Friday, December 16, 2016

ភាគី​ពាក់ព័ន្ធ​ឯកភាព​ឲ្យ​កម្មករ​រោងចក្រ​ស៊ីរ៉ាតិច​យក​សម្ភារៈ​រោងចក្រ​លក់


កម្មករ​រោងចក្រ​កាត់ដេរ​ស៊ីរ៉ាតិច (Seratex) ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​នៅ​មុខ​រោងចក្រ​នា​ភូមិ​ចម្ការឪឡឹក សង្កាត់​ក្បាលដំរី ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Sorn Chanratha
កិច្ច​ប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ឲ្យ​កម្មករ​រោងចក្រ ស៊ីរ៉ាតិច (SERATEX) រវាង​ក្រសួង​ការងារ សហជីព ភាគី​រោងចក្រ និង​តំណាង​កម្មករ​ប្រមាណ​ជាង ២០​នាក់ បាន​ឯកភាព​គ្នា​សម្រេច​ឲ្យ​កម្មករ​នៅ​ក្នុង​រោងចក្រ​នេះ អាច​យក​សម្ភារៈ និង​ម៉ាស៊ីន​ដេរ​មួយ​ចំនួន​នៅ​ក្នុង​រោងចក្រ​ទៅ​លក់​ដើម្បី​សម្រួល​ជីវភាព​មួយ​រយៈ​សិន។

ភាគី​ពាក់ព័ន្ធ និង​តំណាង​កម្មករ​អះអាង​ថា ការ​ឯកភាព​សម្រេច​ឲ្យ​កម្មករ​នៅ​ក្នុង​រោងចក្រ​នេះ អាច​យក​សម្ភារៈ និង​ម៉ាស៊ីន​ដេរ​មួយ​ចំនួន​នៅ​ក្នុង​រោងចក្រ​ទៅ​លក់​ធ្វើ​ឡើង​ក្រោយ​កម្មករ​បាន​ទុក​ពេល ១​សប្ដាហ៍​ឲ្យ​ថៅកែ​រោងចក្រ​ដែល​ជា​ជនជាតិ​កូរ៉េ ចេញ​មុខ​មក​ដោះស្រាយ តែ​នៅ​មិន​ព្រម​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ។

​តំណាង​កម្មករ​​រោងចក្រ​ស៊ីរ៉ាតិច ស្ថិត​ក្នុង​ភូមិ​ចម្ការឪឡឹក សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ លោក កន ភាស់ ដែល​ចូលរួម​កិច្ច​ប្រជុំ បាន​ប្រាប់​អាស៊ីសេរី​ថា ក្រោយ​កិច្ច​ប្រជុំ​បិទ​ទ្វារ​ជាង ៣​ម៉ោង នៅ​ក្រសួង​ការងារ រក​ដំណោះស្រាយ​ចុង​ក្រោយ​បាន​ឯកភាព​ឲ្យ​កម្មករ​យក​សម្ភារៈ ដូចជា​ម៉ាស៊ីនដេរ​ទៅ​លក់។ លោក​បន្ត​ថា ការ​សម្រេច​ឯកភាព​គ្នា​ចំណុច​នេះ ព្រោះ​តែ​មិន​មាន​តំណាង​ថៅកែ​រោងចក្រ​ណា​មក​ទទួល​ខុស​ត្រូវ​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគាត់​សម្រាប់​ខែ​វិច្ឆិកា​នោះ។

តំណាង​កម្មករ​រូប​នេះ​ឲ្យ​ដឹង​ថា កម្មករ​មិន​ពេញ​ចិត្ត​ចំណុច​ឯកភាព​នេះ​ទេ ប៉ុន្តែ​កម្មករ​ព្រម​យក​បណ្ដោះអាសន្ន ព្រោះ​ពួកគាត់​កំពុង​ប្រឈម​ក្នុង​ជីវភាព​ខ្វះខាត ដូចជា​គ្មាន​លុយ​បង់ថ្លៃ​ផ្ទះ​ជួល និង​ការ​ទិញ​អាហារ​ជាដើម៖ «»។


​ទន្ទឹម​គ្នា​នេះ ប្រធាន​សហជីព​មូលដ្ឋាន​ពលកម្ម​កម្ពុជា លោក អោក វេទគូ ដែល​ចូលរួម​កិច្ចប្រជុំ​ដែរ​នោះ​យល់​ថា ដំណោះស្រាយ​នេះ គ្រាន់តែ​បាន​ជួយ​កម្មករ កម្មការិនី បាន​មួយ​គ្រា​ប៉ុណ្ណោះ មិន​មែន​ជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ជូន​កម្មករ​នោះ​ឡើយ។ ហេតុ​នេះ​លោក​អំពាវនាវ​រក​អន្តរាគមន៍​ពី​អ្នក​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដល់​ពួកគាត់​ឲ្យ​បាន​ឆាប់៖ «»។

​ក្រោយ​កិច្ច​ប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ឲ្យ​កម្មករ​រោងចក្រ ស៊ីរ៉ាតិច រវាង​ក្រសួង​ការងារ សហជីព ភាគី​រោងចក្រ និង​តំណាង​កម្មករ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ភាគី​ក្រសួង​ការងារ និង​ភាគី​រោងចក្រ​នៅ​ឡើយ។

​ប៉ុន្តែ​បើ​តាម​តំណាង​សហជីព និង​តំណាង​កម្មករ ឲ្យ​ដឹង​ថា អគ្គលេខាធិការ​រង​នៃ​គណៈកម្មការ​ដោះស្រាយ​កូដកម្ម បាតុកម្ម​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺ​លោក វង្ស សុវណ្ណ ដែល​ចូលរួម​កិច្ច​ប្រជុំ​នេះ​បញ្ជាក់​ទៅ​កម្មករ​ថា ក្រសួង​នឹង​បន្ត​ស្វែង​រក​តំណាង​ថៅកែ​ឲ្យ​មក​ទទួល​ខុស​ត្រូវ​រឿង​ប្រាក់​ឈ្នួល​កម្មករ។

តំណាង​កម្មករ​នៅ​រោងចក្រ ស៊ីរ៉ាតិច ឲ្យ​ដឹង​ថា កម្មករ កម្មការិនី​ដែល​ធ្វើការ​នៅ​រោងចក្រ​ស៊ីរ៉ាតិច​នេះ មាន​ចំនួន​សរុប​ជាង ១​ពាន់​នាក់ (១.០៣១)។

ក្រុម​កម្មករ​នៅ​តែ​អំពាវនាវ​ឲ្យ​ក្រសួង​ការងារ និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ដោះស្រាយ​ទូទាត់​ប្រាក់​ឈ្នួល​ខែ​ចុង​ក្រោយ​ឲ្យ​បាន​ឆាប់។ ជាង​នេះ​ទៀត ក្រុម​កម្មករ​ក៏​ប្រកាន់​ជំហរ​បន្ត​ការ​តវ៉ា​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ រហូត​ពួកគាត់​ផ្ដល់​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ពី​ថៅកែ​រោងចក្រ៕

No comments:

Post a Comment