កសិករមកពី ៨ប្រទេសលើពិភពលោកប្រមាណ ១០០នាក់ ជួបសន្ទនាគ្នារយៈពេល ៥ថ្ងៃ ដែលរៀបចំឡើងនៅសណ្ឋាគារខេមរាបាត់ដំបង២ នាក្រុងបាត់ដំបង ដើម្បីផ្លាស់ប្ដូរគំនិត និងបង្កើនសាមគ្គីភាពរវាងកសិករ និងកសិករឲ្យមានភាពស្និទ្ធស្នាល និងរឹងមាំ។ ពួកគាត់រកឃើញថា បញ្ហាសំខាន់របស់កសិករខ្មែរ គឺគ្មានទីផ្សារសម្រាប់លក់កសិផល។
កម្មវិធីនេះរៀបចំឡើងដោយអង្គការសមាគមគំនិតផ្ដួចផ្ដើមនៃការផ្លាស់ប្ដូរ (ICA) សហការជាមួយអង្គការមូលនិធិសម្រាប់យុត្តិធម៌ សន្តិភាព និងអភិវឌ្ឍន៍ និងសហគមន៍កាតូលិកភូមិភាគបាត់ដំបង កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ វិច្ឆិកា។
កម្មវិធីនេះមានកសិករមកពីប្រទេសអូស្ត្រាលី កាណាដា សហគមន៍អឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា តៃវ៉ាន់ និងប្រទេសកម្ពុជា ក្នុងនោះប្រទេសខ្លះមានតំណាងចូលរួមម្នាក់ ពីរនាក់ និង ៤នាក់ជាដើម ចំណែកកសិករខ្មែរមកពីតាមបណ្ដាខេត្តប្រមាណ ៧០នាក់។
កសិករម្នាក់មកពីខេត្តសៀមរាប លោកស្រី សេង ចាន់នាង ថ្លែងក្នុងកម្មវិធីនោះថា បញ្ហាសំខាន់ដែលពួកគាត់ជួបប្រទះ គឺពិបាករកទីផ្សារលក់កសិផល។ លោកស្រីបន្ថែមថា កសិផលគ្រប់ប្រភេទ ជាពិសេសដំណាំស្រូវ និងបន្លែជាដើម នៅពេលដែលពួកគាត់ផលិតបានហើយ ត្រូវឈ្មួញបង្អាប់ និងឲ្យតម្លៃថោក ហើយលក់មិនបានចំណេញឡើយ៖ «កុំឲ្យគេនាំចូលបន្លែផ្លែឈើមកកម្ពុជា ច្រើនពេក ព្រោះរបស់គេថោកជាងយើង។ ដល់ពេលគេនាំចូលមកច្រើន ធ្វើឲ្យទំនិញរបស់កសិករយើងលក់មិនដាច់»។
លោកស្រីសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ធ្វើឃ្លាំងស្តុកស្រូវនៅតាមមូលដ្ឋាន ដើម្បីប្រមូលទិញកសិផលរបស់ពួកគាត់ក្នុងតម្លៃសមរម្យ។
ស្រដៀងគ្នានេះដែរ កសិករមកពីស្រុកថ្មគោល ខេត្តបាត់ដំបង គឺលោក ណុប នុន ថ្លែងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនជួយរកទីផ្សារលក់កសិផលជូនពួកគាត់ទេ នឹងមិនអាចដោះស្រាយជីវភាពរបស់កសិករខ្មែរឲ្យបានប្រសើរជាងពេលបច្ចុប្បន្ននោះទេ។ លោកអះអាងថា នៅពេលប្រមូលស្រូវ ស្ទើរតែរៀងរាល់ឆ្នាំ គឺតែងតែជួបការលំបាកអំពីតម្លៃស្រូវចុះថោកជាប្រចាំ។ លោកបន្ថែមថា ក្រោយពីបានចូលរួមក្នុងកម្មវិធីសន្ទនារវាងកសិករពិភពលោកហើយ នឹងធ្វើឲ្យលោកមានភាពក្លាហានហ៊ាននិយាយពីទុក្ខលំបាករបស់ខ្លួនឲ្យអ្នកដទៃបានដឹង និងជួយរកវិធីដោះស្រាយឲ្យបានឆាប់រហ័ស៖ «ព្រោះទី១ ខ្ញុំបានឃើញអ្វីដែលថ្មី ដែលខ្ញុំគិតថានៅតំបន់ខ្ញុំធ្វើរាល់ដង ដូចជាធំអស្ចារ្យ តែតាមពិតទៅគេជឿនលឿនជាងយើងច្រើនណាស់»។
ទាក់ទងនឹងបញ្ហានេះ កសិករមកពីតាមប្រទេសផ្សេងៗ ភាគច្រើនជំរុញឲ្យកសិករខ្មែរត្រូវចេះច្នៃប្រឌិតកសិផលឲ្យមានគុណភាពល្អ ហើយមិនត្រូវដាំដំណាំដូចគ្នាក្នុងរដូវតែមួយច្រើនលើសលប់ ដែលនាំឲ្យតម្លៃចុះថោក និងលក់មិនបានប្រាក់ចំណេញ។
ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា គឺគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក លោក ប៉ុល ហំម មានប្រសាសន៍ថា ដើម្បីប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិបាន គឺកសិករត្រូវពង្រឹងគុណភាពកសិផលរបស់ខ្លួនឲ្យមានគុណភាពខ្ពស់ ដូចជាការជ្រើសពូជស្រូវដែលមានតម្រូវការនៅលើទីផ្សារជាដើម។ លោកអះអាងថា បញ្ហាមួយទៀតដែលកសិករលក់ស្រូវមិនបានចំណេញ ដោយសារជីដាក់ស្រូវរបស់ពួកគាត់ ភាគច្រើននាំចូលពីក្រៅប្រទេស និងមានតម្លៃខ្ពស់៖ «កុំថាឡើយខេត្តដែលធ្វើស្រែច្រើនដូចជានៅខេត្តបាត់ដំបង តាកែវ និងព្រៃវែង នោះ។ ខ្ញុំទៅធ្វើទស្សនកិច្ចខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ខ្ញុំមិននឹកស្មានថាមានកសិករមកតវ៉ាពីការរកទីផ្សារមិនបានទេ។ ឥឡូវនេះនៅខេត្តកំពង់ធំ ស្រូវច្រូតហើយ តែអត់មានអ្នកណាទិញទេ គឺទុកឲ្យសល់សិនបានគេទម្លាក់តម្លៃតាមក្រោយ»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរា មានប្រសាសន៍ថា កន្លងទៅ កសិករពុំមែនខ្វះទីផ្សារលក់កសិផលរបស់ពួកគាត់នោះទេ។ លោកអះអាងថា រឿងកសិផលចុះថោក ជាពិសេសស្រូវតែម្ដង គឺចុះទៅតាមតម្លៃទីផ្សារពិភពលោក៖ «សំខាន់គឺកែប្រែទម្លាប់ឲ្យគាត់ គឺឲ្យគាត់បញ្ចុះថ្លៃដើមផលិត ព្រោះឆ្នាំនេះទិន្នផលកើនឡើងច្រើន ហើយផលចំណេញរបស់គាត់ គឺនៅតែមានអ៊ីចឹង។ នៅពេលគាត់បញ្ចុះថ្លៃដើមអ៊ីចឹងទៅ គាត់លក់បានចំណេញច្រើន»។
ទោះបីជាយ៉ាងនេះក្ដី ប្រធានអង្គការសមាគមគំនិតផ្ដួចផ្ដើមនៃការផ្លាស់ប្ដូរ អ្នកស្រី ស្រឿន ដានី មានប្រសាសន៍ថា ក្រោយពីបញ្ចប់ការសន្ទនារបស់កសិករពិភពលោករយៈពេល ៥ថ្ងៃ រកឃើញថា បញ្ហាសំខាន់ដែលកសិករខ្មែរលក់កសិផលមិនបានប្រាក់ចំណេញមាន ៣យ៉ាង គឺបញ្ហាគ្មានទីផ្សារលក់កសិផល ខ្វះព័ត៌មានផ្នែកកសិកម្មឲ្យបានទូលំទូលាយដល់កសិករ ដើម្បីឲ្យពួកគាត់ជ្រើសយកមុខដំណាំ និងការបង្រៀនកសិករឲ្យចេះដាំដុះទៅតាមតម្រូវការទីផ្សារ។ បញ្ហាចុងក្រោយ គឺគ្មានអ្នកចាំសម្រួលទិញកសិផលដែលកសិករផលិតបាន ដើម្បីយកទៅលក់បន្ត ជាដើម៖ «អ៊ីចឹងដើម្បីពង្រឹងទីផ្សារកសិកម្មគាត់នោះ ថាតើអ្នកណាជាអ្នកពាក់ព័ន្ធខ្លះដែលអាចចូលរួមដោះស្រាយបាន? ខ្ញុំជឿថា មានច្រើនភាគីដែលជាអ្នកទទួលខុសត្រូវនោះ ដូចជាក្រសួងសេដ្ឋកិច្ច និងក្រសួងកសិកម្ម ជាដើម នឹងអាចជួយពួកគាត់បាន»។
អ្នកស្រីបន្ថែមថា នេះគឺជាលើកទីមួយហើយដែលកសិករខ្មែរបានសន្ទនាជាមួយកសិករមកពីបណ្ដាប្រទេសជឿនលឿននៅក្នុងពិភពលោក។ អ្នកស្រីអះអាងថា កន្លងទៅ កម្មវិធីនេះតែងតែរៀបចំនៅប្រទេសដែលមានកិច្ចសហការគ្នាជាមួយអង្គការ ដោយផ្លាស់ប្ដូរគ្នាពីប្រទេសមួយទៅប្រទេសមួយជាបន្តបន្ទាប់។
អ្នកស្រីមានក្ដីរំពឹងថា កសិករដែលបានចូលរួមក្នុងកម្មវិធីនេះ ពួកគាត់នឹងទទួលបានចំណេះដឹងថ្មីពីកសិករពិភពលោក និងពីវាគ្មិនដែលបានបកស្រាយពន្យល់ ដើម្បីយកទៅកែច្នៃការដាំដុះរបស់ពួកគាត់បានប្រសើរឡើង៕
No comments:
Post a Comment