Sunday, December 4, 2016

សិស្ស​មួយ​ចំនួន​នៅ​ភ្នំពេញ​ចំណាយ​ថវិកា​ប្រហែល​៦០​ដុល្លារ​ក្នុង​១​ខែ​រៀន​គួរ​ក្រៅ​ម៉ោង


បេក្ខ​ជន​កំពុង​មើល​លទ្ធផល នៅ​វិទ្យាល័យជាស៊ីម សាមគ្គី រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០១៤។ RFA/Oung Sereyvuth



សិស្ស​នៅ​តាម​វិទ្យាល័យ​មួយ​ចំនួន​នៅ​ភ្នំពេញ អះអាង​ថា ពួក​គេ​ត្រូវ​ចំណាយ​លុយ​ប្រហែល ៥០ ទៅ ៦០​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​រៀន​គួរ​ក្រៅ​ម៉ោង។ ពួក​គេ​លើក​ឡើង​ថា ការ​រៀន​គួរ​បន្ថែម​ជា​ឱកាស​ទទួល​បាន​ការ​ពន្យល់​ក្បោះក្បាយ​ពី​គ្រូ ជាង​ម៉ោង​រៀន​រដ្ឋ។ តែ​បញ្ហា​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា គឺ​ជា​កត្តា​ធ្វើ​ឲ្យ​មាន​ភាព​អយុត្តិធម៌​ជុំវិញ​បញ្ហា​ទទួល​បាន​ការ​អប់រំ​រវាង​កូន​អ្នក​មាន និង​កូន​អ្នក​ក្រ។

សិស្ស​នៅ​តាម​វិទ្យាល័យ​មួយ​ចំនួន​នៅ​ភ្នំពេញ អះអាង​ថា ការ​ចំណាយ​លុយ​ដើម្បី​រៀន​គួរ​ក្រៅ​ម៉ោង​បន្ថែម ពុំ​មែន​ជា​ការ​បង្ខិតបង្ខំ​ពី​គ្រូបង្រៀន​ទេ ប៉ុន្តែ​ពួក​គេ​អាច​នឹង​ត្រូវ​រើសអើង ឬ​ពុំ​ត្រូវ​បាន​គ្រូ​យក​ចិត្ត​ទុក​ដាក់ ប្រសិន​បើ​ពួក​គេ​មិន​ព្រម​ចំណាយ​ប្រាក់​ទៅ​រៀន​បន្ថែម។

សិស្ស​វិទ្យាល័យ​ច្បារអំពៅ សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ ប្រាប់​អាស៊ីសេរី​ថា ក្នុង​មួយ​ខែ លុយ​ដែល​ត្រូវ​ចំណាយ​លើ​ការ​រៀន​គួរ​ក្រៅ​ម៉ោង និង​មិន​គិត​អំពី​ការ​ចាយ​វាយ​ផ្សេងៗ ដូចជា​ត្រូវ​ចាក់​សាំង​ម៉ូតូ​ជាដើម គឺ​អស់​ប្រហែល ៦០ ទៅ ៧០​ដុល្លារ។ យុវជន​ដដែល​បន្ត​ថា មុខវិជ្ជា​ដែល​ត្រូវ​រៀន​គួរ​ក្រៅ​ម៉ោង គឺ​មាន​ដូចជា ជីវវិទ្យា គីមីវិទ្យា គណិតវិទ្យា និង​ភាសា​ខ្មែរ​ជាដើម។ សិស្ស​ម្នាក់​នេះ​អះអាង​ថា ការ​រៀន​គួរ​ក្រៅ​ម៉ោង មិន​មាន​ការ​បង្ខិតបង្ខំ​ពី​គ្រូ​ឡើយ និង​ជា​ការ​កើត​ឡើង​ពី​ការ​ស្ម័គ្រ​ចិត្ត​របស់​សិស្ស ប៉ុន្តែ​ធ្លាប់​មាន​ករណី​ខ្លះ រូប​គេ​ត្រូវ​បាន​គ្រូ​ប្រចាំ​ថ្នាក់​ដាក់​កិច្ចការ​សាលា​ឲ្យ​ធ្វើ​មិន​សម​ហេតុផល និង​រហូត​គ្រូ​បណ្ដេញ​ចេញ​ពី​ថ្នាក់​ក៏​មាន ដោយសារ​រូប​គេ​ពុំ​បាន​រៀន​គួរ​ក្រៅ​ម៉ោង​ជាមួយ​គ្រូ​របស់​ខ្លួន ហើយ​ទៅ​រៀន​ជាមួយ​គ្រូ​ផ្សេង​ទៀត៖ «ជួនកាល​គាត់​ដេញ​យើង​ចេញ​ពី​ថ្នាក់​ទៀត ដោយសារ​យើង​អត់​រៀន​គួរ​ជាមួយ​គាត់ ហើយ​សិស្ស​បាន​រៀន​គួរ​ជាមួយ​គាត់​វិញ គេ​ដឹង​មេ​រៀន​មុន»។

