Wednesday, December 14, 2016

កម្ពុជា​នឹង​រៀបចំ​កម្មវិធី​រត់​ប្រណាំង​សង្គម​មួយ​គ្មាន​ពិការភាព​នៅ​ថ្ងៃ​ទី​១៥​ធ្នូ


ជន​ពិការ​រង់ចាំ​រថយន្ត​ក្រុង​នៅ​ចំណត​រថយន្ត​ក្រុង​ផ្លូវ​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth


អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ថា ក្រសួង​នឹង​រៀបចំ​កម្មវិធី​រត់​ប្រណាំង​សង្គម​មួយ​គ្មាន​ពិការភាព​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​អបអរ​ទិវា​ជន​ពិការ​កម្ពុជា លើក​ទី​១៨ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៤ ក្រោម​ប្រធានបទ «ផ្តល់​អាទិភាព និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ​ក្នុង​គ្រប់​វិស័យ ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព»។

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក ឯម ច័ន្ទមករា បាន​ប្រាប់​អាស៊ីសេរី​ថា កម្មវិធី​រត់​ប្រណាំង​សង្គម​មួយ​គ្មាន​ពិការភាព ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ រៀបចំ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង ៥:៣០​ព្រឹក ដល់​ម៉ោង ៩​ព្រឹក។

លោក​បន្ត​ថា កម្មវិធី​រត់​ប្រណាំង​សង្គម​មួយ​គ្មាន​ពិការភាព ដែល​មាន​កិច្ច​សហការ​ជាមួយ​សហព័ន្ធ​យុវជន​កម្ពុជា នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង ១.៥០០​នាក់ ដែល​ភាគច្រើន​ជា​ជន​ពិការ​គ្រប់​ប្រភេទ​មក​ពី​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ ដើម្បី​ប្រកួត​ប្រជែង​វិញ្ញាសា​ចំនួន​១៥៖ «គឺ​យើង​នឹង​រៀបចំ​កម្មវិធី​រត់​ប្រណាំង ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព ដោយ​មាន​ការ​ចូលរួម​ពី​សាធារណៈ និង​បង​ប្អូន​ជន​ពិការ​ប្រមាណ ១.៥០០​នាក់ ដោយ​យើង​នឹង​បែងចែក​វិញ្ញាសា​ធំ​ចំនួន ១៥​វិញ្ញាសា ដែល​មាន​ការ​រត់​ប្រណាំង​ជន​ពិការ​បុរស និង​ស្ត្រី​ផ្សេងៗ​គ្នា ជន​ពិការ​ដៃ ជន​ពិការ​ជិះ ជន​ពិការ​ដៃ ជាដើម ហើយ​ចុង​ក្រោយ​អ្នក​ចូលរួម​ទាំងអស់ នឹង​រត់​រួម​គ្នា​ប្រមាណ ៥០០​ម៉ែត្រ»។

អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច រូប​នេះ បាន​អំពាវនាវ​ឲ្យ​សាធារណជន​ចូលរួម​អបអរ​ពិធី​នេះ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​នៅ​កម្ពុជា៕

No comments:

Post a Comment