ភ្នំពេញ: ប្រជាពលរដ្ឋជិត ២០០ នាក់តំណាងឱ្យ ១៤៧ គ្រួសារមកពីខេត្តកោះកុងដែលមានជម្លោះជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គ័ររបស់ លោក លី យ៉ុងផាត់ និងក្រុមហ៊ុន ហេង ហ៊ុយ ខាល់ឆ័រគ្រុប កំពុងស្នាក់នៅវត្តសាមគ្គីរង្ស៊ី រាជធានីភ្នំពេញបានព្រមានហែញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្នុងសប្តាហ៍នេះដើម្បីស្វែងរកកិច្ចអន្តរាគមន៍ វិវាទដីធ្លីដែលអូសបន្លាយជិត ១០ ឆ្នាំខណៈមន្ត្រីដោះស្រាយការងារនេះស្នើពលរដ្ឋរង់ចាំការដោះស្រាយរបស់ក្រសួងដែលកំពុងធ្វើលើរឿងនេះ។
អ្នករងគ្រោះទាំងនោះមកពីភូមិរួមមាន ភូមិតាធង ព្រះអង្គកែវ ឃុំដងពែង ភូមិត្រពាំងកណ្តាល ភូមិជីខ ឃុំជីខលើ និងភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ភូមិកណ្តាល ឃុំកណ្តាល ស្រុកបុទុមសាគរ ខេត្តកោះកុង។
តំណាងសហគមន៍ដីធ្លីអ្នកស្រី ផាវ ញើង បានថ្លែងថាកាលពីថ្ងៃទី ២០ ក្រុមគាត់បានទៅរដ្ឋសភា និងទៅក្រសួងបរិស្ថានដើម្បីពន្លឿនដំណោះស្រាយតែមិនទាន់មានការឆ្លើយតបជាវិជ្ជមានឡើយខណៈដែលមន្ត្រីនៅមូលដ្ឋានមិនមានចេតនាដោះស្រាយ។
អ្នកស្រីបន្ថែមថាដោយសារអស់ជំនឿលើមន្ត្រីថ្នាក់ក្រោមក្រុមគាត់នឹងដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញម្តងដើម្បីជួយដោះស្រាយលើបញ្ហាដ៏រ៉ាំរ៉ៃនេះ។
អ្នកស្រីថា៖ «បើនៅតែអត់មានដំណោះស្រាយពីរថ្ងៃទៀតពួកខ្ញុំទៅខុទ្ទកាល័យសម្តេច ហ៊ុន សែន ដោយសារយើងអត់មានជម្រើសទៀតទេខ្ញុំជឿសម្តេចនាយកប្រហែលជាដឹងរឿងនេះព្រោះលោកសមាជិកព្រឹទ្ធសភាលោក លី យ៉ុងផាត់ ជាអ្នកយកដីនេះតែប្រហែលជាលោកមិនដាក់ចំណាត់ការឱ្យលឿនអ៊ីចឹងយើងនឹងទៅរកគាត់ជំរុញឱ្យដោះស្រាយលឿនបំផុត»។
សមាជិកក្រុមការងារដោះស្រាយវិវាទដីធ្លីនៃគណៈកម្មការទី ៨ នៃក្រសួងដែនដីលោក អេ ប៊ុនធឿន ប្រាប់ភ្នំពេញប៉ុស្តិ៍ថាកន្លងទៅក្រសួងបានចុះវាស់វែងដីធ្លីនៅតំបន់មានជម្លោះ និងយកមកផ្ទៀងផ្ទាត់ទើបមានវិធានការតាមក្រោយ។ ហើយបានស្នើឱ្យពលរដ្ឋអត់ធ្មត់រង់ចាំការដោះស្រាយដោយអះអាងថាបញ្ហាដីធ្លីមានភាពស្មុគស្មាញ។