កំពុង​អង្គុយ​រង់ចាំ​ទទួល​កូន​ស្រី​ចេញ​ពី​វិទ្យាល័យ​ច្បារអំពៅ ហើយ​ឆ្លៀត​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ដោយ​មិន​ចង់​ប្រាប់​ឈ្មោះ បុរស​ម្នាក់​នេះ​រៀបរាប់​ថា កូន​ស្រី​របស់​លោក​ចាប់​តាំង​ពី​រៀន​នៅ​វិទ្យាល័យ​មក គឺ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ចំណាយ​ប្រាក់​អស់​ជិត ២​ម៉ឺន​រៀល ព្រោះ​កូន​អះអាង​ថា ប្រាក់​ទាំងនោះ ភាគច្រើន​ត្រូវ​ចំណាយ​លើ​រៀន​គួរ​ក្រៅ​ម៉ោង និង​សល់​តិចតួច​សម្រាប់​ទិញ​នំ​ចំណី​បរិភោគ​ពេល​ចេញ​លេង៖ «ចំណាយ​អស់​ច្រើន​ដែរ ជួនកាល ២​ម៉ឺន ជួន​ជាង ១​ម៉ឺន ដើម្បី​ឲ្យ​កូន​យក​ទៅ​បង់​ថ្លៃ​សាលា ថ្លៃ​រៀន​គួរ»។

បុរស​ម្នាក់​នេះ​បញ្ជាក់​ថា រាល់​ថ្ងៃ​ខិតខំ​រក​ប្រាក់​ទាំង​លំបាក ដើម្បី​ផ្គត់ផ្គង់​ការ​សិក្សា​កូន ហើយ​ជួនកាល​ស្ទើរ​មិន​គ្រប់គ្រាន់​ផង តែ​ដើម្បី​អនាគត​កូន​ស្រី លោក​ត្រូវ​តែ​ពុះពារ​បន្ត​ទៅ​ទៀត។

មិន​ខុស​គ្នា​នេះ សិស្ស​ខ្លះ​នៅ​ក្នុង​សាលា​ព្រែកឯង ខណ្ឌ​ច្បារអំពៅ ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ ហើយ​សិស្ស​ខ្លះ​ទៀត​អះអាង​ថា ក្នុង​មួយ​មុខវិជ្ជា​នៃ​ការ​រៀន​គួរ​ក្រៅ​ម៉ោង​រយៈពេល​មួយ​ខែ ត្រូវ​ចំណាយ​ឲ្យ​គ្រូ​ប្រហែល ៣​ម៉ឺន​រៀល ហើយ​បើ​ករណី​ខ្លះ សិស្ស​ដែល​មិន​បាន​រៀន​គួរ​ក្រៅ​ម៉ោង គឺ​សិស្ស​នោះ​មិន​អាច​ទទួល​បាន​ចំណេះ​ដឹង​គ្រប់​ជ្រុងជ្រោយ​ដូច​សិស្ស​បាន​រៀន​គួរ​ក្រៅ​ម៉ោង​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នាយក​វិទ្យាល័យ​ព្រែកឯង លោក ប៉ាង វិសុទ្ធ អះអាង​ថា សាលា​របស់​លោក​ពិត​ជា​មាន​ការ​បើក​រៀន​គួរ​ក្រៅ​ម៉ោង​មែន តែ​ករណី​នេះ​គឺ​ទាល់​តែ​មាន​ការ​ឯកភាព​គ្នា​រវាង​គ្រូ​ជាមួយ សិស្ស និង​អាណាព្យាបាល​សិស្ស។ លោក​នាយក​សាលា​រូប​នេះ​បញ្ជាក់​ថា បើ​សិន​ជា​មាន​ករណី​បង្ខំ​សិស្ស​ឲ្យ​រៀន​គួរ​ក្រៅ​ម៉ោង​បន្ថែម ឬ​ក៏​មាន​ករណី​មិន​ប្រក្រតី​ផ្សេង​ទៀត ដូចជា​សិស្ស​មិន​បាន​រៀន​គួរ ហើយ​ត្រូវ​គ្រូ​បង្ខំ​ឲ្យ​ធ្វើ​កិច្ចការ​មិន​ស្មើ​ភាព​គ្នា​ជាមួយ​សិស្ស​រៀន​គួរ លោក​នឹង​កោះ​ប្រជុំ​ភ្លាម៖ «អ៊ីចឹង​ជានិច្ចកាល ខ្ញុំ​តែង​ផ្សព្វផ្សាយ​ប្រាប់​គ្រូ​មិន​ឲ្យ​បង្ខំ​កូន​សិស្ស​រៀន​គួរ​ទេ តែ​បើ​សិន​សិស្ស​ណា​រៀន​ខ្សោយ និង​មាន​លទ្ធភាព គួរ​តែ​គ្រូបង្រៀន​បាន»។

