ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចុះស្រាវជ្រាវបញ្ហាពលកម្មកុមារ ដែលបានផ្សព្វផ្សាយក្នុងរបាយការណ៍អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO)។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញភ្លាមៗនៅក្រោយរបាយការណ៍អង្គការលីកាដូ លើកឡើងថា ក្រសួងចាត់វិធានការបន្ទាន់ ដើម្បីស៊ើបអង្កេតជាបន្ទាន់លើករណីនេះ។
អង្គការសិទ្ធិមនុស្សលីកាដូ ចេញផ្សាយរបាយការណ៍ថ្មីមួយនៅថ្ងៃទី២ ខែធ្នូ ចំទិវាអន្តរជាតិលុបបំបាត់អំពើទាសភាព។ របាយការណ៍នោះមានចំណងជើងថា ការអភិវឌ្ឍលើទាសភាព ដោយផ្ដោតលើការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ។
របាយការណ៍របស់អង្គការលីកាដូ បានរកឃើញថា ទោះបីជាមានបទដ្ឋានច្បាប់ដែលហាមឃាត់ចំពោះការបញ្ចាំខ្លួនដោះបំណុល និងប្រើប្រាស់ពលកម្មកុមារ ក៏រឿងនេះមិនត្រូវអាជ្ញាធរអើពើឡើយនៅពេលដែលវាកំពុងកើតឡើងនៅតាមសិប្បកម្មឡឥដ្ឋ។ លើសពីនេះកុមារក៏កំពុងរងផលប៉ះពាល់ផ្ទាល់ពីបញ្ហាបំណុល។
ករណីនេះក្រសួងការងារ លើកឡើងថា ក្រសួងសោកស្ដាយដែលទទួលព័ត៌មាននេះ និងអង្គការលីកាដូ ដែលមិនបានផ្ដល់ដំណឹងនៅពេលរកឃើញករណីពលកម្មកុមារនៅតាមសិប្បកម្មឡឥដ្ឋ។
ក្រសួងការងារក៏បានបញ្ជាក់ថា ក្រុមអធិការកិច្ច និងគណៈកម្មការជាតិប្រឆាំងពលកម្មកុមារ ដោយសហការជាមួយអង្គការទស្សនៈពិភពលោក និងដៃគូនានា បានចុះផ្សព្វផ្សាយ ដើម្បីដកហូតទប់ស្កាត់ពលកម្មកុមារ និងផាកពិន័យធ្ងន់ធ្ងរអ្នកប្រើប្រាស់ពលកម្មកុមាររហូតទទួលបានការសរសើរពីក្រសួងការងារសហរដ្ឋអាមេរិក ពីកិច្ចខិតខំប្រឹងប្រែងនេះ។
No comments:
Post a Comment