ក្រុមល្បាតដុតបំផ្លាញគំនរឈើដែលរឹបអូសបានពីជនល្មើសនៅក្នុងតំបន់ព្រៃឡង់ ខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។ RFA/Men Sothyr
|
សហគមន៍ការពារព្រៃឈើទាំងបួនខែត្រ បណ្ដាញព្រះសង្ឃឯករាជ្យ យុវជន និងមន្ត្រីបរិស្ថាន បានរួមគ្នាធ្វើយុទ្ធនាការចុះល្បាតព្រៃទ្រង់ទ្រាយធំរយៈពេល ៤យប់ ៥ថ្ងៃ ដើម្បីតាមដានពីទិដ្ឋភាពព្រៃឈើក្នុងតំបន់ព្រៃឡង់ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រួមទាំងការបរបាញ់សត្វព្រៃដោយខុសច្បាប់ផង។
យុទ្ធនាការនោះ សហគមន៍ការពារព្រៃឡង់ខែត្រក្រចេះ បានប្រើប្រាស់ម៉ូតូជាមធ្យោបាយធ្វើដំណើរ ដោយផ្ដើមពីចំណុចឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ និងកំណត់ទិសដៅជួបគ្នាជាមួយសហគមន៍ការពារព្រៃឡង់ទាំង ៣ខែត្រផ្សេងទៀត នៅចំណុចវាលលិញ ខែត្រព្រះវិហារ ជាប់ព្រំប្រទល់ខែត្រកំពង់ធំ។
តើសហគមន៍ការពារព្រៃឡង់ ប្រទះឃើញអ្វីខ្លះក្នុងយុទ្ធនាការនោះ?
សហគមន៍ ពលរដ្ឋ និងបណ្ដាញព្រះសង្ឃឯករាជ្យ ទទួលស្គាល់ថា បទល្មើសព្រៃឈើឋិតក្នុងតំបន់ព្រៃឡង់ នៅតែបន្តកើតមានទាំងការបរបាញ់សត្វព្រៃ ការដឹកជញ្ជូនឈើមានតម្លៃ និងការកាប់ឈើរានយកដីជាសម្បត្តិឯកជន ជាដើម។ បញ្ហាទាំងនេះ ពួកគេកំពុងខ្វល់ខ្វាយយ៉ាងខ្លាំង និងអំពាវនាវឲ្យរដ្ឋាភិបាលប្រញាប់រកមធ្យោបាយបញ្ឈប់ជាបន្ទាន់ ដើម្បីស្រោចស្រង់ធនធានធម្មជាតិ និងប្រព័ន្ធជីវចម្រុះដែលនៅសេសសល់ចុងក្រោយ។
ពួកគេបានសហការគ្នាចុះល្បាតព្រៃឡង់ទ្រង់ទ្រាយធំកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ធ្នូ ដោយប្រើប្រាស់ម៉ូតូ ៣២គ្រឿង ធ្វើដំណើររាប់រយគីឡូម៉ែត្រ និងបានបោះជំរំស្នាក់នៅក្នុងព្រៃ។ យុទ្ធនាការនោះមានព្រះសង្ឃចូលរួម ៧អង្គ បានសូត្រមន្តតាមបែបព្រះពុទ្ធសាសនាចំពោះដើមឈើធំៗមានអាយុរាប់រយឆ្នាំ និងបួងសួងឲ្យដើមឈើនោះគង់វង្ស ព្រមទាំងឧទ្ទិសឋានដល់ដើមឈើណាដែលត្រូវបានគេកាប់បំផ្លាញ។
សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ណាំ ចាន់ថេន សង្កេតឃើញថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់នៅខែត្រក្រចេះ ហាក់ដូចជាស្ងប់ស្ងាត់បន្តិចមែនក្តី ក៏ប៉ុន្តែចលនាកាប់បំផ្លាញព្រៃឡង់នៅខែត្រកំពង់ធំ ខែត្រព្រះវិហារ នៅតែកើតមានដដែល ដូចជាការកាប់ឈើរានយកដីអស់រាប់ពាន់ហិកតារ ឋិតនៅស្រុកសណ្ដាន់ ខែត្រកំពង់ធំ។