ទោះ​ជា​បែប​ណា​ក្ដី សិស្ស​វិទ្យាល័យ​ទួល​ទំពូង ឈ្មោះ ស៊ូ សំរិទ្ធកោដិ ដែល​ត្រៀម​ខ្លួន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​ក្រោយ អះអាង​ថា រូប​គេ​គាំទ្រ​ឲ្យ​មាន​ការ​រៀន​គួរ​ក្រៅ​ម៉ោង​បន្ថែម បើ​ទោះ​ជា​ត្រូវ​ចំណាយ​លុយ​អស់​ប្រហែល ៥០​ដុល្លារ​ក្នុង​មួយ​ខែ​ក្ដី។ សិស្ស​ម្នាក់​នេះ​បញ្ជាក់​ថា ការ​សិក្សា​ក្រៅ​ម៉ោង​បន្ថែម ធ្វើ​ឲ្យ​រូប​គេ​ទទួល​បាន​ចំណេះ​ដឹង​នូវ​មេរៀន​ខ្លះ​ដែល​មិន​ទាន់​យល់​ច្បាស់​ក្នុង​ម៉ោង​រដ្ឋ៖ «ត្រូវ​តែ​មាន​ការ​រៀន​គួរ ព្រោះ​មុខវិជ្ជា​ខ្លះ​ដែល​លំបាក ដូចជា​គណិតវិទ្យា គីមីវិទ្យា និង​រូបវិទ្យា ជាដើម ត្រូវ​តែ​មាន​ការ​រៀន​គួរ»។

ជុំវិញ​បញ្ហា​នេះ អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ ធ្នូ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ការ​ចំណាយ​របស់​សិស្ស​ប្រហែល ៦០​ដុល្លារ​ក្នុង​មួយ​ខែ​លើ​ការ​រៀន​គួរ​ក្រៅ​ម៉ោង គឺ​ជា​ភាព​អយុត្តិធម៌​រវាង​កូន​អ្នក​ក្រ និង​អ្នក​មាន ហើយ​ក៏​ជា​កត្តា​ធ្វើ​ឲ្យ​កូន​សិស្ស​ក្រីក្រ អាច​បោះបង់​ការ​សិក្សា​ចោល​ផង​ដែរ។ លើស​ពី​នេះ វា​ក៏​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​អាណាព្យាបាល​សិស្ស ជំរុញ​ឲ្យ​កូន​របស់​ខ្លួន​ឈប់​ពី​សាលា​រៀន​រដ្ឋ រួច​ហើយ​ទៅ​សិក្សា​នៅ​សាលា​ឯកជន​វិញ៖ «អត់​ប៉ះពាល់​អ្នក​មាន​ទេ ព្រោះ​អ្នក​មាន​គេ​អាច​ឲ្យ​កូន​គេ​ទៅ​រៀន​នៅ​សាលា​ឯកជន​បាន។ តែ​បើ​សិស្ស​រៀន​ពូកែ តែ​គ្មាន​លទ្ធភាព​រៀន​គួរ ពួក​គេ​នឹង​ប៉ះពាល់​ដោយសារ​គ្រូ​មិន​បាន​បង្រៀន​ក្បោះក្បាយ​ក្នុង​ម៉ោង​រដ្ឋ ហើយ​បង្រៀន​ពន្យល់​ក្បោះក្បាយ​ក្នុង​ម៉ោង​រៀន​គួរ»។

លោក សន ជ័យ គាំទ្រ​ឲ្យ​ការ​រៀន​គួរ គួរ​តែ​ក្លាយ​ជា​ជម្រើស និង​មិន​មែន​ជា​ការ​ចាប់​បង្ខំ​សិស្ស​ឲ្យ​រៀន​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ការ​រៀន​គួរ​ក្រៅ​ម៉ោង គួរ​តែ​អនុញ្ញាត​ឲ្យ​សិស្ស​ដែល​កត់​សម្គាល់​ជា​រឿយៗ​ថា មិន​សូវ​វ័យ​ឆ្លាត និង​រៀន​ខ្សោយ​ជាង​គេ​នៅ​ក្នុង​ថ្នាក់​រៀន ហើយ​ត្រូវ​ទទួល​បាន​ការ​ពន្យល់​បន្ថែម​ទៀត​ពី​គ្រូ។ លោក​អះអាង​ថា បញ្ហា​គ្រូបង្រៀន​ក្រៅ​ម៉ោង​ដើម្បី​ទទួល​លុយ​កាក់​ពី​សិស្ស អាច​ជា​មូលហេតុ​ដោយសារ​គ្រូ​មាន​ប្រាក់​ខែ​មិន​គ្រប់​ផង​ដែរ ស្រប​ពេល​នៅ​ជនបទ​ក៏​កើត​មាន​បញ្ហា​ដូច​គ្នា ដូច្នោះ​លោក​អំពាវនាវ​ថ្នាក់​គ្រប់គ្រង​សាលា​ទាំងអស់ គួរ​តែ​តាមដាន​រឿង​នេះ​ឲ្យ​ដិតដល់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​បង្ខំ​សិស្ស​រៀន​គួរ​ក្រៅ​ម៉ោង ជា​ថ្នូរ​ទទួល​លុយ​កាក់​ច្រើន​ពី​សិស្ស៕

No comments:

Post a Comment