Monday, December 19, 2016

ប្រាសាទ​បុរាណ​មួយ​ក្នុង​វត្ត​ប្រាសាទ​ត្រាំ​នាគ​ត្រូវ​គេ​ជីក​កកាយ​សង់​សំណង់​ថ្មី


ក្រុម​ជាង​កំពុង​ជីក​ដី​បាត​ប្រាសាទ​បុរាណ ដើម្បី​ធ្វើ​សំណង់​ថ្មី​ជំនួស​វិញ នៅ​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ត្រាំ​នាគ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth


ប្រាសាទ​បុរាណ​មួយ​ដែល​ស្ថិត​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ត្រាំ​នាគ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កំពុង​ទទួល​រង​ការ​ជីក​កកាយ ដើម្បី​សាងសង់​សំណង់​ថ្មី​នៅ​ទីនោះ​ជំនួស​វិញ។ ការ​ជីក​កកាយ​ដី​ដើម្បី​ធ្វើ​សំណង់​ថ្មី​នោះ បាន​ធ្វើ​ឲ្យ​ផ្ទាំង​ថ្ម​បុរាណ​ជាច្រើន​ដុំ​ដែល​នៅ​សេសសល់​ធ្លាក់​រាយប៉ាយ និង​ខ្លះ​ត្រូវ​ទទួល​រង​ការ​បាក់បែក ដោយសារ​តែ​ឧបករណ៍​សំណង់​ជីក​ប៉ះ។

ជាង​សំណង់​មួយ​ក្រុម កំពុង​តែ​នាំ​គ្នា​ជីក​ដី ហើយ​បណ្ដុះ​សសរ​ស៊ីម៉ងត៍​ដើម្បី​ចាក់​ធ្វើ​សំណង់​ថ្មី​នៅ​លើ​ទី​ទួល​ប្រាសាទ​បុរាណ ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ត្រាំ​នាគ នា​សង្កាត់​ស្លក្រាម ធ្វើ​ឲ្យ​ថ្ម​ប្រាសាទ​បុរាណ​ជាច្រើន​ដុំ​នៅ​រាយប៉ាយ ហាក់​ដូចជា​មិន​ខ្លាច​ញញើត​ចំពោះ​ច្បាប់​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ទេ។

ការ​ជីក​កន្លែង​ប្រាសាទ​បុរាណ ដើម្បី​សាងសង់​សំណង់​ថ្មី​នេះ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ប្រមាណ ១០​ថ្ងៃ​មក​ហើយ ក៏ប៉ុន្តែ​ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អាជ្ញាធរ​អប្សរា សុទ្ធតែ​មិន​បាន​ដឹង​អ្វី​ទាំងអស់។

អ្នក​មើល​ខុស​ត្រូវ​ការដ្ឋាន​សំណង់​នៅ​កន្លែង​ប្រាសាទ​បុរាណ​នោះ គឺ​លោក ម៉េង លី។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ធ្នូ ថា លោក​ដឹង​ថា​កន្លែង​ដែល​រូប​លោក​កំពុង​សាងសង់​នេះ គឺ​ជា​ប្រាសាទ​បុរាណ ប៉ុន្តែ​លោក​មិន​ដឹង​ច្បាស់​ថា តើ​ការ​សាងសង់​នេះ​មាន​ច្បាប់​ដែរ ឬ​ក៏​យ៉ាង​ណា​ទេ? ពីព្រោះ​លោក​មិន​មែន​ជា​អ្នក​ម៉ៅការ​សំណង់ ដោយ​គ្រាន់​តែ​គេ​ជួល​ពី​ទីក្រុង​ភ្នំពេញ ឲ្យ​មក​គ្រប់គ្រង​ការដ្ឋាន​ប៉ុណ្ណោះ។

លោក ម៉េង លី បញ្ជាក់​ថា ក្រុម​ជាង​របស់​លោក​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់​សំណង់​ថ្មី​នៅ​លើ​ប្រាសាទ​បុរាណ​នេះ​រយៈពេល ១០​ថ្ងៃ​មក​ហើយ៖ «ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ ពីព្រោះ​ខ្ញុំ​អត់​ដឹង។ គេ​ថា​ធ្វើ​ប្រាសាទ​ថ្មី ប៉ុន្តែ​គេ​ឲ្យ​ប្លង់​មក​ខ្ញុំ​ធ្វើ​ម្ដង​បន្តិចៗ​ទេ គឺ​ជើង​ក្រោម​បន្តិច​ទៅ ពីព្រោះ​គេ​គូរ​មិន​ទាន់​ហើយ»។