បញ្ហានេះមានន័យថា ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការការពារតំបន់ព្រៃឡង់ ហាក់មានកម្រិតទន់ជ្រាយនៅឡើយ៖ «សូមសម្ដេចត្រូវដាក់វិធានការចំពោះមន្ត្រីខាងក្រសួងពាក់ព័ន្ធ ក្រសួងរុក្ខាប្រមាញ់ និងនេសាទ សុំឲ្យសម្ដេចមើលចំពោះមន្ត្រីហ្នឹងផង។ ពួកមន្ត្រីទាំងនេះហាក់ដូចជាមិនបានអនុវត្តគោលនយោបាយមិនបានពេញលេញទេ»។
ប្រធានសហគមន៍ការពារព្រៃឡង់ខែត្រក្រចេះ លោក ថៃ ប៊ុនលៀង ឲ្យដឹងថា យុទ្ធនាការចុះល្បាតព្រៃឡង់នេះ សហគមន៍បានរឹបអូសឈើប្រភេទសុក្រំពីឈ្មួញបានជិត ១ម៉ែត្រគូប និងដុតបំផ្លាញសត្វព្រៃ ដូចជា មាន់ព្រៃ មាន់ទោល ខ្លាត្រី និងសត្វត្រង ដែលឈ្មួញលួចបរបាញ់ខុសច្បាប់ និងបានឃាត់ខ្លួនជនល្មើសម្នាក់ឲ្យធ្វើកិច្ចសន្យាបញ្ឈប់។ លោកបារម្ភថា ជនល្មើសនឹងនៅតែបន្តលួចឆ្មក់ចូលកាប់ឈើដដែល ខណៈវិសាលភាពព្រៃឈើធំធេង ហើយក្រុមល្បាតរបស់សហគមន៍មានគ្នាតិចតួច មិនអាចបង្ក្រាបបទល្មើសបានគ្រប់ជ្រុងជ្រោយនោះទេ។
លោក ប៊ុនលៀង ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើអាជីវកម្មម៉ាស៊ីនអារឈើស្វ័យប្រវត្តិ ឬត្រង់ស៊ឺន័រ ដែលកំពុងចរាចរណ៍លក់យ៉ាងគគ្រឹកគគ្រេងនៅលើទីផ្សារ និងបញ្ឈប់ការនាំចូលគ្រឿងបន្លាស់ម៉ាស៊ីនទាំងនោះ។ លោកចាត់ទុកម៉ាស៊ីនអារឈើទាំងនោះជាប្រភពនៃវិនាសកម្មព្រៃឈើនៅកម្ពុជា ដែលទាមទារឲ្យរដ្ឋាភិបាលបង្កើតច្បាប់ឲ្យតឹងរ៉ឹង ក្នុងការប្រើប្រាស់ម៉ាស៊ីនត្រង់ស៊ឺន័រអារឈើគ្រប់ប្រភេទ។ លោកថា មកទល់ពេលនេះ សហគមន៍ពុំទាន់មានជំនួយគាំទ្រថវិកាជាដុំកំភួនក្នុងការចុះល្បាតព្រៃឡង់នោះទេ មានតែដើរកៀងគរថវិកាពីសប្បុរសជន និងអង្គការមិនមែនរដ្ឋាភិបាល នៅគ្រាចុះល្បាតព្រៃម្តងៗ៖ «ចង់ការពារព្រៃឲ្យបាន គឺមានតែបិទត្រង់ស៊ឺន័រចោល បើបិទមិនបានទេ គឺបិទគ្រឿងបន្លាស់នាំចូល។ ចឹងកាលណាវាប្រើអស់ វាអត់មានច្នៃអីកើតទៀតទេ»។
សកម្មជនការពារព្រៃឡង់ម្នាក់ទៀតរស់នៅភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ គឺលោក សំ ណូ សង្កេតឃើញថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន ឈុន ហុង និងក្រុមហ៊ុនស្ថានីយស្ដារព្រៃឈើឡើងវិញ ដែលមានផ្ទៃដីជាង ៣ម៉ឺន ៤ពាន់ហិកតារ (៣៤.០០៧ហិកតារ) កំពុងគំរាមកំហែងធ្ងន់ធ្ងរដល់ព្រៃឈើនៅតំបន់ព្រៃឡង់ខែត្រក្រចេះ និងខែត្រស្ទឹងត្រែង ជាពិសេសដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិចអស់រាប់ពាន់ដើម។
លោកបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុនទាំងនោះទេ ព្រៃឈើក្នុងតំបន់ព្រៃឡង់ អាចនឹងវិនាសនៅពេលខ្លីខាងមុខ៖ «ខ្ញុំចង់ទទូចឲ្យរដ្ឋាភិបាលសហការជាមួយសហគមន៍ព្រៃឡង់ អនាគតទៅមុខ ព្រៃឡង់អាចនៅឋិតថេរ បើសិនជារដ្ឋាភិបាលធ្វើដោយប្រយោល សហគមន៍ព្រៃឡង់ខ្ញុំមិនអាចការពារបានទេ ព្រោះសហគមន៍ព្រៃឡង់ខ្ញុំគ្រាន់តែមានកាតព្វកិច្ចការពារសម្បត្តិរបស់រដ្ឋទេ»។
យុទ្ធនាការចុះល្បាតព្រៃឡង់ដែលដឹកនាំដោយក្រុមព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ចំនួន ៧អង្គ អមដោយមន្ត្រីបរិស្ថានពីររូបប្រដាប់ដោយអាវុធការពារសុវត្ថិភាព និងបង្ក្រាបបទល្មើសផ្សេង ដែលពួកគេជួបប្រទះ។
សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ណាំ ចាន់ថេន សម្លឹងឃើញថា សហគមន៍មានការលំបាកច្រើនក្នុងការចុះល្បាតព្រៃឡង់នៅឆ្ងាយពីលំនៅឋានចាប់ពីជាង ១០គីឡូម៉ែត្រ រហូតដល់រាប់រយគីឡូម៉ែត្រ ដូចជាខូចខាតម៉ូតូត្រូវចំណាយប្រាក់ច្រើនក្នុងការជួសជុល និងខ្វះខាតម្ហូបអាហារ សម្ភារចុះល្បាត ជាដើម។ បញ្ហាទាំងនេះ ពួកគេចង់ឲ្យរដ្ឋាភិបាលរកមធ្យោបាយសម្រួលការលំបាករបស់ពួកគេ និងជាការលើកទឹកចិត្តដល់បេសកកម្មការពារសម្បត្តិធម្មជាតិរបស់ពលរដ្ឋ៖ «ចុះល្បាតព្រៃឈើមានភាពលំបាកខ្លាំងណាស់ រុកព្រៃឆ្លងអូរឆ្លងស្ទឹង តាមរយៈម៉ូតូ ឬដើរដោយថ្មើរជើង។ សុំឲ្យសម្ដេចយល់អាណិតពួកគាត់ផង។ ទី១ សុំឲ្យមន្ត្រីបរិស្ថានសហការឲ្យខ្ជាប់។ ផលវិបាករបស់គាត់នៅពេលដែលគាត់ចុះល្បាតនោះ ខ្លាចបំផុតរឿងក្រុមប្រព្រឹត្តបទល្មើសវាយតបមកវិញ»។
ព្រៃឡង់ឋិតក្នុងចន្លោះខែត្រចំនួនបួន ដូចជាខែត្រក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខែត្រកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣.១៨៣ហិកតារ) ដែលឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ខ្លឹមសារអនុក្រឹត្យនោះបញ្ជាក់ថា ក្រសួងបរិស្ថាន មានកាតព្វកិច្ចធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងកិច្ចការពារធម្មជាតិក្នុងតំបន់ព្រៃឡង់ និងត្រូវសហការជាមួយក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ។
មន្ត្រីបរិស្ថាននៅខែត្រក្រចេះ ដែលចូលរួមយុទ្ធនាការនោះដែរ គឺលោក ថន សំណាង ឲ្យដឹងថា មន្ត្រីបរិស្ថានខែត្រក្រចេះ កំពុងប្រឹងប្រែងសហការជាមួយសហគមន៍ចុះល្បាត និងបង្ក្រាបបទល្មើសឋិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាហូរហែ។ លោកប្ដេជ្ញាថា នឹងព្យាយាមការពារសម្បត្តិធម្មជាតិក្នុងតំបន់ព្រៃឡង់ដែលត្រូវបានការពារដោយច្បាប់ និងអនុក្រឹត្យ ដោយសហការជាមួយសហគមន៍ និងស្ថាប័នពាក់ព័ន្ធ រួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតំបន់នោះ។ លោកអះអាងថា បទល្មើសភាគច្រើន គឺឈ្មួញមកពីខែត្រកំពង់ធំ លួចចូលកាប់ឈើក្នុងតំបន់ព្រៃឡង់នៅខែត្រក្រចេះ។
