កម្ពុជា-ហ្វីលីពីន ចុះកិច្ចព្រមព្រៀងប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ កិច្ចព្រមព្រៀងកើតឡើងក្នុងជំនួបពិសេសពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានសន្តិភាពក្រុងភ្នំពេញ។ ក្រៅពីនេះ ប្រមុខដឹកនាំប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងលើវិស័យមួយចំនួនទៀត។
ថ្លែងក្រោយជំនួបនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ឲ្យក្រុមអ្នកកាសែតដឹងថា កម្ពុជា-ហ្វីលីពីន ព្រមព្រៀងគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប៉ុន្តែលោកមិនបានប្រាប់ឲ្យដឹងលម្អិតថា តើកិច្ចព្រមព្រៀងប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងធ្វើដោយរូបភាពបែបណានោះទេ៖ «កិច្ចសហប្រតិបត្តិការលើវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន វិស័យភេរវកម្មផង គ្រឿងញៀនផង។ យើងមានកិច្ចសហប្រតិបត្តិការ យើងចុះហត្ថលេខាវិស័យនេះ ប៉ុន្តែទាក់ទងការលម្អិត ខ្ញុំអត់ដឹងទេបាទ»។
ក្នុងពេលលោក ហ៊ុន សែន ជួបលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នេះដែរ ក្រុមការងារពិធីការរបស់លោក ហ៊ុន សែន មិនបានអនុញ្ញាតឲ្យស្ថាប័នសារព័ត៌មានមួយចំនួនរួមមាន កាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) កាសែតខេមបូឌា ដេលី (Cambodia Daily) វិទ្យុវីអូអេ (VOA) និងវិទ្យុអាស៊ីសេរី (RFA) ចូលទៅថតរូបភាពក្នុងពេលចុះកិច្ចព្រមព្រៀងឡើយ ខណៈដែលស្ថាប័នសារព័ត៌មានផ្សេងៗទៀតអាចចូលថត និងយកព័ត៌មានក្នុងពេលចុះហត្ថលេខា។
មន្ត្រីរដ្ឋាភិបាល លោក អ៊ាង សុផល្លែត ឲ្យដឹងទៀតថា ភាគីទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារ វិស័យកីឡា និងវិស័យទេសចរណ៍។ លោកបន្តថា កម្ពុជា បើកចំហឲ្យអ្នកវិនិយោគក្នុងការផលិត ប្រមូលទិញ កិន និងនាំចេញអង្ករកម្ពុជា ទៅប្រទេសហ្វីលីពីន។
ទាក់ទងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដែរ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានចេញវិធានការកាលពីថ្ងៃទី១៣ ខែធ្នូ ក្នុងពេលលោក លោក រ៉ូឌ្រីហ្គោ ឌូតឺតេ មកទស្សនកិច្ចប្រទេសកម្ពុជា។ រដ្ឋាភិបាលប្រកាសបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល ៦ខែ គឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។
វិធានការដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អប់រំ បង្កើនការយល់ដឹងតាមរយៈក្រសួង និងស្ថាប័នពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន បិទ និងដកហូតច្បាប់ម្ចាស់អាជីវកម្មណាដែលពិនិត្យឃើញថា ទីតាំងនោះមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ការលួចលាក់នាំចូលគ្រឿងញៀនតាមព្រំដែន ព្យាបាល និងស្ដារនីតិសម្បទាដោយពង្រីកមណ្ឌលបណ្ដោះអាសន្នសម្រាប់អប់រំ បន្សាប និងព្យាបាលអ្នកដែលរងគ្រោះដោយគ្រឿងញៀន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងអង្គការអន្តរជាតិសំខាន់ៗ ដើម្បីទប់ស្កាត់ និងបង្ក្រាបទាន់ពេល។
ចំណែកវិធានការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតីប្រទេសហ្វីលីពីន កំពុងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ឈ្មោះជាប្រធានាធិបតីដែលបានធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេ ពិសេសសម្លាប់អ្នកដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ក្នុងចំណោមប្រធានាធិបតីទាំងឡាយរបស់ប្រទេសនេះ។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចាកចេញពីកម្ពុជា នៅយប់ទី១៤ ខែធ្នូ នេះ បន្ទាប់ពីលោកបានមកទស្សនកិច្ចកាលពីព្រលប់ថ្ងៃទី១៣ ខែធ្នូ៕
No comments:
Post a Comment