Tuesday, December 6, 2016

ពលរដ្ឋ​៣​គ្រួសារ​នៅ​ខេត្ត​ត្បូងឃ្មុំ​សុំ​កិច្ច​អន្តរាគមន៍​ជួយ​កូន​ស្រី​ពី​ម៉ាឡេស៊ី​មក​វិញ


ឪពុក​ម្ដាយ​របស់​ពលការិនី​នៅ​ភូមិ​គោកស្រឡៅ ឃុំ​ចុងជាច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម​អាដហុក (ADHOC) នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna


ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចុងជាច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ៣​គ្រួសារ នាំ​គ្នា​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ធ្វើ​យ៉ាង​ណា​ជួយ​នាំ​កូន​ស្រី​ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រឡប់​មក​ស្រុក​កំណើត​វិញ។ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក បញ្ជាក់​ថា ពួក​គេ​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះ។

ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សមាគម​អាដហុក នៅ​ពេល​នេះ ក្រោយ​ពេល​ប្រជាពលរដ្ឋ​ទាំងនោះ​ដឹង​ច្បាស់​ថា មេ​ខ្យល់​ដែល​យក​កូនៗ​របស់​ពួក​គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី គឺ​នាំ​ទៅ​ដោយ​ខុស​ច្បាប់ ព្រម​ទាំង​ដឹង​ថា កូន​របស់​ខ្លួន​ត្រូវ​បាន​មេ​ខ្យល់​យក​ទៅ​លក់​បន្ត​ថែម​ទៀត។

ពលរដ្ឋ​នៅ​ឃុំ​ចុងជាច មួយ​រូប លោក លន់ កេន មាន​ប្រសាសន៍​ថា កូន​ស្រី​របស់​លោក​ឈ្មោះ កេន គូ អាយុ ១៨​ឆ្នាំ បាន​សម្រេច​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាំង​ពី​ខែ​សីហា ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ប្រាក់​ខែ​ទេ។ បន្ថែម​ពី​នេះ កូន​ស្រី​គាត់​ប្រាប់​ថា ការ​ហូប​ចុក និង​សម្រាក​មិន​បាន​គ្រប់គ្រាន់​ឡើយ ហើយ​មាន​ទាំង​ការ​ប្រើ​ហិង្សា​ទៀត​ផង៖ «ភូមិ​អី​គេ​អត់​មាន​ដឹង​ឮ​ផង ឲ្យ​អញ​ធ្វើ​ម៉េច​ជឿ​ឯង! អត់​អី​ទេ​បង ឲ្យ​វា​បាន​ទៅ​សិន ចាំ​ខ្ញុំ​ធ្វើ​តាម​ក្រោយ​ក៏​បាន​ដែរ​អា​ហ្នឹង»។

ពលរដ្ឋ​ដដែល​អះអាង​ថា មូលហេតុ​សម្រេច​ចិត្ត​ឲ្យ​កូន​ស្រី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយសារ​មេ​ខ្យល់​ឈ្មោះ វីរៈ ប្រាប់​ថា​ទៅ​ធ្វើ​ការងារ​ស្រប​ច្បាប់​តាម​ក្រុមហ៊ុន​ត្រឹមត្រូវ និង​បាន​ប្រាក់​ខែ​ខ្ពស់ ប៉ុន្តែ​អ្វីៗ​គឺ​ខុស​ការ​គិត​ទាំងស្រុង។


ស្រដៀង​គ្នា​នេះ អ្នក​ភូមិ​មួយ​រូប​ទៀត លោកស្រី ជឿន អេង បញ្ជាក់​ថា ដោយសារ​ជឿ​លើ​មេ​ខ្យល់ និង​ឃើញ​អ្នក​ជិត​ខាង​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​សម​ប្រកប​ផង ទើប​គ្រួសារ​លោកស្រី​បណ្ដោយ​ឲ្យ​កូន​ស្រី​របស់​ខ្លួន​ចាកចេញ​ពី​ស្រុក​កំណើត៖ «សុទ្ធតែ​ប្រាប់​ថា​បាន​ប្រាក់​ខែ ៣៥០ ទៅ ៤០០​ដុល្លារ។ ដល់​កូន​ខ្ញុំ​តេ​មក ប្រាប់​ខ្ញុំ​ថា​បាន​តែ​មួយ​ខែ ៩០​ដុល្លារ​ទេ​ម៉ែ​អើយ! បាយ​ខ្លួន​ឯង​ទេ!»។