លោកបញ្ជាក់ថា៖ «គាត់ចេះតែចង់ឱ្យយើងដោះស្រាយលឿន តែយើងមាននីតិវិធីក្នុងការពិនិត្យ និងស្រាវជ្រាវព្រោះយើងមិនធ្វើតែរឿងគាត់មួយទេនៅមានរឿងផ្សេងទៀតដែលត្រូវធ្វើអ៊ីចឹងវាមិនបានឆាប់ទេណាមួយទៀតពួកគាត់មានច្រើនគ្រួសារឥឡូវយើងមិនទាន់សម្រេចយ៉ាងម៉េចទេព្រោះយើងនៅបន្តស្រាវជ្រាវពីអត្តសញ្ញាណគាត់ ទីតាំងដី យើងចង់ធ្វើម្តងឱ្យចប់យើងមិនអាចសន្យាថាដោះស្រាយពេលណាចប់ទេ អាស្រ័យលើការសហការពីភាពស្មោះត្រង់ពួកគាត់ក្នុងការផ្តល់ព័ត៌មានឱ្យយើងដែរព្រោះកន្លងទៅគ្នាគាត់ចេះតែថាទំហំដីធំ អ្នកខ្លះមិនមានដីថាមានដីដែរហើយអ្នកខ្លះជាសមាសភាពដែលក្រុមហ៊ុនធ្លាប់ដោះស្រាយហើយតែនៅបន្តទាមទារទៀតរឿងហ្នឹងយើងត្រូវវែកញែកឱ្យច្បាស់លាស់»។
![]() |
ពលរដ្ឋមកពីខេត្តកោះកុងគ្រោងហែញត្តិឲ្យនាយករដ្ឋមន្ត្រីជួយរកដំណោះស្រាយដីធ្លី។ ផា លីណា |
យ៉ាងណាក៏លោកបញ្ជាក់ថាក្រសួងមិនដែលយកសំណើរបស់ប្រជាពលរដ្ឋមកទុកចោលនោះទេហើយនឹងបន្តធ្វើតាមនីតិវិធីច្បាប់។
បើតាមលោក អេ ប៊ុនធឿន បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ចំនួន ១៥ គ្រួសារដែលធ្លាប់បានវាស់វែងក្រសួងនឹងចុះពិនិត្យទីតាំងមានជម្លោះផ្សេងទៀតនៅថ្ងៃខាងមុខ។
កន្លងទៅប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងនៃរដ្ឋសភាលោក អេង ឆៃអ៊ាង បញ្ជាក់ថារដ្ឋសភាបានបញ្ជូនលិខិតអន្តរាគមន៍របស់ពលរដ្ឋទៅកាន់ក្រសួងបរិស្ថានដើម្បីពិនិត្យលើសំណើរបស់ពលរដ្ឋរួចហើយកាលពីខែវិច្ឆិកា ឆ្នាំនេះ ក្រោយពីទទួលបានញត្តិភ្លាម។
តែកាលពីថ្ងៃទី ២០ អ្នកនាំពាក្យក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បញ្ជាក់ថាក្រសួងពុំមានសមត្ថកិច្ចដោះស្រាយវិវាទដីធ្លីទាក់ទងនឹងដីសម្បទានសេដ្ឋកិច្ចទេដោយបង្វែរទៅក្រសួងកសិកម្មវិញ។
បើតាមពលរដ្ឋពួកគេភាគច្រើនរស់នៅតាំងពីឆ្នាំ ១៩៧៩ និងអ្នកខ្លះតាំងពីឆ្នាំ ១៩៩៣ មកបានបង្កបង្កើនផលរួមមាន ស្រូវ ពោត ដំឡូង ចេក កៅស៊ូ ស្វាយ ទុរេន ក្រូច សាវម៉ាវ ព្រមទាំងដាំបន្លែ និងរកអនុផលឈើនៅទីនោះ។
តែលុះដល់ឆ្នាំ ២០០៦ ក្រុមហ៊ុនទាំងពីរនេះបានយកគ្រឿងចក្រចូលមកឈូសឆាយបំផ្លាញគ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះកន្លងមក និងបច្ចុប្បន្នក្រុមហ៊ុនបានធ្វើសកម្មភាពចាប់ ឬសម្លាប់សត្វគោក្របីរបស់អ្នកភូមិទៀតផង។
ភ្នំពេញ ប៉ុស្តិ៍ មិនទាន់អាចសុំការអត្ថាធិប្បាយពីលោកឧកញ៉ា ហេង ហ៊ុយ ម្ចាស់ក្រុមហ៊ុន ហេង ហ៊ុយ និងក្រុមហ៊ុនកោះកុងស៊ូហ្គ័ររបស់លោក លី យ៉ុងផាត់ បាននៅឡើយទេ៕
No comments:
Post a Comment