Sunday, December 4, 2016

ពលរដ្ឋ​ខេត្ត​កំពង់ចាម​បារម្ភ​បាត់បង់​ពូជ​ត្រី​ដោយសារ​បទល្មើស​នេសាទ​ដោយ​អួន​ឆក់​ត្រជាក់


ក្រុម​អ្នក​នេសាទ​កំពុង​អូស​អួន​នៅ​តាម​ដង​ទន្លេ​មេគង្គ ចំណុច​ភូមិសាស្ត្រ​ឃុំ​រកាអារ ស្រុក​កងមាស ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna


ប្រជាពលរដ្ឋ​នៅ​ជាប់​បឹង​ធំ ក្នុង​ស្រុក​ព្រៃឈរ និង​ពលរដ្ឋ​រស់នៅ​ស្រុក​កងមាស ខេត្ត​កំពង់ចាម ព្រួយ​បារម្ភ​ចំពោះ​ករណី​បទល្មើស​នេសាទ ពិសេស​អួន​ឆក់​ត្រជាក់​ដែល​ជា​ប្រភេទ​ឧបករណ៍​ទើប​នឹង​បង្កើត​ថ្មី កំពុង​កើត​មាន​ឡើង​ដោយ​គ្មាន​ការ​ទប់ស្កាត់។ ពលរដ្ឋ​ថា​ឧបករណ៍​ប្រភេទ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពូជ​ត្រី​កាន់​តែ​ខ្លាំង​ឡើង ពិសេស​ត្រី​តូចៗ​ជាដើម។ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​អះអាង​ថា ពួក​គេ​នឹង​ចាត់​មន្ត្រី​ឲ្យ​ចុះ​ពិនិត្យ​មើល​ជុំវិញ​បញ្ហា​នេះ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​កងមាស អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែនដី ព្រម​ទាំង​មន្ត្រី​ជំនាញ ជួយ​អន្តរាគមន៍​ករណី​បទល្មើស​នេសាទ​ផ្សេងៗ ពិសេស​អួន​ឆក់​ត្រជាក់​ដែល​កំពុង​កើត​មាន​ក្នុង​មូលដ្ឋាន​ពួក​គាត់​រស់នៅ។

ការ​ស្នើ​នេះ ពីព្រោះ​ពួក​គាត់​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​ពូជ​ត្រី​នៅ​ថ្ងៃ​ខាង​មុខ ប្រសិន​បើ​ឧបករណ៍​ទាំងនោះ​បន្ត​មាន​វត្តមាន​នៅ​ក្នុង​បឹង ឬ​ទន្លេ​ទៀត​នោះ។

ពលរដ្ឋ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ មួយ​រូប លោក រ៉ែន រ៉ាន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ធ្នូ ថា បទល្មើស​នេសាទ​នៅ​ក្នុង​បឹង​ធំ មាន​ដូចជា​លូ​ស្បៃ​មុង ឆក់ និង​អួន​ឆក់​ត្រជាក់​ជាដើម។ លោក​ថា បទល្មើស​ឆក់​ត្រជាក់​នៅ​ទូទាំង​បឹង អាច​មាន ៦​វង់ ហើយ​ពួក​គេ​ធ្វើ​សកម្មភាព​ទាំង​ថ្ងៃ​ទាំង​យប់។ លោក​ជឿ​ថា ប្រសិន​បើ​មិន​មាន​វិធានការ​ទប់ស្កាត់​ទេ ពូជ​ត្រី​ជាច្រើន​ប្រភេទ នឹង​ត្រូវ​វិនាស​ជា​មិន​ខាន៖ «ពីព្រោះ​វា​អា​នេះ​ឆក់​មក គឺ​វា​យក​តាំង​ពី​ត្រី​តូចៗ​បំផុត ក៏​មក​ទាំងអស់»។

បឹង​ធំ​ជា​បឹង​មួយ​ដែល​មាន​ទំហំ​ទទឹង​ប្រមាណ ៤​គីឡូម៉ែត្រ និង​បណ្តោយ​ប្រមាណ ៨​គីឡូម៉ែត្រ ជាប់​ស្រុក​ចំនួន​បី​នៅ​ក្នុង​ខេត្ត​កំពង់ចាម រួម​មាន​ស្រុក​កងមាស ស្រុក​កំពង់សៀម និង​ស្រុក​ព្រៃឈរ។ បឹង​នេះ គឺ​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​រាប់​រយ​គ្រួសារ ដែល​រស់​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ។

ពលរដ្ឋ​អះអាង​ថា បទល្មើស​ឆក់​ត្រជាក់​នេះ​មិន​ត្រឹម​តែ​កើត​មាន​នៅ​តាម​តំបន់​បឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​តាម​ដង​ទន្លេ​មេគង្គ ក៏​កើត​មាន​ដែរ។ ជាក់ស្តែង​នៅ​ក្នុង​ឃុំ​រកាអារ និង​ឃុំ​ផ្សេង​ទៀត​ក្នុង​ស្រុក​កងមាស បទល្មើស​អួន​ឆក់​ត្រជាក់ គឺ​កើត​មាន​ស្ទើរ​ជា​រៀង​រាល់​យប់។