ក្មេង​ស្រី​ទាំង​បី​នាក់​រួម​មាន​ឈ្មោះ ថន ធុល អាយុ ១៨​ឆ្នាំ ឈ្មោះ កេន គូ អាយុ ១៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ហាល់ ហាត់ អាយុ ១៧​ឆ្នាំ។ ពួក​គេ​ត្រូវ​បាន​មេ​ខ្យល់​នៅ​ឃុំ​ជាប់​គ្នា​នាំ​យក​ទៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​កក្កដា និង​ខែ​សីហា។ កាលណោះ មេ​ខ្យល់​ឈ្មោះ វីរៈ បាន​នាំ​ក្មេង​ស្រី​នៅ​ភូមិ​គោកស្រឡៅ ចំនួន ៩​នាក់ ហើយ​កាល​ពី​ខែ​កន្លង​ទៅ​មាន​ស្ត្រី​ចំនួន ៦​នាក់​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​សមាគម​អាដហុក និង​ស្ថាប័ន​ពាក់ព័ន្ធ សហការ​ជាមួយ​មេ​ខ្យល់​រូប​នោះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ខ្យល់​ឈ្មោះ វីរៈ បាន​ទេ​នៅ​ថ្ងៃ​ទី​៦ ធ្នូ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​ទាំង​បី​គ្រួសារ​អះអាង​ថា ពួក​គាត់​ធ្លាប់​ធ្វើ​កិច្ចសន្យា​ជាមួយ​មេ​ខ្យល់ និង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​តម្រូវ​ឲ្យ​ពួក​គេ​នាំ​កូន​របស់​ខ្លួន​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​ជាច្រើន​ខែ​មក​ហើយ នៅ​តែ​បាត់​ដំណឹង​សូន្យ។

អ្នក​ភូមិ​អះអាង​ថា ប្រសិន​បើ​មេ​ខ្យល់​នៅ​តែ​មិន​អាច​នាំ​កូន​ស្រី​ពួក​គាត់​ត្រឡប់​មក​ស្រុក​ខ្មែរ​បាន ពលរដ្ឋ​នឹង​ដាក់​ពាក្យ​ប្ដឹង​មេ​ខ្យល់​ទាំងនោះ​ទៅ​តុលាការ​តែ​ម្តង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ករណី​នេះ គឺ​ជា​ការ​ជួញដូរ​មនុស្ស ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់។ លោក​បន្ត​ថា បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ហើយ នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​ទាំងនោះ​ទៅ​ស្នាក់ការ​កណ្ដាល​សមាគម​អាដហុក ដើម្បី​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ទៀត៖ «បណ្ដឹង​នេះ​ឲ្យ​ទៅ​ភ្នំពេញ ដើម្បី​ចាត់ការ​ជា​បន្ទាន់​ជាមួយ​ក្រសួង​ការ​បរទេស។ កន្លង​មក អាដហុក ធ្វើ​បាន​ប៉ុណ្ណឹង ប៉ុន្តែ​ដើម្បី​ឲ្យ​បណ្ដឹង​នេះ​បាន​លឿន និង​មាន​លក្ខណៈ​ស្រប​តាម​ច្បាប់​ផង គឺ​ព្រះរាជអាជ្ញា​ត្រូវ​ចាត់ការ​មេ​ខ្យល់​ដែរ»។

កន្លង​ទៅ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​រងគ្រោះ​ដោយសារ​ការ​ចាញ់​បោក​មេ​ខ្យល់ ឬ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​ប្រថុយប្រថាន។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង បញ្ជាក់​ថា មូលហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន គឺ​ដោយសារ​ជីវភាព​រស់នៅ​មាន​ការ​លំបាក ចំណេះ​ដឹង និង​ការ​ទទួល​បាន​ព័ត៌មាន​មិន​គ្រប់គ្រាន់ កង្វះ​ការងារ​ធ្វើ ឬ​មុខ​របរ​នៅ​ក្នុង​ស្រុក ព្រម​ទាំង​កត្តា​ទាក់ទាញ​ពី​ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​ជាង​កម្ពុជា។

លោក​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន ឬ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ជួញដូរ​កម្លាំង​ពលកម្ម​មនុស្ស រាជ​រដ្ឋាភិបាល​ត្រូវ​បង្កើត​យន្តការ​ផ្លូវ​រដ្ឋ​ជាមួយ​បណ្ដា​ប្រទេស​ដែល​ទទួល​យក​ពលករ​ខ្មែរ​ឲ្យ​បាន​ប្រសើរ បង្កើត​ការងារ ឬ​ចំណេះ​ជំនាញ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ និង​ផ្សព្វផ្សាយ​អំពី​យន្តការ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព​ដល់​ពលរដ្ឋ ជាដើម៕

No comments:

Post a Comment