ពលរដ្ឋរស់នៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម លោក យ៉ា ស្ម័គ្រ កត់សម្គាល់ថា ដើមឈើដែលមានមុខកាត់ធំៗ ពុំសូវមានវត្តមានក្នុងតំបន់ព្រៃឡង់ទេ ព្រោះត្រូវឈ្មួញ និងក្រុមហ៊ុនលួចកាប់ជាបន្តបន្ទាប់ ហើយនៅសេសសល់ដើមឈើប្រភេទលេខ១ មានតិចតួច។ លោកបារម្ភថា ដើមឈើផលិតជ័រទឹករបស់អ្នកភូមិដែលធ្លាប់ប្រមូលផលចាប់ពី ២០ដើមដល់ ៤០០ដើម ក៏កំពុងរងការគំរាមកំហែងដែរ ខណៈក្រុមឈ្មួញ និងក្រុមហ៊ុន បានលួចកាប់ជាបន្តបន្ទាប់៖ «ព្រួយបារម្ភថា ប្រសិនបើសហគមន៍ការពារព្រៃឡង់ទាំងបួនខែត្រនេះធ្វើដោយឯងៗ ដោយរដ្ឋាភិបាលធ្វើប្រយោល ហើយរដ្ឋាភិបាលគិតខ្លួនឯងថា មតិរបស់គាត់ត្រឹមត្រូវហើយ តែខាងក្រោមគេមិនអនុវត្តតាមទេ»។
សហគមន៍ការពារព្រៃឡង់ខែត្រក្រចេះ សង្កេតឃើញថា សត្វដំរីមានវត្តមានក្នុងតំបន់ព្រៃឡង់ប្រហែល ៣០ក្បាល សត្វខ្ទីងចាប់ពី ៥០ ទៅ ៦០ក្បាល សត្វទន្សោងចាប់ពី ២០ ទៅ ៣០ក្បាល និងសត្វខ្លាដំបងមានប្រហែល ២ ទៅ ៤ក្បាល ហើយសត្វមានចំនួនច្រើនជាងគេ គឺសត្វជ្រូកព្រៃ និងសត្វឈ្លូស។ ក្រៅពីនេះ មានសត្វជាច្រើនប្រភេទដែលសហគមន៍ពុំបានជួបប្រទះ ហើយសង្ស័យថាអាចនឹងដាច់ពូជ ដូចជាសត្វគោព្រៃ សត្វខ្លារខិន ខ្លាឃ្មុំ និងសត្វរមាស ជាដើម។
សហគមន៍ការពារព្រៃឡង់ខែត្រក្រចេះ អះអាងថា ព្រៃឡង់ឋិតក្នុងស្រុកព្រែកប្រសព្វ មានផ្ទៃដីជាង ៣ពាន់ហិកតារ ក៏រងការកាប់ទន្ទ្រានយកដីធ្វើអាជីវកម្ម ដោយអ្នកមានឥទ្ធិពលអស់ជាង ១ពាន់ហិកតារនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ សហគមន៍ការពារព្រៃឡង់ទាំងបួនខែត្រ ទទូចឲ្យរដ្ឋាភិបាលប្រញាប់បោះបង្គោលកំណត់ព្រំប្រទល់ព្រៃឡង់ជាព្រៃអភិរក្សទាំងបួនខែត្រឲ្យច្បាស់លាស់ ប្រយោជន៍បង្កលក្ខណៈងាយស្រួលអភិរក្ស។
រដ្ឋាភិបាលគ្រោងបញ្ជូនមន្ត្រីបរិស្ថាន ១៥នាក់បន្ថែមទៀតទៅការពារព្រៃឡង់នៅខែត្រក្រចេះ ២០នាក់ទៅខែត្រស្ទឹងត្រែង ២០នាក់ទៅខែត្រកំពង់ធំ និង ២០នាក់ទៀតទៅខែត្រព្រះវិហារ អំឡុងឆ្នាំ២០១៧។ ទោះជាយ៉ាងណា ប្រជាសហគមន៍ការពារព្រៃឈើព្រួយបារម្ភថា ចំនួនមន្ត្រីបរិស្ថានទាំងនោះ មិនអាចបំពេញតម្រូវការគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើសក្នុងតំបន់ព្រៃឡង់គ្រប់ជ្រុងជ្រោយនោះទេ៕
No comments:
Post a Comment