Monday, December 19, 2016

អ្នក​រង​ផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​ដែក​ក្រុង​ប៉ោយប៉ែត​បន្ត​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង


ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​ផ្លូវ​រថភ្លើង​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ តវ៉ា​នៅ​មុខ​សាលា​ក្រុង​ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided



ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់ តំណាង​ឲ្យ ៥០​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ តវ៉ា​ជា​ថ្មី​នៅ​មុខ​សាលា​ក្រុង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។ អាជ្ញាធរ​ពុំ​បាន​ចេញ​ទៅ​ជួប​ក្រុម​អ្នក​តវ៉ា ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់​ឡើយ។

ក្រុម​អ្នក​តវ៉ា​នៅ​ក្រុង​ប៉ោយប៉ែត សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ក្រុង​នេះ ដែល​មិន​គិតគូរ​ចេញ​មក​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​ពួក​គាត់។

តំណាង​អ្នក​តវ៉ា​ម្នាក់​រស់នៅ​សង្កាត់​ផ្សារកណ្ដាល លោក វន វ័ន អះអាង​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត គេច​យក​រួច​ខ្លួន ដោយ​មិន​ព្រម​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់ ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​នោះ​ទេ។ លោក​បន្ថែម​ថា ពួក​គាត់​នឹង​មិន​តវ៉ា​នោះ​ឡើយ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ថា ពួក​គាត់​ពិត​ជា​បាន​ប៉ះពាល់ ឬ​មិន​ប៉ះពាល់ ហើយ​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​ឲ្យ​បាន​ច្បាស់លាស់​នោះ។

លោក​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ដល់​ទី​កន្លែង ហើយ​វាយ​តម្លៃ​ការ​ប៉ះពាល់​ទៅ​តាម​ការ​ជាក់ស្ដែង ដើម្បី​ដោះស្រាយ​ពី​ផល​ប៉ះពាល់​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស៖ «ដល់​ពេល​គាត់​ធ្វើ​របាយការណ៍​ទៅ​ខេត្ត ហើយ​ដាក់​បញ្ជា​មក​ឲ្យ​រុះរើ​ផ្ទះ​ទៅ​តាម​តែ​របាយការណ៍ អាជ្ញាធរ​ក្រុង​ទេ។ អាជ្ញាធរ​ក្រុង​គាត់​មិន​ទទួល​ខុស​ត្រូវ​ប្រជាពលរដ្ឋ​ទេ ហើយ​ថែម​ទាំង​បាន​ជំរុញ​ពួក​គាត់ ខ្ញុំ​ទៅ​តវ៉ា​នៅ​កន្លែង​ផ្សេង​ទៀត​ផង»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ម៉ែន សុភ័ណ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ ធ្នូ។ ប៉ុន្តែ​កន្លង​ទៅ លោក​ធ្លាប់​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​តវ៉ា​នោះ​ពុំ​មែន​ជា​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ដែល​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាង​ថា ពលរដ្ឋ​ដែល​តវ៉ា​ភាគច្រើន​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ស្ថិត​នៅ​ក្នុង​គម្រោង​សង់​ផ្លូវ​រថភ្លើង ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត នៅ​តែ​ប្រកាន់​ជំហរ​ឆ្លើយ​បដិសេធ ដោយ​មិន​ចេញ​ទៅ​ជួប​ដោះស្រាយ​ជាមួយ​ពលរដ្ឋ គឺ​អាច​ធ្វើ​ឲ្យ​បញ្ហា​រីក​រាលដាល​កាន់​តែ​ធំ​ឡើង​នៅ​ថ្ងៃ​ខាង​មុខ៖ «បញ្ហា​ទាំងអស់​នេះ​យើង​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​កាល​ពី​ឆ្នាំ​២០១៥ កន្លង​មក ធ្លាប់​ក្រុម​កម្មករ​អូស​រទេះ​តវ៉ា​រហូត​មាន​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ដាក់​គ្នា​ម្ដង​រួច​មក​ហើយ ដោយសារ​តែ​អាជ្ញាធរ​មិន​ដោះស្រាយ​ជូន​ពួក​គាត់»។

ក្រុម​អ្នក​តវ៉ា ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ និង​ទៅ​តាម​ការ​ជាក់ស្ដែង​ដែល​រង​ផល​ប៉ះពាល់។

នេះ​ជា​លើក​ទី​៣២ ហើយ ដែល​ក្រុម​អ្នក​តវ៉ា​ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង ដោះស្រាយ​សំណង​ជូន​ពួក​គាត់​នោះ។ ការ​តវ៉ា​ដែល​ប្រើ​រយៈពេល​ជាង ១​ម៉ោង​កន្លះ​នេះ ពុំ​មាន​ដំណោះស្រាយ​ទេ។ ក្រុម​អ្នក​តវ៉ា​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​ទេ ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

No comments:

Post a Comment