ក្រុមតន្ត្រីជនពិការដែលតែងប្រគំសម្ដែងតាមផ្សារ និងតាមដងផ្លូវសាធារណៈ ឲ្យដឹងថា ពួកគាត់បានផ្អាកសកម្មភាពច្រៀងរៃអង្គាសថវិកាតាមទីសាធារណៈ ដោយរង់ចាំសម្ដែងសិល្បៈនៅទីតាំងរមណីយដ្ឋាន «វត្តភ្នំ»។ ចំណែកឯក្រសួងសង្គមកិច្ច បានស្នើឲ្យក្រុមតន្ត្រីជនពិការយោគយល់ រង់ចាំមួយរយៈសិន ព្រោះរដ្ឋាភិបាលកំពុងខិតខំជំរុញសកម្មភាពនេះ។
ក្រុមតន្ត្រីមូលនិធិជនពិការដែលតែងប្រគំសម្ដែងតាមផ្សារ និងតាមដងផ្លូវសាធារណៈ សុំឲ្យរដ្ឋាភិបាល ពន្លឿននីតិវិធីឲ្យដំណើរសម្ដែងសិល្បៈនៅទីតាំងរមណីយដ្ឋាន «វត្តភ្នំ» ឲ្យបានឆាប់។
ទន្ទឹមគ្នានេះ ក្រុមតន្ត្រីជនពិការអះអាងថា ពួកគាត់បានផ្អាកសកម្មភាពច្រៀងរៃអង្គាសថវិកាតាមទីសាធារណៈ ដោយរង់ចាំដំណើរសម្ដែងសិល្បៈនៅទីតាំងរមណីយដ្ឋាន «វត្តភ្នំ» ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់ទីតាំងរមណីយដ្ឋាន «វត្តភ្នំ» នេះកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីផ្តល់ឱកាសឲ្យជនពិការសម្ដែងសិល្បៈនៅទីនោះ ល្អជាងសម្ដែងនៅតាមដងផ្លូវ ឬស្ដុបមួយចំនួនក្នុងរាជធានីភ្នំពេញ។
ករណីនេះ ប្រធានសមាគមតន្ត្រីចម្រៀងជនពិការ លោក ចាប់ តួ ឲ្យដឹងថា ក្រោយការប្រជុំជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ និងតំណាងជនពិការ និងមន្ត្រីពាក់ព័ន្ធ កាលពីពេលថ្មីៗនេះ ក្រុមជនពិការចំនួន ១៩ក្រុម បានឯកភាពគ្នាបញ្ចូលជា ៥ក្រុមធំ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រីរួចរាល់ហើយ។ លោកថារហូតមកដល់ពេលនេះ ក្រុមជនពិការមិនទាន់ទទួលបានព័ត៌មានជាក់លាក់ ថានឹងអាចឲ្យពួកគាត់ចាប់ផ្ដើមសម្ដែងនៅទីតាំងវត្តភ្នំ នៅថ្ងៃណាប្រាកដនៅឡើយ។
លោកបន្តថា ខណៈនេះ ក្រុមតន្ត្រីជនពិការស្វាគមន៍ចំពោះវិធានការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្រេចផ្អាកសកម្មភាពច្រៀងបណ្ដោះអាសន្ន ដើម្បីកំពុងរង់ចាំដំណើរការវិធានការរបស់រដ្ឋាភិបាល។ ហេតុនេះ លោកថាចង់ឃើញក្រសួងសង្គមកិច្ច និងសាលារាជធានីភ្នំពេញ ពន្លឿនវិធានការនេះឲ្យឆាប់អនុវត្តវិធានការរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីឲ្យជនពិការមានទំនុកចិត្ត និងបង្ហាញពីការលើកកម្ពស់សិទ្ធិជនពិការ៖ «ពួកខ្ញុំដឹងថា ក្រសួងសង្គមកិច្ច កំពុងខិតខំដោះស្រាយរឿងនេះ ប៉ុន្តែខ្ញុំស្នើឲ្យក្រសួងសង្គមកិច្ច និងសាលារាជធានី សុំឲ្យពន្លឿនទីតាំងវត្តភ្នំ ដើម្បីសម្ដែង ព្រោះខ្ញុំមិនចង់ឲ្យប្រសាសន៍របស់សម្ដេចគ្មានប្រសិទ្ធភាព និងគ្មានន័យនោះទេ»។