ទី​ទួល​ប្រាសាទ​បុរាណ​នៅ​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ត្រាំ​នាគ នោះ មាន​ទទឹង​ប្រហែល ២០​ម៉ែត្រ និង​បណ្ដោយ​ប្រហែល ៣០​ម៉ែត្រ ដែល​ខ្ពស់​ជាង​ដី​ធម្មតា​ប្រមាណ ២​ម៉ែត្រ។ បច្ចុប្បន្ន ទីនោះ​នៅ​សល់​ថ្ម​បុរាណ​ជាច្រើន ខ្លះ​ជា​វត្ថុ​សក្ការបូជា​តាម​បែប​ព្រហ្មញ្ញ​សាសនា និង​ខ្លះ​ទៀត​ជា​ថ្ម​ដែល​មាន​ក្បាច់​ចម្លាក់​ផ្កាភ្ញី​នៅ​រាយប៉ាយ​ជាច្រើន​ដុំ។ ការ​ជីក​ដី​ប្រាសាទ ដើម្បី​សាងសង់​សំណង់​ថ្មី​នៅ​លើ​នោះ បាន​ធ្វើ​ឲ្យ​ថ្ម​បុរាណ​ខ្លះ​បាក់​ឆែប ដោយសារ​តែ​ការ​ជីក​ចំ និង​ថ្ម​បុរាណ​ខ្លះ​ទៀត​ត្រូវ​គេ​គាស់​ចេញ​ពី​ទីតាំង​ដើម​របស់​វា។

ព្រះសង្ឃ​ដែល​ជា​ចៅ​អធិការ និង​គណៈកម្មការ​វត្ត​ប្រាសាទ​ត្រាំ​នាគ បាន​និយាយ​ខុស​គ្នា​អំពី​សំណង់​ដែល​កំពុង​តែ​ធ្វើ​នៅ​លើ​ទី​ប្រាសាទ​បុរាណ​នោះ។

ប្រធាន​គណៈកម្មការ​វត្ត​ប្រាសាទ​ត្រាំ​នាគ លោក អោក សំអឿន មាន​ប្រសាសន៍​ថា សំណង់​នោះ គឺ​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ជា​អ្នក​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ​ត្រឹមត្រូវ​អស់​ហើយ។ ប្រធាន​គណៈកម្មការ​វត្ត​ដដែល​បញ្ជាក់​ថា ម្ចាស់​កសាង​សំណង់​នេះ​គឺ​ជា​ជំទាវ​ម្នាក់ ដែល​មាន​អំណាច​ធំ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល៖ «ធ្វើ​ជា​ប្រាសាទ​វិញ ប៉ុន្តែ​ប្រាសាទ​ថ្មី គឺ​ធ្វើ​ពី​ស៊ីម៉ងត៍​ទេ។ ចំណែក​ខ្ញុំ​គ្រាន់​តែ​ការពារ​កាលណា​គេ​គាស់ ឃើញ​វត្ថុ​អ្វី​គឺ​យក​មក​រក្សា​ទុក ខ្ញុំ​មិន​មាន​សិទ្ធិ​ហាមឃាត់​គេ​មិន​ឲ្យ​ធ្វើ​នោះ​ទេ»។

បើ​តាម​គណៈកម្មការ​វត្ត​ប្រាសាទ​ត្រាំ​នាគ ឲ្យ​ដឹង​ថា រយៈពេល ១០​ថ្ងៃ​មក​នេះ គឺ​នៅ​ពេល​ដែល​ជាង​សំណង់​ជីក​ដី​បាត​ប្រាសាទ​បុរាណ គេ​បាន​ប្រទះ​ឃើញ​រូប​ចម្លាក់​នាគរាជ​ធ្វើ​ពី​ថ្ម​ភក់​ចំនួន ២​ដុំ ដែល​គណៈកម្មការ​វត្ត​បាន​យក​ទៅ​ទុក​នៅ​ក្នុង​កន្លែង​ព្រះ​ចៅ​អធិការ​វត្ត ក៏ប៉ុន្តែ​ចៅ​អធិការ​វត្ត​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ទៅ​ថត​រូប ដើម្បី​ផ្សព្វផ្សាយ​ឡើយ។

ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ប្រាសាទ​ត្រាំ​នាគ ភិក្ខុ ស រ៉ា មាន​ព្រះ​ថេរ​ដីកា​ថា គឺ​ព្រះអង្គ​ជា​អ្នក​សម្រេច​ព្រះទ័យ​ផ្ទាល់​ឲ្យ​ជាង​សាងសង់​សំណង់​ថ្មី​នៅ​លើ​កន្លែង​ប្រាសាទ​បុរាណ ដែល​នៅ​សេសសល់​ស្លាកស្នាម​ជាច្រើន​នោះ។ ចៅ​អធិការ​វត្ត​ដដែល​បញ្ជាក់​ថា មាន​ពុទ្ធបរិស័ទ​ជាច្រើន​ដែល​ចូល​មក​វត្ត​នេះ គឺ​មាន​ជំនឿ​ទៅ​លើ​ស្ដេច​នាគ ទើប​ព្រះអង្គ​សម្រេច​ថា​ត្រូវ​តែ​កសាង​ប្រាសាទ​មួយ​នៅ​លើ​កន្លែង​ប្រាសាទ​បុរាណ​នោះ ថ្វាយ​ស្ដេច​នាគ។ ព្រះអង្គ​មិន​ចាប់​អារម្មណ៍​ទៅ​លើ​កន្លែង​ប្រាសាទ​បុរាណ​នោះ​ថា​ជា​វត្ថុ​ដ៏​មាន​តម្លៃ​ដែល​ត្រូវ​ការពារ​អ្វី​ឡើយ៖ «ការ​កសាង​ប្រាង្គ​ប្រាសាទ​ធ្វើ​ពី​ស៊ីម៉ងត៍​នេះ នៅ​លើ​អាត្មាភាព​ទាំង​ស្រុង​ជា​អ្នក​ទទួល​ខុស​ត្រូវ។ អាត្មា​ខ្វះ​ពាក្យ​ស្នើសុំ​ច្បាប់ ហើយ​កំពុង​តែ​រត់​ច្បាប់​ទៅ​អាជ្ញាធរ​អប្សរា ដើម្បី​សាងសង់​សំណង់​លើ​កន្លែង​ប្រាសាទ​បុរាណ​នោះ»។

ទោះ​បី​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​របស់​អាជ្ញាធរ​អប្សរា អ្នកស្រី ចៅស៊ុន កិរិយា ដើម្បី​សុំ​ប្រតិកម្ម​ចំពោះ​ការ​ធ្វើ​សំណង់​ថ្មី​នៅ​លើ​កន្លែង​ប្រាសាទ​បុរាណ ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​នោះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ។

ចំណែក​មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល បាន​ឆ្លើយតប​ថា លោក​មិន​ទាន់​បាន​ដឹង​ជុំវិញ​រឿង​សាងសង់​សំណង់​ថ្មី​នៅ​លើ​កន្លែង​ប្រាសាទ​បុរាណ​នោះ​យ៉ាង​ណា​ទេ៖ «ខ្ញុំ​មិន​ដឹង​ឆ្លើយ​ថា​យ៉ាង​ម៉េច​ទេ ពីព្រោះ​ខ្ញុំ​មិន​ទាន់​ដឹង ហើយ​ខាង​ជំនាញ​ដែល​ការពារ​ប្រាសាទ​នោះ គឺ​ទាក់ទង​មិន​បាន»។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប លោក សុខ គឹមសេង ឲ្យ​ដឹង​ថា លោក​ទើប​តែ​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ការ​ជីក​ដី​ប្រាសាទ​បុរាណ​ដើម្បី​សាងសង់​សំណង់​ថ្មី កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​លោក​មាន​គម្រោង​នឹង​ចុះ​ពិនិត្យ ព្រម​ទាំង​សួរ​ដេញដោល​អាជ្ញាធរ​ក្រុង និង​ខេត្ត​សៀមរាប ឲ្យ​ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​នេះ៖ «ក្រុមប្រឹក្សា​មាន​តួនាទី​សួរ​នាំ​ទៅ​គណៈ​អភិបាល ដើម្បី​ឲ្យ​ឆ្លើយ​បំភ្លឺ​ក៏ដូចជា​ទាក់ទង​ទៅ​អាជ្ញាធរ​អប្សរា ដើម្បី​ឲ្យ​ឆ្លើយ​បំភ្លឺ​រឿង​ហ្នឹង»។

មន្ត្រី​អាជ្ញាធរ​អប្សរា​ឲ្យ​ដឹង​ថា ព្រះរាជក្រម​ស្ដីពី​កិច្ច​ការពារ​បេតិកភណ្ឌ បាន​ចាត់​ទុក​ថ្ម​របស់​ប្រាសាទ​បុរាណ ឬ​ក៏​ទីតាំង​បុរាណ​ដ្ឋាន គឺ​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ និង​ពិភពលោក ដែល​ត្រូវ​ការពារ និង​ថែរក្សា មិន​អាច​ជន​ណា​ប៉ះពាល់ ឬ​ក៏​បំផ្លាញ​បាន​ទេ ក៏ប៉ុន្តែ​ករណី​ទី​ទួល​ប្រាសាទ​បុរាណ​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ត្រាំ​នាគ នេះ គឺ​នៅ​មាន​ថ្ម​ប្រាសាទ​បុរាណ​ជាច្រើន​សម្រាប់​សម្គាល់​នៅ​ឡើយ ក៏ប៉ុន្តែ​វា​ហាក់​ដូចជា​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ដោយ​មិន​ការពារ ឬ​ក៏​ថែរក្សា​ទុក​អ្វី​ឡើយ៕

No comments:

Post a Comment