![]() |
សហគមន៍ដីធ្លីនៅតំបន់បឹងកក់ ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ នៅថ្ងៃច័ន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។ RFA/Rann Samnang |
សហគមន៍ដីធ្លីនៅតំបន់បឹងកក់ និងអ្នកបុរីកីឡា ប្រកាសជំហរថា ពួកគេនឹងផ្អាកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ (Black Monday) ចាប់ពីថ្ងៃច័ន្ទ ទី១៩ រហូតដល់ដំណាច់ខែធ្នូ។ ការប្រកាសជំហរនេះ ធ្វើឡើងបន្ទាប់ពីក្រុមស្ត្រីបឹងកក់ និងអ្នកបុរីកីឡា នាំគ្នាដោះអាវខ្មៅទុកមួយរយៈពេលសិន ដោយរង់ចាំមើលថា តើមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប មន្ត្រី គ.ជ.ប ១រូប និងអ្នកស្រី ទេព វន្នី ត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញក្នុងកំឡុងខែធ្នូ នេះឬទេ?
តំណាងអ្នកបឹងកក់ អ្នកស្រី បូវ សោភា សង្ឃឹមថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នឹងគោរពនូវពាក្យសម្ដីរបស់ខ្លួន ដែលនិយាយជាមួយអ្នកសារព័ត៌មាននៅរដ្ឋសភាកន្លងទៅ ថាមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងតំណាងអ្នកបឹងកក់ នឹងត្រូវបានដោះលែង៖ «»។
សហគមន៍បឹងកក់បញ្ជាក់ថា ប្រសិនបើអ្នកទាំង ៦រូបដែលកំពុងជាប់ឃុំមិនត្រូវបានគេដោះលែងក្នុងអំឡុងខែធ្នូ នេះទេ នោះពួកគេនឹងធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅឡើងវិញ នៅដើមខែមករា ឆ្នាំ២០១៧ និងដើរដាក់ញត្តិតាមស្ថានទូតមហាអំណាច និងស្ថាប័នរដ្ឋសំខាន់ៗមួយចំនួន។
គិតមកត្រឹមថ្ងៃទី១៩ ធ្នូ នេះ អគ្គលេខាធិការរង គ.ជ.ប លោក នី ចិរយា មន្ត្រីអាដហុក ៤រូប មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ត្រូវបានតុលាការក្រុងភ្នំពេញដាក់ពន្ធនាគារជិត ៨ខែហើយពីបទផ្សំគំនិត និងសូកប៉ាន់សាក្សីក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ។
ចំណែកអ្នកស្រី ទេព វន្នី ត្រូវបានតុលាការឃុំខ្លួនជាង ៤ខែហើយ ដោយសារអ្នកស្រីដឹកនាំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងរឿងរ៉ាវពីរករណីទៀតកើតឡើងកាលពីជាង ៤ឆ្នាំមុន ដែលតុលាការក្រុងភ្នំពេញសើរើឡើងវិញ៕
No comments:
Post a Comment