អ្នកជំនាញខាងកាសែតថា អ្នកកាសែតដាក់ប៉ុស្តិ៍ត្រួតពិនិត្យដើម្បីយកព័ត៌មាន វាមិនខុសទាស់ទេ បើសិនជាអាជ្ញាធរលាក់លៀមព័ត៌មានពីការជួញដូរឈើប្រណិត ឬជួញដូរសត្វព្រៃជាដើម។ ការលើកឡើងបែបនេះ នៅក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានឲ្យអាជ្ញាធរវាយខ្នោះភ្លាមៗ ចំពោះអ្នកកាសែតណាប្រព្រឹត្តិខុស ដោយដាក់ប៉ុស្តិ៍ត្រួតពិនិត្យ។
បទបញ្ជា និងការព្រមានរបស់ប្រមុខរដ្ឋាភិបាល ឃើញមានជាហូរហែមិនថាលើអ្នកកាសែត មន្ត្រីក្រោយឱវាទ ឬឈ្មួញប្រព្រឹត្តិបទល្មើសនោះទេ។ ប៉ុន្តែការព្រមាន និងបទបញ្ជាខ្លះរបស់លោក ហ៊ុន សែន មិនមែនសុទ្ធតែត្រូវអនុវត្តខ្ជាប់ខ្ជួននោះឡើយ។
ជាក់ស្ដែងការព្រមានរបស់លោក ចំពោះការដាក់កុងត្រូលជជុះយកលុយតាមដងផ្លូវ ពីរថយន្តដឹកអ្នកដំណើរជាដើម ឃើញនៅតែបន្តកើតមានជាហូរហែ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានស្រង់សម្ដីរបស់លោក ហ៊ុន សែន ដែលថ្លែងក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៨ ធ្នូ មកសរសេរលើហ្វេសប៊ុក (Facebook) របស់លោកថា បើអ្នកកាសែតណាប្រព្រឹត្តិខុស ដោយដាក់ប៉ុស្តិ៍ត្រួតពិនិត្យ គឺអាជ្ញាធរត្រូវវាយខ្មោះភ្លាម មិនមែនអំពាវនាវទៅក្រសួងព័ត៌មានទេ។
អ្នកជំនាញខាងកាសែតថា ពួកគេគាំទ្រវិធានការនេះ បើអ្នកកាសែតណាដែលប្រព្រឹត្តិខុសច្បាប់ដូចការលើកឡើង។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា ថា វិធានការនេះលោកគាំទ្រ ព្រោះវាជាការអនុវត្តច្បាប់របស់អាជ្ញាធរចំពោះអ្នកកាសែតដែលធ្វើខុសច្បាប់។ ប៉ុន្តែលោកអំពាវនាវដល់អាជ្ញាធរជួយសម្រួល ដល់អ្នកកាសែតដែលប្រកាន់ក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ឲ្យពួកគេបានបំពេញការងារប្រមូលព័ត៌មានមកផ្សាយឲ្យទូលំទូលាយ៖ «ប៉ុន្តែយើងត្រូវបែងចែកមួយទៀត គឺក្រុមអ្នកកាសែតមួយចំនួនតូច ឬអ្នកខ្លះទៀតហាក់ដូចជា មិនមែនអ្នកកាសែតក៏បាន ដែលគ្រាន់តែគាត់មានកាន់កាតអ្នកកាសែត ក៏បានប្រព្រឹត្តអំពើខុសឆ្គងជាហូរហែកន្លងមកដែលយើងឃើញដែរ។ ដូច្នេះករណីនឹង កាលណាយើងទៅយកព័ត៌មានហើយប្ដូរទៅនឹងលុយកាក់ដើម្បីជាការមិនចុះផ្សាយឬមួយអីនឹង គឺជារឿងខុសច្បាប់ ហើយបើទៅជំរិតគេអីទៀត ដូចជាការដាក់កុងត្រូលដូចសម្ដេចនាយករដ្ឋមន្ត្រីលើក ឬក៏យើងធ្លាប់ឮជាហូរហែមក គឺជារឿងខុសច្បាប់ហើយអានឹង»។
ចំណែកនាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មាន លោក មឿនឈាន ណារិទ្ធ ទទួលស្គាល់ថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យរបស់អ្នកកាសែតនៅតាមបណ្ដាខេត្តមួយចំនួន ដូចប៉ុស្តិ៍ត្រួតពិនិត្យរបស់រដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថជាដើម ពិតជាមានមែន ប៉ុន្តែលោកថា មិនដឹងជាការដាក់ប៉ុស្តិ៍នេះដើម្បីស្កាត់រាយការណ៍ព័ត៌មានសុចរិតឬយ៉ាងណាទេ។ លោកបន្តថា បើអ្នកកាសែតដាក់ប៉ុស្តិ៍ត្រួតពិនិត្យដើម្បីយកព័ត៌មានវាមិនខុសទាស់ទេ បើសិនជាអាជ្ញាធរលាក់លៀមព័ត៌មានពីការជួញដូរឈើប្រណិត ឬជួញដូរសត្វព្រៃជាដើម៖ «សំខាន់ត្រង់ថាតើគាត់(អ្នកកាសែត) ដាក់ប៉ុស្តិ៍នេះ គាត់ធ្វើដោយច្បាប់យ៉ាងម៉េច? តាមច្បាប់សារព័ត៌មាន ឬច្បាប់ដទៃទៀត មិនបានហាមអ្នកសារព័ត៌មានដាក់ប៉ុស្តិ៍អ៊ីចឹងទេ។ អ៊ីចឹងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះអាចទុកទាក់ថា ជារូបភាពមួយបែបស៊ើបអង្កេត។ ព្រោះការយកព័ត៌មានបែបស៊ើបអង្កេត យើង(អ្នកកាសែត) អាចធ្វើតាមរយៈការបន្លំខ្លួនតាមគ្រប់រូបភាព ដើម្បីប្រមូលព័ត៌មានពិត»។
លោក មឿនឈាន ណារិទ្ធ បន្តថា វិធានការនេះអាជ្ញាធរគួរអនុវត្តចំពោះមន្ត្រីរបស់ខ្លួន ដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យទារប្រាក់ពីឈ្មួញកាប់ព្រៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឲ្យបានម៉ឺងម៉ាត់ ដោយលោកប្រដូចអាជ្ញាធរដែលកាក់ស៊ី ពីឈ្មួញខុសច្បាប់ ជាខ្លាស៊ីគោ ហើយរួចទោស ប៉ុន្តែបែរជាអ្នកកាសែតដែលយកប្រាក់តិចតួចពីអាជ្ញាធរនោះ ជាថ្នូរលាក់រឿងនេះ ប្រៀបដូចជាឆ្មាលួចត្រីអាំងត្រូវទទួលទោស៕
No comments:
Post a Comment