![]() |
សកម្មជនការពារព្រៃឡង់ខែត្រក្រចេះ លោក នន់ ឆិល ដែលមានរបួសភ្នែកពេលល្បាតព្រៃឡង់ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។ RFA/Men Sothyr |
សកម្មជនការពារព្រៃឡង់ម្នាក់បានរងរបួសភ្នែកធ្ងន់ធ្ងរ នៅគ្រាដែលចូលរួមយុទ្ធនាការចុះល្បាតព្រៃឡង់ កាលពីថ្ងៃទី២៣ ធ្នូ ហើយរហូតមកទល់ពេលនេះ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជននៅទីរួមខែត្រក្រចេះ។ ក្រុមគ្រួសារជនរងគ្រោះ ព្រួយបារម្ភពីជីវភាពខ្វះខាតគ្មានប្រាក់ចំណាយថ្លៃព្យាបាល។
តំណាងសហគមន៍ការពារព្រៃឡង់ខែត្រក្រចេះ និងសកម្មជនការពារព្រៃឡង់ នៅថ្ងៃទី២៧ ធ្នូ អំពាវនាវឲ្យសប្បុរសជន និងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍សង្គ្រោះដល់សកម្មជនការពារព្រៃឡង់ម្នាក់ឈ្មោះ នន់ ឆិល ដែលបានរងរបួសភ្នែក ដោយសារសត្វហើរចូលភ្នែក និងត្រូវឈើវៃចំភ្នែកនៅគ្រាដែលចុះល្បាតព្រៃឡង់ទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ធ្នូ។
តំណាងសហគមន៍ការពារព្រៃឡង់ខែត្រក្រចេះ លោក ឯក សុវណ្ណា ឲ្យដឹងថា គ្រូពេទ្យភ្នែកនៅខែត្រក្រចេះ បញ្ជាក់ថា ជនរងគ្រោះបានដាច់សរសៃប្រស្រីភ្នែកបន្តិច ហើយកំពុងសម្រាកព្យាបាលនៅឡើយ។ លោកបារម្ភថា ពួកគេកំពុងខ្វះខាតថវិកាសម្រាប់បង់ថ្លៃព្យាបាល ម្យ៉ាងគ្រួសារជនរងគ្រោះគ្មានប្រាក់បង់ថ្លៃព្យាបាលនោះទេ។ ប៉ុន្តែអង្គការស្ពានសន្តិភាព (DPO) បានឲ្យដឹងថា ប្រសិនបើជនរងគ្រោះបានព្យាបាលនៅខែត្រក្រចេះ មិនជាសះស្បើយទេ គេនឹងធានារ៉ាប់រងឲ្យព្យាបាលនៅរាជធានីភ្នំពេញ។
លោកបន្ថែមថា អង្គការ ឌី.អេ.អិន មិសិន (DAN Mission) ក៏កំពុងតែពិចារណារកដំណោះស្រាយលើការចំណាយថ្លៃព្យាបាលនេះដែរ តែពុំទាន់មានលទ្ធផលនៅឡើយ។ លោក ឯក សុវណ្ណា មិនទាន់អាចបញ្ជាក់បានទេថា តើគ្រូពេទ្យយកថ្លៃព្យាបាលប៉ុន្មានក្នុងការព្យាបាលឲ្យជាសះស្បើយ៖ «វាដាច់សរសៃខាងក្នុងភ្នែកបន្តិចចឹង អាសរសៃខ្មៅអីគេហ្នឹង។ ចឹងវាធ្វើឲ្យយើងឈឺចាប់ខ្លាំង។ ឥឡូវបច្ចុប្បន្នគាត់ថាគាត់អស់លុយរលីងដែរ ហើយគាត់នៅម្នាក់ឯងទៀត។ ចឹងបានថាខ្ញុំថានឹងឡើងទៅ»។
