Sunday, December 25, 2016

ក្រសួង​មហាផ្ទៃ​បើក​ការ​ស៊ើប​អង្កេត​ករណី​អ្នក​ប្រើ​ហ្វេសប៊ុក​កាត់​ត​រូប​ប្រមាថ​ព្រះមហាក្សត្រ

ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ក្នុង​ពេល​ព្រះអង្គ​យាង​ចូល​រួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​២០១៦ នា​វិមាន​ឯករាជ្យ។ RFA/Brach Chev



ករណី​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) កាត់​ត​រូបភាព​ដែល​ជា​ការ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ កំពុង​ស្ថិត​ក្នុង​ដៃ​សមត្ថកិច្ច​ជំនាញ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ហើយ។ ចំណែក​អ្នក​វិភាគ និង​សង្គម​ស៊ីវិល គាំទ្រ​ការ​ប្រកាស​ចំណាត់​ការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ  លោក ខៀវ សុភ័គ ប្រាប់​ឲ្យ​ដឹង​ថា ពេល​នេះ​ក្រុម​ជំនាញ​ផ្នែក​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួង​មហាផ្ទៃ ស្រាវជ្រាវ​រក​ម្ចាស់​គណនី​ហ្វេសប៊ុក ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​លោក​មិន​ទាន់​ឲ្យ​ដឹង​ពី​តម្រុយ​នៃ​ការ​ស្រាវជ្រាវ​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា នៅ​ពេល​ចាប់​បាន​ជន​ប្រព្រឹត្ត សមត្ថកិច្ច​នឹង​បញ្ជាក់​លំអិត​លើ​ករណី​នេះ៖ «ជា​ទស្សនៈ​ខ្ញុំ​នោះ ខ្ញុំ​នៅ​មាន​ភាព​មន្ទិល​ច្រើន​ចំពោះ​ការ​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច ដោយសារ​តែ​កន្លង​មក​រដ្ឋាភិបាល​ច្រើន​តែ​ចាត់​ការ​រឿង​ដែល​ពាក់ព័ន្ធ​នយោបាយ ជា​ជាង​ការ​ការពារ​ស្ថាប័ន និង​ការ​ការពារ​មុខមាត់​របស់​កម្ពុជា»។

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ម្នាក់ ដែល​មាន​គណនី​សរសេរ​ឈ្មោះ​ជា​អក្សរ​ថៃ បាន​បង្ហោះ​រូប​កាត់​ត​មួយ​សន្លឹក​ដាក់​រូប​ព្រះ​ភក្ត្រ​របស់​ព្រះបាទ នរោត្តម សីហមុនី ដែល​ជា​រូបភាព​អាក្រាត​ព្រះ​កាយ។

ចំណែក​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា បង្ហាញ​ការ​សង្ស័យ​ថា ការ​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច​អាច​ពុំ​សូវ​មាន​ប្រសិទ្ធភាព  ព្រោះ​តាម​ការ​សង្កេត​របស់​លោក​កន្លង​មក ក្នុង​ករណី​មាន​ការ​ប្រមាថ​ស្ថាប័ន​របស់​រដ្ឋ ឬ​ការ​គំរាម​មន្ត្រី​​បក្ស​ប្រឆាំង ការ​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច​ដើម្បី​ស្រាវជ្រាវ​រឿង​នោះ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ទេ ប៉ុន្តែ​បើ​មាន​ការ​ប្រមាថ​ដល់​អ្នក​នយោបាយ​មក​ពី​សំណាក់​បក្ស​កាន់​អំណាច គឺ​សមត្ថកិច្ច​ចាត់​ការ​បាន​លឿន ហើយ​មាន​ប្រសិទ្ធភាព​ថែម​ទៀង​ផង៖ «ឃើញ​ថា មាន​ឆក​ល្វែង​ដែរ​ចំពោះ​ច្បាប់ ព្រោះ​ថា ច្បាប់​ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​ប៉ះពាល់​បាន ប៉ុន្តែ​អត់​មាន​ចែង​អំពី​បទល្មើស​អី​ណា​មួយ​ក្នុង​រំលោភ​បំពាន ឬ​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ»។

មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។ ប៉ុន្តែ​ច្បាប់​កំពូល​មួយ​នេះ មិន​បាន​ចែង​ពី​ការ​ដាក់​ទោសទណ្ឌ​នរណា​ដែល​រំលោភ​បំពាន​អង្គ​ព្រះមហាក្សត្រ​ឡើយ សូម្បី​តែ​ក្រម​ព្រហ្មទណ្ឌ​ក៏​គ្មាន​មាត្រា​ណា​មួយ​ចែង​ដាក់​ទោស​លើ​បុគ្គល​ដែល​រំលោភ​បំពាន​ព្រះអង្គ​នោះ​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ស្វាគមន៍​ចំណាត់​ការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ ព្រោះ​ការ​ធ្វើ​បែប​នេះ​លើស​ពី​សេរីភាព​បញ្ចេញ​មតិ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ខណៈ​ច្បាប់​ហាម។ ប៉ុន្តែ​លោក​យល់​ថា សមត្ថកិច្ច​ពិបាក​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់ ឬ​ដាក់​ទោសទណ្ឌ​ជន​ប្រព្រឹត្ត​ព្រោះ​គ្មាន​ច្បាប់​ណា​មួយ​ចែង​ដាក់​ទោស​ជន​ដែល​រំលោភ​បំពាន​អង្គ​ព្រះមហាក្សត្រ៖ «»។

​ការ​កាត់​ត​រូបភាព​ដែល​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ។ កាល​ពី​ពេល​មុនៗ ក៏​មាន​អ្នក​ប្រើ​ហ្វេសប៊ុក ខ្លះ កាត់​ត​រូបភាព​ប្រមាថ​ព្រះអង្គ​ដែរ ប៉ុន្តែ​គេ​មិន​ឃើញ​ក្រុម​សមត្ថកិច្ច​ចេញ​វិធានការ​ឡើយ។ ប៉ុន្តែ​បើ​មាន​អ្នក​ណា​សរសេរ​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ប្រមាថ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​យូរ​ឡើយ សមត្ថកិច្ច​នឹង​ចាប់​បាន​ជន​ប្រព្រឹត្ត៕

No comments:

Post a Comment