរ៉ុបមកពិនិត្យមើលការអះអាងពីករណីរំលោភបំពាន និង ការដកហូត។
លោក វុទ្ធី បានថ្លែងថាទោះជាយ៉ាងណាទាំងរូបលោក និងសហគមន៍ដែលត្រូវបានផ្លាស់ប្តូរលំនៅទូទាំងប្រទេសពិតជាខកចិត្តយ៉ាងខ្លាំងដែលសវនករមូលនិធិសហភាពអឺរ៉ុបនៅមិនទាន់បានមកដល់។ លក្ខខណ្ឌសម្រាប់គម្រោងនេះត្រូវបានគេទុកចោលនៅឯគណៈកម្មាធិការអន្តរក្រសួងអស់រយៈពេលមួយឆ្នាំកន្លះមកហើយមុនពេលដែលវាត្រូវនាំទៅកាន់ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីកាលពីប្រាំមួយខែមុន។
លោក វុទ្ធី ឲ្យដឹងថា៖ «យើងបានចូលរួមជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះយើងកំពុងជាប់គាំងនៅទីនេះ។ យើងត្រូវបានគេប្រាប់ឲ្យជឿថាធ្វើតាមវិធីនេះនឹងទទួលបានលទ្ធផលល្អប្រសើរក្នុងប្រភេទនៃដំណោះស្រាយជាប្រព័ន្ធមួយប៉ុន្តែឥឡូវនេះវាជាប់គាំងដូច្នេះតើយើងអាចជឿយ៉ាងម៉េចបាន?»។
នៅក្នុងអ៊ីមែលមួយកាលពីថ្ងៃអង្គារឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោក George Edgar ថ្លែងថា «លោកនៅ [បន្ត] រង់ចាំមើលការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាលើសវនកម្មដែលបានស្នើឡើងនោះ» និងសាកសួរទៅក្រសួងពាណិជ្ជកម្ម។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកស្រី សឿង សុផារី បានថ្លែងថាការពន្យារពេលនេះគឺដើម្បីស្វែងរកការពិគ្រោះយោបល់ឲ្យបានទូលំទូលាយនៅលើ «បញ្ហាចម្រូងចម្រាសនេះ»។
សម្រាប់ព័ត៌មានបន្ថែមលោកស្រីបញ្ជាក់ថានឹងត្រូវស្វែងរកពីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីខណៈដែលតំណាងពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីមិនអាចទាក់ទងសុំអត្ថាធិប្បាយបាន៕
No comments:
Post a Comment