ឆ្លើយតបនឹងក្រុមតន្ត្រីជនពិការ ពន្លឿនរដ្ឋាភិបាលឲ្យឆាប់ដំណើរសម្ដែងសិល្បៈនៅទីតាំងរមណីយដ្ឋាន «វត្តភ្នំ» អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ឲ្យដឹងថា ក្រសួងសង្គមកិច្ច ជាមួយសាលារាជធានីភ្នំពេញ និងក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងបញ្ជូនរបាយការណ៍ពាក់ព័ន្ធនឹងការសម្រេចចិត្ត និងការចេញសេចក្តីថ្លែងការណ៍របស់ជនពិការ ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសម្រេចថានឹងអាចអនុញ្ញាតឲ្យចាប់ផ្តើមនៅពេលណា។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងសង្គមកិច្ច រូបនេះ អំពាវនាវឲ្យក្រុមតន្ត្រីជនពិការទាំងអស់ យោគយល់ និងអត់ធ្មត់ ព្រោះក្រសួងនឹងពន្លឿនអនុវត្តដំណើរសម្ដែងរបស់តន្ត្រីជនពិការនៅពេលឆាប់ៗនេះ៖ «សូមឲ្យបងប្អូនទាំងអស់គ្នាយល់យោគយើងបន្តិច ដើម្បីយើងដំណើរការនីតិវិធីនេះ ដើម្បីផ្តល់របាយការណ៍ ថាតើក្រុមចំនួន១៩ ដែលបញ្ចូលគ្នាទៅជា ៥ក្រុម មានក្រុមណាខ្លះដើម្បីជាក់ជូនប្រមុខរដ្ឋាភិបាលសិន យ៉ាងយូរសប្ដាហ៍ក្រោយ យើងនឹងបានចម្លើយហើយ»។
ក្នុងទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤ ក្រោមប្រធានបទ «ផ្តល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការទុកឲ្យជនពិការសម្ដែងសិល្បៈនៅតាមផ្លូវ ឬស្ដុបក្នុងរាជធានីភ្នំពេញ គឺអាចបង្កបញ្ហាសណ្ដាប់ធ្នាប់ និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
លោក ហ៊ុន សែន អំពាវនាវឲ្យជនពិការកុំទៅសម្ដែងនៅតាមដងផ្លូវ ឬនៅក្នុងទីផ្សារតូចចង្អៀតដែលអាចបង្កបញ្ហាសណ្ដាប់ធ្នាប់ និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ ជាងនេះទៀត លោក ហ៊ុន សែន ក៏ជំរុញឲ្យជនពិការមិនត្រូវបណ្តោយខ្លួនឲ្យក្លាយជាឧបករណ៍អាជីវកម្មរបស់អ្នកនៅពីក្រោយខ្នងឡើយ។ លោក ហ៊ុន សែន ប្រកាសជួយទំនុកបម្រុងឧបករណ៍តន្ត្រីឲ្យបានល្អសមរម្យដល់ជនពិការសម្រាប់សម្ដែង។
បន្ថែមពីនេះទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យជនពិការដែលសម្ដែងតាមស្តុបដែលបំបែកជាក្រុមតូចៗ មករួមបញ្ចូលគ្នាជាក្រុមធំ ដើម្បីយកទីតាំងវត្តភ្នំសម្ដែងរួមគ្នា។
ទោះជាយ៉ាងណាក៏ដោយ ជនពិការដែលតែងធ្វើសកម្មភាពដើរច្រៀងតាមទីសាធារណៈ ដើម្បីរៃអង្គាសថវិកាចិញ្ចឹមជីវិត នៅតែព្រួយបារម្ភថា ដំណោះស្រាយរបស់រដ្ឋាភិបាលនឹងមិនមានប្រសិទ្ធភាព ប្រសិនបើវិធានការនេះមិនបានពិគ្រោះយោបល់ជាមុន ដើម្បីដឹងពីតម្រូវការចាំបាច់ និងស្ថានភាពជាក់ស្តែងរបស់ជនពិការ ដែលប្រកបរបរច្រៀងតាមទីសាធារណៈនោះ៕
No comments:
Post a Comment