ជនរងគ្រោះជាសកម្មជនការពារព្រៃឡង់ រស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ លោក នន់ ឆិល បានផ្តល់បទសម្ភាសន៍ដល់អាស៊ីសេរី កាលពីយប់ថ្ងៃទី២៥ ធ្នូ ថា ផ្អែកលើជីវភាពរស់នៅប្រចាំថ្ងៃ លោកពុំមានប្រាក់សម្រាប់បង់ថ្លៃព្យាបាលនោះទេ គឺមានតែលក់ទ្រព្យសម្បត្តិ ដូចជាដីស្រែ និងម៉ូតូ ដើម្បីបង់ថ្លៃព្យាបាល ហើយបច្ចុប្បន្ន លោករស់នៅតែម្នាក់ឯងក្រោយពីមានបញ្ហាជាមួយគ្រួសារ។ លោកថា ភ្នែករបស់លោក ពុំអាចបើកជាច្រើនថ្ងៃមកហើយ ហើយប្រសិនបើលោកបើកធ្វើឲ្យលោកឈឺចាប់ខ្លាំង៖ «បើភ្នែកខ្ញុំងងឹត ម្យ៉ាងបើអាចមើលឃើញ ម្យ៉ាងក៏ពិបាករស់នៅដែរ។ ពេលធ្វើដំណើរ ខ្ញុំជិះពីក្រោយគេ ភ្នែកខ្ញុំមើលឃើញតិចៗព្រិលៗ ឈឺ បើយើងបើកមកដូចមានភ្លើងក្នុងភ្នែកចង់ផ្ទុះចេញ»។
មេឃុំកំពង់ចាម លោក ឈិត ណន បញ្ជាក់យ៉ាងខ្លីថា លោកពុំទាន់ទទួលបានព័ត៌មាននេះទេ តែយ៉ាងណា អាជ្ញាធរឃុំនឹងជួយកៀងគរថវិកាពីសប្បុរសជន និងជូនដំណឹងទៅកាកបាទក្រហម ឲ្យរកមធ្យោបាយជួយសម្រាលការលំបាកដល់ពលរដ្ឋក្រីក្រ។ លោកសម្ដែងការគាំទ្រចំពោះបេសកកម្មការពារព្រៃឡង់របស់ពលរដ្ឋ និងជាសិទ្ធិរបស់ពលរដ្ឋដែរ ក្នុងការរួមចំណែកការពារសម្បត្តិធម្មជាតិដ៏មានតម្លៃ៖ «មានកាកបាទក្រហម មានទាំងស្រុក និងខែត្រ យើងធ្វើសំណើតាមរយៈកាកបាទក្រហម។ លទ្ធភាពយ៉ាងម៉េច ក្រែងកាកបាទក្រហមជួយបាន។ គ្រោះថ្នាក់ប៉ុណ្ណាចាំមើល មិនទាន់បានឃើញផង»។
កាលពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៥ ខែធ្នូ សកម្មជនព្រៃឡង់ទាំងបួនខែត្រ មានខែត្រក្រចេះ កំពង់ធំ ស្ទឹងត្រែង និងខែត្រព្រះវិហារ បានធ្វើយុទ្ធនាការចុះល្បាតព្រៃឡង់ទ្រង់ទ្រាយធំរយៈពេល ៤យប់ ៥ថ្ងៃ ដែលមានការចូលរួមពីសកម្មជនការពារបរិស្ថាន និងសហគមន៍រាប់រយនាក់ ក្នុងនោះក៏មានព្រះសង្ឃចូលរួមដែរ។ យុទ្ធនាការនោះ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ និងតាមដានពីទិដ្ឋភាពធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់។ សកម្មភាពចុះល្បាតនោះ ពួកគេប្រទះឃើញបទល្មើសព្រៃក្នុងតំបន់ព្រៃឡង់ដូចជា ការកាប់ឈើមានតម្លៃ ការកាប់ព្រៃរានយកដី និងការបរបាញ់សត្វព្រៃដោយខុសច្បាប់នៅតំបន់នោះ៕
No comments:
Post a Comment