រដ្ឋបាលខេត្តព្រះសីហនុ កំណត់ឲ្យម្ចាស់ក្រុមហ៊ុនកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរទៅកម្សាន្តតាមកោះទាំងអស់ដែលធ្វើអាជីវកម្មក្នុងខេត្តនេះ ត្រូវបង់ថវិកា ៣ដុល្លារសហរដ្ឋអាមេរិកពីការលក់សំបុត្រជូនភ្ញៀវទេសចរមួយសន្លឹក ជូនរដ្ឋបាលខេត្ត ដើម្បីយកទៅអភិវឌ្ឍតំបន់ឆ្នេរឲ្យមានសោភណភាព។
បញ្ហានេះ ត្រូវម្ចាស់ក្រុមហ៊ុនទូកទេសចរណ៍មួយចំនួន បានរិះគន់រដ្ឋបាលខេត្តនេះពីការយកលុយ ៣ដុល្លារ ថាធ្វើឡើងតាមរបៀបផ្ដាច់ការ និងធ្វើនំអត់ម្សៅ។
ការដាក់វិធានការកំណត់ឲ្យម្ចាស់ក្រុមហ៊ុនកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរទាំងអស់ ត្រូវបង់ថវិកា ៣ដុល្លារសហរដ្ឋអាមេរិកជូនរដ្ឋបាលខេត្តព្រះសីហនុ នៅពេលនេះ តាមរយៈការចេញលិខិតចុះថ្ងៃទី២៩ ខែវិច្ឆិកា មានបោះត្រា និងចុះហត្ថលេខាលោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ។
លិខិតជូនដំណឹងនេះយោងទៅតាមស្មារតីអង្គប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដោយបានរំឭកដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់ទូកដឹកជញ្ជូនភ្ញៀវទេសចរទៅកម្សាន្តតាមកោះនានា អំពីការកំណត់តម្លៃលក់សំបុត្រជូនភ្ញៀវទេសចរ និងកំណត់ថវិកាបង់ជូនរដ្ឋបាលខេត្ត សម្រាប់ទ្រទ្រង់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ។
លិខិតចេញថ្មីរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅពេលនេះ បានចោទក្រុមហ៊ុនទូកទេសចរណ៍ដឹកភ្ញៀវចេញទៅកម្សាន្តតាមកោះនានា ថាមានភាពមិនប្រក្រតីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានដូចជា ក្រុមហ៊ុនបានបញ្ចុះតម្លៃលក់សំបុត្រជូនភ្ញៀវទាបពេក និងដណ្ដើមភ្ញៀវគ្នា បង្កឲ្យមានភាពមិនល្អ និងបង្កភាពអវិជ្ជមានក្នុងមុខរបរប្រកបអាជីវកម្ម បង្កើតជាភាពអនាធិបតេយ្យក្នុងវិជ្ជាជីវៈ ជាដើម។
ក្នុងន័យនេះ ដើម្បីឲ្យការប្រកបមុខរបរដឹកជញ្ជូនភ្ញៀវទេសចរទៅកម្សាន្តតាមកោះនានាបានល្អប្រសើរ និងមានរបៀបរៀបរយឡើងវិញ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ ៧ចំណុចជូនដល់ម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរទាំងអស់រួមមាន៖
- ត្រូវលក់សំបុត្រជូនភ្ញៀវទេសចរក្នុងម្នាក់តម្លៃ ២០ដុល្លារសហរដ្ឋអាមេរិក
- ក្រុមហ៊ុនត្រូវបង់ថ្លៃលក់សំបុត្រមួយសន្លឹកចំនួន ៣ដុល្លារជូនរដ្ឋបាលខេត្តសម្រាប់ទ្រទ្រង់ការអភិវឌ្ឍឆ្នេរសមុទ្រ
- ក្រុមហ៊ុន និងម្ចាស់ទូកដឹកភ្ញៀវទេសចរទាំងអស់ ត្រូវចងក្រងជាសមាគម
- ត្រូវរៀបចំពេលវេលាចេញដំណើរ និងពេលវេលាវិលវិញឲ្យបានច្បាស់លាស់ ឬចែកវេន និងលេខរៀងទូកកំណត់ដោយក្រុមការងារចម្រុះខេត្តព្រះសីហនុ
- ក្រុមហ៊ុន ឬសេវាករទាំងអស់ ត្រូវស្នើសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកឲ្យបានត្រឹមត្រូវនៃច្បាប់ចរាចរណ៍
- ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មណាដែលគ្មានអាជ្ញាប័ណ្ណប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹក មិនត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុទេ
- ជាងនេះ ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មណាដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយត្រូវដកហូតអាជ្ញាប័ណ្ណ ឬលុបចោលអាជ្ញាប័ណ្ណមិនឲ្យប្រកបអាជីវកម្មដឹកភ្ញៀវទេសចរតទៅទៀតទេ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ តម្រូវឲ្យក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរបង់ប្រាក់ ៣ដុល្លារថ្លៃលក់សំបុត្រ ១សន្លឹកជូនរដ្ឋបាលខេត្ត និងការតម្រូវឲ្យក្រុមហ៊ុនដឹកភ្ញៀវទេសចរទៅកម្សាន្តតាមកោះ ត្រូវដំឡើងតម្លៃលក់សំបុត្រ ដែលក្រុមហ៊ុនខ្លះបានបញ្ចុះតម្លៃជូនភ្ញៀវមកត្រឹម ១២ដុល្លារ ហើយតម្រូវឲ្យដំឡើងដល់ ២០ដុល្លារវិញ បានរងការរិះគន់ពីម្ចាស់ក្រុមហ៊ុន និងសាធារណជនទូទៅ។
នៅក្នុងលិខិតចំហមួយច្បាប់ដែលម្ចាស់ក្រុមហ៊ុនទូកទេសចរណ៍មួយចំនួន ផ្ញើជូនអ្នកយកព័ត៌មានអាស៊ីសេរី ប្រចាំខេត្តព្រះសីហនុ ឲ្យជួយផ្សព្វផ្សាយ ហើយដែលអាស៊ីសេរី ទទួលបាននៅថ្ងៃសុក្រ ទី២ ខែធ្នូ ម្ចាស់ក្រុមហ៊ុនខ្លះបានសរសេរសាររិះគន់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលកំណត់ឲ្យពួកគេបង់លុយ ៣ដុល្លារពីការលក់សំបុត្រទូកជូនភ្ញៀវទេសចរ ១សន្លឹកជូនរដ្ឋបាលខេត្ត។ ម្ចាស់ក្រុមហ៊ុនខ្លះបានប្រដូចការកំណត់យកលុយពីពួកគេ ៣ដុល្លារ ថាធ្វើឡើងតាមរបៀបផ្ដាច់ការ ឬធ្វើនំអត់ម្សៅ និងគ្មានការឯកភាពពីពួកគេនោះទេ។
ម្ចាស់ក្រុមហ៊ុនខ្លះ បានចាត់ទុកការតម្រូវរបស់រដ្ឋបាលខេត្តព្រះសីហនុ កំណត់ឲ្យក្រុមហ៊ុនទូក ឬកប៉ាល់ដឹកភ្ញៀវទេសចរ ត្រូវដំឡើងតម្លៃលក់សំបុត្រដល់ ២០ដុល្លារ និងត្រូវបង់ ៣ដុល្លារជូនរដ្ឋបាលខេត្តនេះ ថាបានអនុវត្តផ្ទុយពីគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញ។ ជាងនេះទៀត ចំពោះការកំណត់តម្លៃលក់សំបុត្រខ្ពស់ហួសហេតុពេក គឺបារម្ភខ្លាចនាំឲ្យភ្ញៀវទេសចរលែងចាប់អារម្មណ៍ធ្វើដំណើរមកទស្សនាខេត្តនេះនៅថ្ងៃអនាគត។
ត្រង់ចំណុចនេះ ម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរភាគច្រើននាខេត្តព្រះសីហនុ សំណូមពរដល់ប្រមុខដឹកនាំ ឲ្យជួយធ្វើអន្តរាគមន៍មករដ្ឋបាលខេត្តព្រះសីហនុ ដែលកំណត់ឲ្យក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរទាំងអស់ចេញទៅកម្សាន្តតាមកោះនានា តម្រូវឲ្យដំឡើងតម្លៃលក់សំបុត្រ និងជំរិតឲ្យក្រុមហ៊ុនត្រូវតែបង់ប្រាក់ ៣ដុល្លារឲ្យរដ្ឋបាលខេត្តជាដាច់ខាតនោះជាថ្មីឡើងវិញ ដើម្បីកុំឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ពិសេសកំណើនភ្ញៀវទេសចរដែលចូលមកទស្សនាខេត្តព្រះសីហនុ នាថ្ងៃខាងមុខ។