ក្រុម​ជន​ល្មើស​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ចន្លោះ​ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ១១​យប់ ដោយ​មាន​ទូក​ម៉ាស៊ីន​ពីរ​គ្រឿង បើក​ក្បែរ​ខាង​មួយ​គ្រឿង និង​កណ្ដាល​ទន្លេ​មួយ​គ្រឿង ហើយ​មាន​ភ្លើង​បំភ្លឺ​ចម្ងាយ​ពី​ទូក​ប្រមាណ ៥០ ទៅ ១០០​ម៉ែត្រ ដើម្បី​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​ឆក់​របស់​ពួក​គេ។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម លោក អ៊ុក ណារិន មាន​ប្រសាសន៍​ថា បទល្មើស​អួន​ត្រជាក់​នៅ​តំបន់​ទាំងនោះ មន្ត្រី​ជំនាញ​ធ្លាប់​បង្ក្រាប​បាន​កាល​ពី​ពេល​កន្លង​ទៅ ហើយ​លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ​ពិនិត្យ​មើល​តំបន់​នោះ​បន្ថែម​ទៀត។ លោក​អះអាង​ថា បទល្មើស​អូស​អួន​ប្រវែង​លើស​ពី ៥០​ម៉ែត្រ ប្រើ​ម៉ាស៊ីន​កម្លាំង​លើស ១០​សេស នៅ​តាម​ដង​ទន្លេ​មេគង្គ ដែល​ច្បាប់​ហាមឃាត់ គឺ​មិន​មាន​ទេ៖ «បង​ចាំ​មើល ខ្ញុំ​នឹង​ឲ្យ​មន្ត្រី​ផ្នែក​ចុះ​ទៅ​តាម​ចាប់​ណា៎ ប៉ុន្តែ​កន្លង​មក​កន្លែង​ហ្នុង​ក៏​យើង​ធ្លាប់​ចាប់​បាន​ដែរ»។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ដដែល​បញ្ជាក់​ថា គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០១៦ មន្ត្រី​ជំនាញ​បាន​បង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​ជាង ១០០​ករណី។ ចំនួន​នេះ គឺ​ថយ​ចុះ​ជាង ១០០​ករណី បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ដែល​មាន​រហូត​ដល់​ជាង ៣០០​ករណី។ បន្ថែម​ពី​នេះ មន្ត្រី​ជលផល​បាន​បំផ្លាញ​វត្ថុ​តាង​បទល្មើស​នេសាទ​មួយ​ចំនួន និង​លែង​កូន​ត្រី​ចម្រុះ​ជាង ៨​ពាន់​គីឡូក្រាម។ ក្រៅ​ពី​នេះ ខាង​លោក​បាន​បញ្ជូន​ជន​សង្ស័យ​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ទៅ​តុលាការ​ចំនួន ៤​នាក់​ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា មូលហេតុ​បទល្មើស​នេសាទ​ថយ​ចុះ គឺ​ដោយសារ​ពលរដ្ឋ​ចាប់​ផ្ដើម​យល់​ដឹង​ច្រើន​អំពី​សារសំខាន់​នៃ​ធនធាន​ជលផល និង​ផល​ប៉ះពាល់​នៃ​ការ​នេសាទ​ខុស​ច្បាប់ ព្រម​ទាំង​ត្រី​នៅ​ឆ្នាំ​នេះ​មិន​សូវ​សម្បូរ​ផង។

យ៉ាង​នេះ​ក្តី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​រូប​នេះ ប្ដេជ្ញា​ខិតខំ​អប់រំ​ប្រជាពលរដ្ឋ ពង្រឹង​ប្រជា​សហគមន៍​នេសាទ​នៅ​ក្នុង​ខេត្ត​បន្ថែម​ទៀត។ លើស​ពី​នេះ នឹង​បន្ត​ចុះ​បង្ក្រាប ឬ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​គ្រប់​ប្រភេទ​ទៀត​ផង។

ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា​៩៨ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដាក់​ពន្ធនាគារ​ពី ៣​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​រឹប​អូស​យក​វត្ថុ​តាង​ទាំងអស់​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំងនោះ​រួម​មាន កាប់​ឆ្ការ ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង បង្ក​ឲ្យ​ភ្លើង​ឆេះ ឬ​ដុត​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង នេសាទ​ដោយ​ឧបករណ៍​ឆក់ គ្រឿង​ផ្ទុះ និង​សារធាតុ​ពុល​គ្រប់​ប្រភេទ​ក្នុង​ដែន​នេសាទ នេសាទ​ដោយ​ឧបករណ៍​ទំនើប ឬ​ឧបករណ៍​ដែល​បង្កើត​ឡើង​ថ្មី ឬ​របៀប​នេសាទ​បែប​ថ្មី ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​មច្ឆជាតិ ឬ​ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី​ជលផល ជាដើម៕

No comments:

Post a Comment