ករណីនេះ មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គម ព្រួយបារម្ភខ្លាចចំនួនភ្ញៀវទេសចរដែលនិយមទៅកម្សាន្តតាមកោះនានាក្នុងខេត្តព្រះសីហនុ មានចំនួនថយចុះ ដោយសារក្រុមហ៊ុនដំឡើងតម្លៃសំបុត្រទូកពីភ្ញៀវទេសចរ ដើម្បីយកលុយ ៣ដុល្លារបង់ជូនរដ្ឋបាលខេត្តព្រះសីហនុ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្ថិតក្នុងចំណោមមន្ត្រីសង្គមស៊ីវិលច្រើនស្ថាប័នទៀត បានបង្ហាញការព្រួយបារម្ភខ្លាចចំនួនភ្ញៀវទេសចរថយចុះ ពិសេសភ្ញៀវអន្តរជាតិដែលនិយមទៅកម្សាន្តតាមកោះនានានៅថ្ងៃខាងមុខ បន្ទាប់ពីរដ្ឋបាលខេត្តនេះតម្រូវឲ្យក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ ត្រូវបង់លុយចំនួន ៣ដុល្លារទៅឲ្យរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និងអភិរក្សធនធានតំបន់ឆ្នេរ និងកោះនានា ហើយក្រុមហ៊ុនបានដំឡើងតម្លៃលក់សំបុត្រពីភ្ញៀវទេសចរ៖ «កន្លងមកនេះ មានម្ចាស់ទូក ឬកប៉ាល់ដឹកភ្ញៀវទេសចរមួយចំនួនបានបញ្ចុះតម្លៃលក់សំបុត្រជូនភ្ញៀវទេសចរ ដើម្បីទាក់ទាញចំនួនភ្ញៀវទេសចរដែលបានថយចុះ ឲ្យងាកចូលមកទស្សនាខេត្តព្រះសីហនុ បានច្រើនឡើងវិញ។ ប៉ុន្តែឥឡូវនេះ យើងឃើញថារដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតចុះថ្ងៃទី២៩ ខែវិច្ឆិកា តម្រូវឲ្យម្ចាស់ទូកដឹកជញ្ជូនភ្ញៀវទេសចរទាំងអស់ ត្រូវតែលក់សំបុត្រជូនភ្ញៀវទេសចរដែលមកកម្សាន្តខេត្តព្រះសីហនុ ក្នុងតម្លៃ ២០ដុល្លារសហរដ្ឋអាមេរិក ដូចពីមុនឡើងវិញ ដោយមិនឲ្យមានការបញ្ចុះតម្លៃសំបុត្រជូនភ្ញៀវទេសចរទេ ក្នុងនោះ ក្រុមហ៊ុននីមួយៗត្រូវបង់ថវិកា ៣ដុល្លារជូនរដ្ឋបាលខេត្តព្រះសីហនុ។ ដូច្នេះការកំណត់តម្លៃរបស់រដ្ឋបាលខេត្តពេលនេះ ដូចជាមានតម្លៃថ្លៃពេក»។
ទាក់ទិនបញ្ហានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពន្យល់ថា ការយកលុយ ៣ដុល្លារពីការលក់សំបុត្រទូកទេសចរណ៍ ១សន្លឹកពីក្រុមហ៊ុនទូកទេសចរណ៍ នឹងមិនប៉ះពាល់ដល់កំណើនភ្ញៀវទេសចរទេ ហើយថវិកានេះ គឺទុកសម្រាប់ការងារអភិវឌ្ឍន៍តំបន់ឆ្នេរនៅលើកោះនានាឲ្យមានអនាម័យ និងមានសោភណភាព ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះបានច្រើនថែមទៀតនាថ្ងៃអនាគតទៅវិញទេ៖ «ជាគោលការណ៍រួម យើងចង់តម្រូវឲ្យម្ចាស់ទូកទេសចរណ៍ដឹកភ្ញៀវទៅកាន់កោះរ៉ុង ត្រូវបង់លុយ ៣ដុល្លារជូនរតនាគារជាតិ ដើម្បីយកទៅអភិវឌ្ឍឆ្នេរនានា ឬការពារបរិស្ថាននៅលើកោះរ៉ុងឲ្យមានសោភណភាព និងមានអនាម័យ ប្រយោជន៍ជាការទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះបានច្រើនថែមទៀតនាថ្ងៃខាងមុខ គឺមិនមែនយកលុយនេះសម្រាប់បម្រើឲ្យប្រយោជន៍បុគ្គលណាម្នាក់នោះទេ គឺទុកបម្រើឲ្យផលប្រយោជន៍រួមទាំងអស់គ្នា»។
ត្រង់ចំណុចនេះ ម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរមួយចំនួន បង្ហាញការមិនពេញចិត្តចំពោះការកំណត់របស់រដ្ឋបាលខេត្តព្រះសីហនុ និងគណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ដែលកំណត់ដាច់ខាតឲ្យពួកគេបង់លុយ ៣ដុល្លារពីការលក់សំបុត្រនេះជូនរដ្ឋបាលខេត្ត និងសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍៕
No comments:
Post a Comment